អានតួអត្ថបទ
កម្ពុជា

ក្រសួង​កសិកម្ម​ចាប់​ផ្ដើម​រឹត​ត្បិត​ការ​នាំ​ចូល​សាច់​សត្វ​គ្រប់​ប្រភេទ

ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ដាក់​ដេញ​ចេញ​វិធានការ​ថ្មី​ស្ដីពី​ការ​រឹត​ត្បិត​ការ​នាំ​ចូល​សត្វ និង​សាច់​សត្វ​គ្រប់​ប្រភេទ​ពី​ក្រៅ​ប្រទេស។ ជា​វិធានការ​មួយ​ដើម្បី​ជួយ​ទប់​ស្កាត់​សត្វ​មាន​ជំងឺ និង​សាច់​សត្វ​ខូច​គុណភាព​គ្រប់​ប្រភេទ​ ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​របស់​អ្នក​ប្រើ​ប្រាស់​ក្នុង​ស្រុក។

ក្រសួង​​កសិកម្ម​​ចាប់​​ផ្ដើម​​រឹត​​ត្បិត​​ការ​​នាំ​​ចូល​​សាច់​​សត្វ​​គ្រប់​​ប្រភេទ
ក្រសួង​​កសិកម្ម​​ចាប់​​ផ្ដើម​​រឹត​​ត្បិត​​ការ​​នាំ​​ចូល​​សាច់​​សត្វ​​គ្រប់​​ប្រភេទ allocine.fr/screenshot RFI
ផ្សាយពាណិជ្ជកម្ម

វិធានការ​ថ្មី​នេះ សំដៅ​ពង្រឹង​ចំពោះក្រុមហ៊ុន​ និង​អាជីវករ ដែល​ទទួល​បាន​គោលការណ៍​អនុញ្ញាត​នាំ​ចូល​សត្វ​រស់​ សាច់​សត្វ រួម​និង​ផលិត​ផល​សត្វ ដើម្បី​ផ្គត់​ផ្គង់​ទីផ្សារ​នៅ​កម្ពុជា​។ ​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​កសិកម្ម ចុះ​ថ្ងៃ​ទី ២៥​មេសា និង​ទើប​តែ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃ​នេះ បាន​បញ្ជាក់​ច្បាស់ៗ​ថា ដើម្បី​ធានា​ដល់​ការ​នាំ​ចូល​សាច់​សត្វ​ឲ្យ​មាន​គុណភាព គឺ​ក្រុម​នាំ​ចូល​សាច់​ត្រូវ​តែ​ជា​ក្រុម​ស្រប​ច្បាប់​ដែល​បាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម និង​មាន​ប័ណ្ណ​ប៉ាតង់​នៅ​មាន​សុពលភាព។

បន្ថែម​ពី​លើ​នេះ​ទៀត ត្រូវ​មាន​ទីតាំង​ប្រមូល​ផ្តុំ​សត្វ​នៅ​ចំណុច​ដើម​ទី​ និង​ចំណុច​ចុង​ទី ដែល​ទទួល​ស្គាល់​ដោយ​សមត្ថកិច្ច​ជំនាញ នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ។ ក្នុង​នោះ​ក៏​ត្រូវ​មាន​កិច្ច​សន្យា​ផ្គត់​ផ្គង់​សត្វ​រស់ ឬ សាច់​សត្វ ឬ ផលិត​ផល​សត្វ​ពី​កសិដ្ឋាន ឬ ក្រុមហ៊ុន​ស្រប​ច្បាប់ នៃ​ប្រទេស​នាំ​ចេញ។ ចុង​ក្រោយ ត្រូវ​ចុះ​កិច្ច​សន្យា​បច្ចេកទេស​ជាមួយ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​ត្រូវ​ធានា​អនុវត្ត​កិច្ច​សន្យា​នេះ ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស។

លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម ​ឲ្យ​ដឹង​ថា ការ​កំណត់​លក្ខខណ្ឌ​នេះ ដើម្បី​ពង្រឹង​ការ​គ្រប់​គ្រង​ហានិភ័យ នៃ​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​សត្វ និង​លើក​កម្ពស់​គុណភាព​សាច់​សត្វ។

ជា​ការ​កត់​សម្គាល់​ការ​នាំ​ចូល​សាច់​សត្វ​ពី​ក្រៅ​ប្រទេស​គឺ​កម្ពុជា​បាន​ប្រើ​ប្រាស់​ថវិកា​ប្រមាណ​ជា ១០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ដើម្បី​ផ្គត់​ផ្គង់​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក។ តាម​រយៈ​ការ​នាំ​ចូល​យ៉ាង​គំហុក​នេះ​ដែរ ក៏​បាន​ធ្វើ​ឲ្យ​អ្នក​ផ្គត់​ផ្គង់​ក្នុង​ស្រុក​មាន​ការ​រអ៊ូ​រទាំ​ផង​ដែរ​ថា បាន​បន្ទាប​តម្លៃ។

បើ​តាម​អ្នក​ជំនាញ បរិមាណ​ផ្គត់​ផ្គង់​សាច់​សត្វ​របស់​កម្ពុជា​សម្រាប់​តម្រូវ​ការ​ហូប​ចុក​នៅ​ក្នុង​ប្រទេស​នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ ដែល​ចាំ​បាច់​តម្រូវ​ឲ្យ​មាន​ការ​នាំ​ចូល​សាច់​សត្វ ​សត្វ​រស់ និង​ស៊ុត​ពី​ក្រៅ​ប្រទេស។ នេះ​ក៏​ព្រោះ​តែ​ សមត្ថភាព​ប្រកួត​ប្រជែង​លើ​ការ​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា នៅ​ទន់​ខ្សោយ ដោយ​សារ​ថ្លៃ​ដើម​នៃ​ការ​ចញ្ចឹម​មាន​កម្រឹត​ខ្ពស់ មិន​អាច​ប្រកួត​ជាមួយ​សាច់​សត្វ ដែល នាំ​ចូល​ពី​ក្រៅ​ប្រទេស​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ