អានតួអត្ថបទ
កម្ពុជា

ប្រធានគជប៖ ព្រះសង្ឃ​គួរ​តែ​កុំ​ធ្វើ​ជា​អ្នក​អង្កេត​ការណ៍​ចុះ​ឈ្មោះ​បោះឆ្នោត

ទោះបី​ជា​ព្រះសង្ឃ​មាន​សិទ្ធិ​ដើម្បី​ធ្វើ​ជា​អ្នក​អង្កេតការណ៍ ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ក៏​ដោយ ក៏​ លោក​ស៊ិក ប៊ុនហុក ស្នើ​សុំ​ថា​ព្រះអង្គ​មិន​គួរ​ចូលរួម​អង្កេតការណ៍ នោះ​ទេ​ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ​របស់​ព្រះពុទ្ធ​សាសនា។ ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពិធី​ដាក់​អោយ​ដំណើរ​ការ​ជា​ផ្លូវ​ការ​ ការ​ចុះឈ្មោះ​ឆ្នោត​តាម​ប្រព័ន្ធ​កំព្យូទ័រ​ឆ្នាំ ២០១៦ និង​កិច្ច​សហប្រតិបត្តិការ​រវាង គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជាមួយ​សហភាព អឺរ៉ុប និង​ជប៉ុន កាល​ពី​ថ្ងៃ ម្សិលមិញ។អត្តបទដោយ ប៉ោ គីមហុក៖

ប្រជាជន​តម្រង់ជួរ​ដើម្បី​បោះឆ្នោត​ក្នុង​ទីក្រុង​ភ្នំពេញ(រូបភាពឯកសារ)
ប្រជាជន​តម្រង់ជួរ​ដើម្បី​បោះឆ្នោត​ក្នុង​ទីក្រុង​ភ្នំពេញ(រូបភាពឯកសារ) REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

លោក សឹក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ព្រះសង្ឃ​អាច​ធ្វើ​ជា​អ្នក​អង្កេតការណ៍​ក្នុង​ការ​បោះឆ្នោត​បាន តែ​ព្រះសង្ឃ​មិន​គួរ​ចូល​រួម​ក្នុង​តួនាទី​នេះ​ទេ​ក្រោម​ហេតុផល​ថា​វា​អាច​ប៉ះពាល់​ដល់​វិស័យ​ព្រះពុទ្ធ​សាសនា បើសិន​ជា​មាន​ការ​ប្រព្រឹទ្ធ​ខុស​អ្វីមួយ។ ដើម្បី​ការពារ​ភាព​ថ្លៃថ្នូរ និង​ជា​ការ​គោរព​ដល់​ព្រះពុទ្ធ​សាសនា ព្រះសង្ឃ​គួរតែ​មិន​ចូល​រួម​ក្នុង​យុទ្ធនាការ​មួយ​នេះ​ទេ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ស៊ិក ប៊ុនហុក។

ជុំវិញ​នឹង​ការ​លើក​ឡើង​នេះ លោក សម គុណធាមី នាយក​ប្រតិបត្តិ​អង្គការ និកហ្វិក ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត បាន​អះអាង​ថា ព្រះសង្ឃ​គួរ​តែ​ចូលរួម​ធ្វើ​ជា​អ្នក​អង្កេតការណ៍​ព្រោះ​ថា​ព្រះសង្ឃ​ក៏​ជា​ប្រជាពលរដ្ឋ​ផងដែរ ហើយ​លើស​ពី​នេះ​វា​ គឺ​ជា​ការ​ប្រសើរ​សម្រាប់​លិទ្ធិ​ប្រជាធិបតេយ្យ ជា​ពិសេស​ដើម្បី​ធានា​បាន​ដំណើរ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធ៌ម។

គួរ​បញ្ជាក់​ប្រាប់​ថា មក​ទល់​នឹង​ពេល​នេះ គជប មិន​ទាន់​ទទួល​បាន​ការ​ដាក់​ពាក្យ​ស្នើ​សុំ ធ្វើ​ជា​អ្នក​អង្កេតការណ៍​ក្នុង​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឡើយ​ទេ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គជប។ ការ​បរិច្ឆេទ​នៃ​ការ​ដាក់​ពាក្យ​ជា​អ្នក​អង្កេតការណ៍​ជាតិ​នេះ និង​បន្ត​រហូត​ដល់​ថ្ងៃ​ទី ០២​ កុម្ភៈ​ ឆ្នាំ ២០១៧។ ហើយ​ដំណើរ​ការ​នៃ​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នេះ នឹង​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ ទី ០១​កញ្ញា ដល់​ថ្ងៃ​ទី ២៩ ខែ​វិច្ឆិកា ឆ្នាំ ២០១៦ នៅ​តាម​សាលា​ឃុំ សង្កាត់ និង​នៅ​តាម​ភូមិ​មួយ​ចំនួន​ក្នុង​ឃុំ​ងងសង្កាត់ ដែល​ធ្វើ​ការ​ជា​រៀង​រាល់​ថ្ងៃ ដោយ​គិត​ទាំង​ថ្ងៃ សៅរ៍ និង​ថ្ងៃ អាទិត្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ