អានតួអត្ថបទ
កម្ពុជា

គជប អាច​ពន្យា​ពេល​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឃុំ/សង្កាត់​ដល់​ខែ​សីហា ឬ​កញ្ញា

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គជប អាច​ពន្យា​ពេល​សម្រាប់​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ ២០១៧ ទៅ​ពាក់​កណ្តាល​ខែ​សីហា ឬ​ដើម​ខែ​កញ្ញា ឆ្នាំ ២០១៦​វិញ។​ យ៉ាងណា​ក៏​ដោយ គជប មិន​អាច​កំណត់​កាល​បរិច្ឆេទ​ច្បាស់លាស់ នៅ​ឡើយ​ទេ។ អ្នក​នាំពាក្យ​គជប បាន​បញ្ជាក់ថា​ នេះ​គ្រាន់​តែ​ជាការ​ប៉ាន់ស្មាន​ប៉ុណ្ណោះ ដោយសារ​ពេល​នេះ គជប កំពុង​រងចាំ​ជំនួយ​ឈុត​កុំព្យូទ័រ ចំនួន ២៤០០​គ្រឿង ពី​សហភាព​អឺរុប សម្រាប់​រៀបចំ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។

ពលរដ្ឋកម្ពុជាចេញទៅបោះឆ្នោតកាលពីអាណត្តិមុនៗ
ពលរដ្ឋកម្ពុជាចេញទៅបោះឆ្នោតកាលពីអាណត្តិមុនៗ រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

​លោក​ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គជប) បាន​ប្រាប់​វិទ្យុ​បារាំង​នៅ​ព្រឹក​ថ្ងៃ​ទី​ ៩​ឧសភា​ថា ដំណើរ​ការ​នៃ​ការ​ចុះ​ឈ្មោះអ្នក​បោះឆ្នោត ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ខែ​ឧសភា អាច​នឹង​ត្រូវ​ពន្យា​ពេល ប្រសិន​បើ​ជំនួយ​ជា​ឈុត​កុំព្យូទ័រ​របស់​សហភាព​អឺរុប នៅ​មិន​ទាន់​ត្រូវ​បាន​បញ្ជូន​មក​ដល់​ទេ​នោះ។ លោក​បាន​បញ្ជាក់​ថា កន្លង​មក សហភាព​អឺរុប បាន​សន្យា​ផ្តល់​ជំនួយ​ជា​សម្ភារៈ ដើម្បី​បម្រើ​ដល់​ភាព​ងាយ​ស្រួល​នៃ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ ដែល​គិត​ជា​ទឹក​ប្រាក់​មាន​ចំនួន ​៦​លាន​៧សែន​ដុល្លារ​អាមេរិក។

ដោយ​សារភាព​យឺតយ៉ាវ​ក្នុង​ការ​បញ្ជូន​សម្ភារៈ​មក​នេះ ទើប​គជប បាន​ប៉ាន់​ប្រមាណ ពី​លទ្ធភាព​នៃ​ការ​ពន្យា​ពេល​ដំណើរ​ការ​ចុះ​ឈ្មោះ។ យ៉ាងណា​ក៏​ដោយ លោក​ហង្ស ពុទ្ធា បញ្ជាក់​​ថា ប្រសិន​បើ​ជំនួយ​នេះ ​មក​ដល់​លឿន​ នោះ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត នឹង​ដំណើរការ​លឿន​ទៅ​តាម​នឹង​ដែរ។ អ្នក​នាំពាក្យ​គជប​រូប​នេះ ក៏​បញ្ជាក់​ថា ភាព​យឺត​យ៉ាវ​នឹង​មិន​មាន​ផល​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត​ទេ​ ព្រោះ​ក្រុម​ការងារ របស់​គណៈ​កម្មាការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​ត្រៀម​លក្ខណៈ​រួច​រាល់​ហើយ ដើម្បី​រៀប​ចំ​ដំណើរ​ការ ការបោះ​ឆ្នោត​ទូទាំង​ប្រទេស ឲ្យ​មាន​ភាព​រលូន។

លោក​គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល យល់​ថា គជប គួរ​តែ​កំណត់​កាល​បរិច្ឆេទ​នៃ​ការ​ចុះឈ្មោះ​អ្នក​បោះឆ្នោត​ឲ្យ​បាន​ច្បាស់លាស់ ទោះបី​ជា​ត្រូវ​ពន្យា​ពេល​ក៏​ដោយ។ ការ​រៀបចំ​ប្រតិទិន​ច្បាស់លាស់ ដែល​ជា​ដំណឹង​ អាច​ឲ្យ​ពលរដ្ឋ​មាន​ការ​ត្រៀម​ខ្លួន​ជា​ស្រេច។ មួយ​វិញ​ទៀត លោក​គល់ បញ្ញា បញ្ជាក់​ថា គជប មិន​គួរ​កំណត់​ថ្ងៃ​ចុះ​ឈ្មោះ​បោះឆ្នោត ដោយសារ​​តែ​ជំនួយ​ពី​បរទេស​នោះ​ទេ​ព្រោះ​ថា​គជប មាន​ថវិកា​ជាតិ​ប្រមាណ ២០លាន​ដុល្លារ ដើម្បី​រៀបចំ​ដំណើរ​ការ​នេះ​រួច​ហើយ។ តាម​លោក​គល់ បញ្ញា ប្រសិន​បើ​គជប មាន​ផែន​ការ ឬ​គោលការណ៍ អនុម័ត​ច្បាស់លាស់ នោះ​ម្ចាស់​ជំនួយ​ ក៏​នឹង​ព្យាយាម​ពន្លឿន ជំនួយ​របស់​ពួកគេ​ដូចគ្នា​។

សូម​បញ្ជាក់​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ ២០១៧​ នឹង​មាន​ការិយាល័យ​បោះឆ្នោត ចំនួន ១៦៣៧ ហើយ​គជប ប៉ាន់​ស្មាន​ថា​ នឹង​មាន​ពលរដ្ឋ ដែល​មាន​អាយុ​លើស ១៨​ឆ្នាំ ប្រមាណ​ជាង​ ៩លាន​៦​សែន​នាក់ នឹង​ចូលរួម​ចុះ​ឈ្មោះ​បោះឆ្នោត។ កាល​​បរិច្ឆេទ​ច្បាស់​លាស់​នៃ​ការ​បោះឆ្នោត​នេះ នឹង​ត្រូវ​ប្រកាស​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​រយៈពេល ៩​ខែ​មុន​ការ​បោះឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ