អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ញឹក ប៊ុនឆៃ រំឮក​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ឆ្នាំ​១៩៩៧ ខណៈ ​ហ្វ៊ុនស៊ិនប៉ិច​ថា​មិន​ចង់​ចំណេញ​នយោបាយ

ដូច​រៀង​រាល់​ឆ្នាំ​ដែរ ពិធី​សាសនា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី រំឮក​ដល់​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​នយោបាយ​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​បង្ហូរ​ឈាម​កណ្តាល​ទីក្រុង​ភ្នំពេញ កាល​ពី​២១​ឆ្នាំ​មុន។ គឺ​ជា​ព្រឹត្តិការណ៍​ដែល​ធ្វើ​ឲ្យ​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ធ្លាក់​ចេញ​ពី​នាយក​រដ្ឋមន្រ្តី​ទី​១ នា​ថ្ងៃ​ទី​៥-៦ ​កក្កដា ឆ្នាំ​១៩៩៧។ ប៉ុន្តែ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច របស់​សម្តេច​ក្រុម​ព្រះ មិន​រំឮក​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ស្លាប់​នៅ​ចំ​ថ្ងៃ​នេះ​ទេ ដោយ​អះអាង​ពី​ការ​មិន​ចង់​ឲ្យ​គេ​ចោទ​ប្រកាន់​ថា គណបក្ស​នេះ​កេង​ចំណេញ​នយោបាយ។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្ស​ខ្មែរ​រួបរួម​ជាតិ
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្ស​ខ្មែរ​រួបរួម​ជាតិ @RFI
ផ្សាយពាណិជ្ជកម្ម

គណបក្ស​ខ្មែរ​រួប​រួម​ជាតិ ដែល​បែក​ចេញ​ពី គណបក្ស​ហ្វ៊ុនស៊ិនប៉ិច តែង​តែ​ធ្វើ​ពិធី​រំឮក​វិញ្ញាណក្ខន្ធ​ជន​រង​​គ្រោះ​នយោបាយ​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍ ផ្ទុះ​អាវុធ​នា​ថ្ងៃ​ទី​៥-៦ ​កក្កដា ឆ្នាំ​១៩៩៧ នៅ​ថ្ងៃ​សុក្រ​នេះ។ ពិធី​សាសនា​ដែល​មាន​ការ​ចូល​រួម​ពី លោក ញឹក ប៊ុនឆៃ ផង​នោះ បាន​ប្រារព្ធ​ឡើង​នៅ​វត្ត​ចំបក់​មាស តាម​ផ្លូវ​ជាតិ​លេខ​៦A ជាយ​ទីក្រុង​ភ្នំពេញ។

លោក សឹង្ហ គិរី សមាជិក​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ បាន​បញ្ជាក់​ថា ពិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​រំឮក​ដល់​ការ​តស៊ូ​របស់​សកម្មជន​គណបក្ស​ដែល​ធ្លាប់​ដឹក​នាំ​រដ្ឋាភិបាល​ហើយ​ត្រូវ​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​ខ្មែរ​គ្នា​ឯង​នោះ។

ប៉ុន្តែ​សម្រាប់​គណបក្ស​ហ៊្វុនស៊ិនប៉ិច របស់​សម្តេច​ក្រុម​ព្រះ​វិញ មិន​យក​ថ្ងៃ​៥-៦ ​កក្កដា ធ្វើ​ពិធី​រំឮក​វិញ្ញាណក្ខន្ធ​ឬ​ទាម​ទារ​រក​យុត្តិធម៌​នោះ​ទេ ដោយ​អះអាង​ថា មិន​ចង់​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ថា គណបក្ស​នេះ​កេង​ចំណេញ​នយោបាយ។ នេះ​បើ​តាម លោក ញ៉េប ប៊ុនជិន ជា​អ្នក​នាំ​ពាក្យ​គណបក្ស។ ទោះ​ជា​យ៉ាង​ណា គណបក្ស​ហ៊្វុនស៊ិនប៉ិច អះអាង​ថា ខ្លួន​មិន​បាន​បំភ្លេច​ចោល​អ្នក​តស៊ូ​នោះ​ទេ ដោយ​គណបក្ស​នេះ​តែង​តែ​យក​ឱកាស​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ និង​បុណ្យ​ភ្ជុំ​បិណ្ឌ​ធ្វើ​ពិធី​រំឮក​វិញ្ញាណក្ខន្ធ​ដល់​ពួក​គេ​ជានិច្ច។

សូម​រំឮក​ដែរ​ថា​ ព្រឹត្តិការណ៍​បង្ហូរ​ឈាម​​នៅ​គ្រា​នោះ គឺ​ជា​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​រវាង​អ្នក​គាំទ្រ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​កាល​ណោះ​ជា​នាយក​រដ្ឋមន្រ្តី​ទី​២ និង​អ្នក​គាំទ្រ​សម្តេច​ក្រុម​ព្រះ ជា​នាយក​រដ្ឋមន្រ្តី​ទី​១។​

ផ្អែក​តាម​របាយការណ៍​ស៊ើប​អង្កេត​របស់​ការិយាល័យ​សិទ្ធិ​មនុស្ស នៃ​អង្គការ​សហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា ក្រៅ​ពី​អ្នក​របួស​រាប់​រយ​នាក់ ​ការ​ប្រយុទ្ធ​គ្នា ​រវាង​កង​ទ័ព​ខ្មែរ​ទាំង​ពីរ​ក្រុម បណ្តាល​ឲ្យ​ទាហាន ​និង​​មន្រ្តី​ជាន់​ខ្ពស់​ដែល​ស្មោះ​ត្រង់​នឹង​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ប្រមាណ ៦០​នាក់ ត្រូវ​​បាន​​ប្រហារ​ជីវិត​ក្រៅ​ប្រព័ន្ធ​ច្បាប់។ ​​ មេ​ប៉ូលិស និង​យោធា​ជាន់​ខ្ពស់ របស់​គណបក្ស ហ៊្វុនស៊ិនប៉ិច ដែល​ត្រូវ​បាន​សម្លាប់​នោះ រួម​មាន លោក ហូ សុខ រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ រួម​នឹង​មន្ត្រី​ស្មោះ​ត្រង់​នឹង​សម្តេច​ក្រុម​ព្រះ ដទៃ​ទៀត ដូច​ជា ឧត្តម​សេនីយ៍ ចៅ សម្បត្តិ ឧត្តមសេនីយ៍ ក្រួច យឿម ឧត្តមសេនីយ៍ ព្រំ ឌិន ឧត្តមសេនីយ៍ លី សេងហុង ឧត្តមសេនីយ៍ ម៉ែន ប៊ុនថន ព្រម​​ទាំង​ពល​ទាហាន និង​​នាយ​​ទាហាន​​ជា​​ច្រើន​ទៀត។ នេះ​បើ​តាម​របាយការណ៍​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ