អានតួអត្ថបទ
កម្ពុជា-កសិកម្ម

​សមាគម​អ្នក​ចិញ្ចឹម​សត្វ​៖ ការ​នាំ​ជ្រូក​ចូល​ពី​វៀតណាម​លែង​មាន ខណៈ​ការ​នាំ​ចូល​ពី​ថៃ​នៅ​តែ​បន្ត​

សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា ឲ្យ​ដឹង​ថា​តម្លៃ​ជ្រូក​រស់​បាន​ឡើង​ថ្លៃ​ចាប់​តាំង​ពី​ខែ​មេសា ​មក​រហូត​ដល់​ពេល​នេះ ខណៈកម្ពុជា​លែង​មាន​ការ​នាំ​ចូល​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម តែ​បន្ត​នាំ​ចូល​ពី​ប្រទេស​ថៃវិញ​។ អ្នក​ចិញ្ចឹម​ជ្រូក​បញ្ជាក់​ថា​​ ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ថៃ នា​ពេល​នេះ​ មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ជ្រូក​នៅ​ក្នុង​ស្រុក​នោះ​ទេ​។ 

សត្វជ្រូក​នៅក្នុង​កសិដ្ឋាន​មួយ​របស់​ប្រជា​ជន​កម្ពុជា​។
សត្វជ្រូក​នៅក្នុង​កសិដ្ឋាន​មួយ​របស់​ប្រជា​ជន​កម្ពុជា​។ @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក ជេត ភារម្យ អនុ​ប្រធាន​សមាគ​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា បាន​អះ​អាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី៣០ ខែ​តុលា នេះ​ថា តម្លៃ​ជ្រូក​បាន​ឡើង​ថ្លៃ​ ចាប់​តាំង​ពី​ខែ​មេសា​មក  ដែល​ជា​តម្លៃ​ល្អ ​សម្រាប់​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​។

បើ​តាម​អនុ​ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​រូប​នេះ បច្ចុប្បន្ន​កម្ពុជា​នៅ​តែ​បន្ត​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ថៃ ប៉ុន្តែ​មិន​មាន​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​ទៀត​ទេ​។ លោក​បន្ថែម​ថា អវត្តមាន​ជ្រូក​វៀតណាម នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​នេះ ដោយសារ​ជ្រូក​នៅ​ក្នុង​ប្រទេស​វៀតណាម មិន​មាន​ច្រើន​ដូច​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ​។ ចំណែក​ជ្រូក ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ មិន​មាន​ចំនួន​ច្រើន​នោះ​ទេ ដូច្នេះ​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ថៃ មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ជ្រូក ដែល​កសិករ​ចិញ្ចឹម​ក្នុង​ស្រុក​ឡើយ​។

យោង​តាម​តារាង​តម្លៃ​ជ្រូក ដែល​ចេញ​ផ្សាយ​ដោយ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា នៅ​ថ្ងៃ​ទី២៦ ខែ​តុលា តម្លៃ​ជ្រូក​ថ្លៃ​បំផុត​ គឺ​មាន​តម្លៃ ៩ ៤០០​រៀល ក្នុង​ខេត្ត​ព្រះសីហនុ និង​តម្លៃ​ជ្រូក​ទាប​បំផុត គឺ​មាន​តម្លៃ​៨០០០​រៀល​ ក្នុង​មួយ​គីឡូក្រាម ក្នុង​ខេត្ត​សៀមរាប, ព្រះវិហារ, និង​រតនៈគិរី​។ ចំណែក​ក្រុង​ភ្នំពេញ​ ជ្រូក​រស់​មាន​តម្លៃ ៨ ៤០០​រៀល ក្នុង​មួយ​គីឡូក្រាម​។

សូម​រំឭក​ជូន​ថា កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ តម្លៃ​ជ្រូក​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្លាក់​ថ្លៃ​ដល់​កម្រិត​ទាប​បំផុត ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ចិញ្ចឹម​ជ្រូក​ខាត​បង់ និង​បោះបង់​ការ​ចិញ្ចឹម​ជ្រូក​ចោល​។ ការ​ធ្លាក់​ថ្លៃ​កាល​ពី​ពេល​នោះ ត្រូវ​បាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​អះអាង​ថា មក​ពី​ការ​នាំ​ចូល​ជ្រូក​ខុស​ច្បាប់​ពី​ប្រទេស​វៀតណាម​។ តម្លៃ​ជ្រូក​ក្នុង​ស្រុក​មាន​តម្លៃ​ប្រមាណ​ ៦ ៤០០​រៀល ទៅ ​៧ ០០០​រៀល​។

វិទ្យុ​បារាំង​អន្តរជាតិ​មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​ក្រសួង​កសិកម្ម​បាន​ទេ​នៅ​ថ្ងៃ​ទី៣០ ខែតុលា​នេះ​។ បើ​តាម​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា បច្ចុប្បន្ន​នេះ កម្ពុជា​នាំ​ចូល​សត្វ​ជ្រូក​ប្រមាណ​២ ០០០​ក្បាល ក្នុង​មួយ​ថ្ងៃ ដោយ​សារ​កម្ពុជា​មិន​ទាន់​មាន​លទ្ធភាព​ផ្គត់​ផ្គង់ ឲ្យ​បាន​គ្រប់​គ្រាន់​នៅ​ឡើយ​ ម្យ៉ាង​ដោយសារ​កាល​ពី​ឆ្នាំ​មុន​អ្នក​ចិញ្ចឹម​ជ្រូក​បាន​បោះបង់​ការ​ចិញ្ចឹម​ជ្រូក​ច្រើន ដោយ​សារ​តម្លៃ​ជ្រូក​ធ្លាក់​ចុះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ