អានតួអត្ថបទ
កម្ពុជា

រដ្ឋសភា​កម្ពុជា​នៅ​តែ​ចាត់​ទុក​លោក សម រង្ស៊ី ថា​សម​នឹង​ទទួល​បាន​គ្រឿង​ឥស្សរិយយស

«ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​គុណ​បំណាច់​ដ៏​ឧត្តុង្គ​ឧត្តម​ដែល​សមាជិក សមាជិកា​រដ្ឋសភា បាន​បំពេញ​ការងារ​ជូន​ជាតិ និង​ប្រជាពលរដ្ឋ» រដ្ឋសភា​កម្ពុជា​នឹង​ផ្តល់​គ្រឿង​ឥស្សរិយយស​លើក​ទី​១ ជូន​តំណាង​រាស្ត្រ​ទាំង​អស់​នា​រសៀល​ស្អែក។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ត្រូវ​បាន​រដ្ឋសភា​បញ្ចប់​សមាជិក​ភាព ហើយ​ត្រូវ​បាន​តុលាការ​កម្ពុជា​បង្គាប់​ឱ្យ​ចូល​ខ្លួន​ទទួល​ទោស​ព្រហ្មទណ្ឌ ក៏​មាន​ឈ្មោះ​សម្រាប់​ទទួល​កិត្តិយស​នោះ​ដែរ។

លោកសម​ រង្ស៊ី​​ ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ។
លោកសម​ រង្ស៊ី​​ ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ។ @Sam Rainsy Facebook
ផ្សាយពាណិជ្ជកម្ម

ក្នុង​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​លើក​ទី​១​ជូន​តំណាង​រាស្ត្រ​ក្នុង​នីតិកាល​ទី​៥​នៅ​ថ្ងៃ​ស្អែក​ឈ្មោះ សម រង្ស៊ី ដែល​ត្រូវ​តុលាការ​រក​ឃើញ​ថា​ជាប់​ទោស​ព្រហ្មទណ្ឌ ហើយ​បាត់​បង់​សមាជិក​​ភាព​នៅ​ក្នុង​រដ្ឋសភា ក៏​ស្ថិត​ក្នុង​ចំណោម​ឥស្សរជន​ដែល​មាន​«គុណ​បំណាច់​ដ៏​ឧត្តុង្គ​ឧត្តម»​ក្នុង​ការ​«បំពេញ​ការងារ​ជូន​ជាតិ និង​ប្រជាពលរដ្ឋ»ដែរ។ នេះ​បើ​ផ្អែក​តាម​សេចក្តី​ជូន​ដំណឹង​ និង​ការ​បញ្ជាក់​ពី​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​នៃ​រដ្ឋសភា​កម្ពុជា។

សូម​រម្លឹក​ថា នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ តុលាការ​កម្ពុជា​បាន​បង្គាប់​ឱ្យ​កង​កម្លាំង​សាធារណៈ​ចាប់​ខ្លួន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ យក​មក​អនុវត្ត​ទោស​នៅ​ក្នុង​ពន្ធនាគារ​រយៈ​ពេល​២​ឆ្នាំ និង​បង់​ប្រាក់​ពិន័យ​៨​លាន​រៀល។ រដ្ឋសភា​កម្ពុជា​ក៏​បាន​សម្រេច​បញ្ចប់​សមាជិក​ភាព និង​បុព្វសិទ្ធិ​ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម របស់​អតីត​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​មតិ​ភាគ​តិច​រូប​នេះ បន្ទាប់​ពី​គាត់​បាន​ក្លាយ​ជា​ទណ្ឌិត​តាម​អំណាច​ដីកា​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ មេបក្ស​ប្រឆាំង​ដ៏​ប្រជាប្រិយ​នៅ​កម្ពុជា​នេះ​ បាន​ចាញ់​ក្តី​លោក​ ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ក្នុង​រឿង​ក្តី«បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឱ្យ​មាន​ការ​រើសអើង»។ លោក សម រង្ស៊ី ដែល​មាន​សញ្ជាតិ​បារាំង​ផង កំពុង​គេច​ខ្លួន​ទៅ​ប្រទេស​បារាំង ដើម្បី​ចៀស​វាង​ការ​ចាប់​ខ្លួន។

លោក ឡេង ប៉េងឡុង ដែល​ជា​អ្នក​នាំពាក្យ​ឱ្យ​រដ្ឋសភា​កម្ពុជា​ផង បាន​ពន្យល់​ថា គណៈ​កម្មាការ​ផ្តល់​គ្រឿង​ឥស្សរិយយស​របស់​រដ្ឋសភា ដឹកនាំ​ដោយ​លោក ងួន ញ៉ិល អនុប្រធាន​ទី​២​នៃ​រដ្ឋសភា បាន​សម្រេច​បញ្ចូល​ឈ្មោះ សម រង្ស៊ី សម្រាប់​ពិធី​ថ្ងៃ​ស្អែក​ក្រោម​អធិបតី​ភាព​លោក​​ ហេង សំរិន ប្រធាន​រដ្ឋសភា ដោយ​មាន​រាជានុញ្ញាត​តាម​សំណើ​ពី​ព្រះ​មហាក្សត្រ​កម្ពុជា​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ