សង្រ្គាមប៉ាការរវាង លោក សម រង្ស៊ី និង លោក ហោ ណាំហុង ផ្ទុះឡើងជាថ្មី ខណៈ លោក ហ៊ុន សែន ព្រមានប្តឹង លោក សម រង្ស៊ី ទៅតុលាការបារាំង
ជាថ្មីម្តងទៀត លោក សម រង្ស៊ី បានអះអាងថា លោកគឺជាអ្នកឈ្នះក្តីលើលោក ហោ ណាំហុង ករណីដែលលោកចោទថា អតីតប្រមុខការទូតកម្ពុជា គឺជាអតីតមេគុកបឹងត្របែកសម័យខ្មែរក្រហម។ ប៉ុន្តែលោក ហោ ណាំហុង បានគូសបញ្ជាក់ដោយបង្ហាញសាលដីកាមកជាមួយថា តុលាការបារាំងបានកាត់ក្តីឲ្យលោកឈ្នះលោក សម រង្ស៊ី លើសំណុំរឿងនេះ។ ប៉ុន្តែតុលាការបារាំងបានអភ័យទោសឲ្យ លោក សម រង្ស៊ី។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១១
ការផ្ទុះសង្រ្គាមប៉ាការរវាងអ្នកនយោបាយជើងចាស់ទាំងពីររូបនេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានឱ្យមេធាវីសិក្សាផ្លូវច្បាប់ ដើម្បីប្ដឹង លោក សម រង្ស៊ី ទៅតុលាការបារាំង ករណីអតីតមេបក្សប្រឆាំងចោទលោកថា បានសម្លាប់ លោក ហុក ឡងឌី អតីតមេប៉ូលីសជាតិ។
ភ្លាមៗនោះ លោក សម រង្ស៊ី ដែលមានសញ្ជាតិបារាំងបានជំរុញឲ្យលោក ហ៊ុន សែន ប្តឹងលោកទៅកាន់តុលាការបារាំងចំពោះអ្វីដែលលោកបានចោទប្រកាន់នេះ។ បើតាម លោក សម រង្ស៊ី លោកជឿថា តុលាការបារាំងនឹងកាត់ក្តីឲ្យលោកឈ្នះក្តីដូចករណី ដែល លោក ហោ ណាំហុង ប្តឹងលោកទៅកាន់តុលាការបារាំងក្នុងសំណុំរឿង លោក សម រង្ស៊ី ចោទប្រកាន់ លោក ហោ ណាំហុង ថាជាអតីតមេគុកបឹងត្របែកក្នុងរបបខ្មែរក្រហមនោះដែរ។
ក៏ប៉ុន្តែអតីតប្រមុខការទូតកម្ពុជា លោក ហោ ណាំហុង បានបញ្ចេញសាលក្រម របស់សាលាដំបូងបារាំងនៅឆ្នាំ២០០៩ និងសាលដីការបស់សាលាឧទ្ធរណ៍បារាំង នៅឆ្នាំ២០១០ និងសាលដីកាតុលាការកំពូលបារាំង នៅឆ្នាំ២០១១ ដោយគូសបញ្ជាក់ថា តុលាការបារាំងបានកាត់សេចក្តីថា លោក សម រង្ស៊ី ពិតជាបានបរិហាកេរ្តិ៍ លោក ហោ ណាំហុង ក៏ប៉ុន្ដែ តុលាការបារាំងបានអភ័យទោសឲ្យ លោកសម រង្ស៊ី ដោយ «សុទ្ធចិត្ត»។
ផ្ទុយពីការគូសបញ្ជាក់របស់លោក ហោ ណាំហុង នៅលើហ្វេសបុករបស់ខ្លួន នៅថ្ងៃទី១៧ មិថុនា ២០១៩លោកសម រង្ស៊ី បានបន្តអះអាងថា លោក ហោ ណាំហុង ចុងក្រោយនេះ បានចាញ់ក្តីលោក ២ ដង ផ្ទួនៗគ្នា គឺម្តងនៅឆ្នាំ២០១១ ហើយម្តងទៀតនៅឆ្នាំ ២០១៦ ក្នុងការតទល់ជាមួយលោក នៅតុលាការបារាំង។
ដោយសំអាងបែបនេះហើយ ទើប លោក សម រង្ស៊ី ជំរុញឲ្យលោក ហ៊ុន សែន ប្តឹងលោកទៅតុលាការបារាំង ករណីដែលលោក សម រង្ស៊ី ចោទថា លោក ហ៊ុន សែន បានធ្វើឲ្យលោក ហុក ឡងឌី ធ្លាក់ឧត្ថម្ភាគចក្រស្លាប់ កាលពីឆ្នាំ២០០៨។
សម្រាប់អ្នកច្បាប់មួយចំនួនមានការស្ទាក់ស្ទើចំពោះការសន្និដ្ឋានលើសាលដីការបស់តុលាការបារាំងដែលកាត់ក្តីលើបណ្តឹងរបស់លោក ហោ ណាំហុង ប្តឹងលោក សម រង្ស៊ី នោះ ខណៈខ្លឹមសារនៃសាលដី បញ្ជាក់ថា លោក សម រង្ស៊ី បានចោទ លោក ហោ ណាំហុង ថាជាអតីតមេគុកបឹងត្របែកក្នុងសម័យខ្មែរក្រហមគឺគ្មានភស្ដុតាងមកបញ្ជាក់ទេ។ ប៉ុន្តែសាលដីការបស់តុលាការបារាំងមិនបានដាក់ទោសទណ្ឌឬ ពិន័យលោក សម រង្ស៊ី ឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ