អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​សម រង្ស៊ី៖ ការ​ចោទ​លោក​កឹម សុខា​ពី“បទ​ក្បត់​ជាតិ” គឺ​ជា​លេស​ដើម្បី​កម្ចាត់​ក្បាល​ម៉ាស៊ីន​បក្ស​ប្រឆាំង

តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​កាល​ពី​យប់​មិញ លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​លោក​កឹម សុខា ដែល​ជា​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​បច្ចុប្បន្ន ថា​ដើម្បី​តែ​ចង់​រលាយ​ក្បាល​ម៉ាស៊ីន​គណក្ស​ប្រឆាំង។ ការ​អះអាង​របស់​លោក​សម រង្ស៊ី​នា​ពេល​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​កំពុង​តែ​មាន​ប្រតិកម្ម​យ៉ាង​សម្បើម​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ជុំវិញ​ការ​ចាប់​ខ្លួន​លោក​កឹម សុខា ទាំង​កណ្តាល​យប់​និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ក្នុង​ខេត្ត​ត្បូងឃុំ។

លោកសម រង្ស៊ី ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​
លោកសម រង្ស៊ី ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ @Sam Rainsy Facebook
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ប្រមាណ​ជា​ជិត​មួយ​ទំព័រ លោក​សម រង្ស៊ី បាន​អះ​អាង​ថា លោក​បាន​ស្គាល់​លោក​កឹម សុខា ហើយ​បាន​តាម​ដាន​សកម្មភាព​នយោបាយ​របស់​លោក​អស់​រយៈ​ពេល​២៥​ឆ្នាំ​មក​ហើយ។ ដូច្នេះ​លោក​អាច​បញ្ជាក់​ថា ការ​ដែល​រដ្ឋ​អំណាច​ខ្មែរ​ប្រើ​ប្រាស់​សេចក្តី​ថ្លែងការណ៍​របស់​លោក​កឹម សុខា នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ក្រុម​នៅ​ប្រទេស​អូស្ត្រាលី​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ដើម្បី​ចោទ​ប្រកាន់​លោក​ពី​បទ​ក្បត់​ជាតិ និង​ឃុប​ឃិត​ជាមួយ​បរទេស​នោះ គឺ​ជា​លេស​ដើម្បី​កម្ចាត់​ក្បាល​ម៉ាស៊ីន​គណបក្ស​ប្រ ឆាំង​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​មក​ដល់​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨។

លោក​អតីត​ប្រមុខ​គណបក្ស​ប្រឆាំង​រូប​នេះ​ថែម​ទាំង​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ​ទៀត​ថា គ្មាន​មូលដ្ឋាន​ទាល់​តែ​សោះ​ពី​ព្រោះ​តាំង​ពី​លោក​បាន​ធ្វើ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ខែ​មេសា​ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ដែល​លោក​បាន​លា​លែង​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧​មក លោក​សម រង្ស៊ី​គូស​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ដែល​នឹក​ឃើញ ហើយ​មិន​ដែល​ធ្វើ​សកម្មភាព​អ្វី​មួយ​ដែល​អាច​យក​ជា​មូលដ្ឋាន ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​ខាង​លើ​នេះ។

លោក​កឹម សុខា ​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាប់​ខ្លួន​កាល​ពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកញ្ញា​ក្រោម​ការ ចោទ​ប្រកាន់​ពី​បទ​ «​ក្បត់​ជាតិ​» ។ ចំពោះ​ពាក្យ​ថា“ក្បត់​ជាតិ”នេះ លោក​សម រង្ស៊ី​បាន​ចោទ​សួរ​ជា​សំណួរ​ថា តើ​ជា “អំពើ​ក្បត់​ជាតិ” ឬ ការ​ដែល​គេ​គ្រាន់​តែ​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​តាម​បែប​បទ​ប្រជាធិបតេយ្យ​ហើយ​ព្យាយាម​សម្រេច​គោលដៅ​នេះ? ម៉្យាង​វិញ​ទៀត លោក​ក៏​បាន​ចោទ​សួរ​ដែ​រថា តើ​ជា“ការ​ឃុប​ឃិត​ជាមួយ​បរទេស” ឬ ការ​ដែល​គេ​ស្វែង​រក​សាមគ្គី​ភាព​ពី​អ្នក​ប្រជាធិបតេយ្យ​ទាំង​អស់​ក្នុង​ពិភព​លោក​ដែល​មាន​ជំនឿ​លើ​គុណ​តម្លៃ​ជា​សកល​ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស? លោក​សម រង្ស៊ី ក៏​ទទូច​សួរ​ទៀត​ថា តើ​ជា“អំពើ​ក្បត់​ជាតិ និង​ការ​ឃុប​ឃិត​ជាមួយ​បរទេស”ឬ ការ​ដែល​គេ​ស្នើ​សុំ​ដំបូន្មាន​ស្តី​ពី​របៀប​ដោះ​ស្រាយ​វិវាទ ដោយ​សន្តិវិធី​ពី​អ្នក​ជំនាញ? ឫ​ការ​រៀប​ចំ​សិក្ខាសាលា​លំហាត់​ស្តី​ពី​របៀប​តស៊ូ​ដោយ​សន្តិវិធី​ដែល​មាន​ការ​ចូល​រួម​ពី​អ្នក​ជំនាញ ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​គ្រូប​ង្ហាត់​នោះ?

សម្រាប់​គណបក្ស​សង្រ្គោះ​ជាតិ ការ​ចាប់​ខ្លួន​លោក​កឹម សុខា​ក្រោម​បទ​ចោទ“ក្បត់​ជាតិ”នេះ គឺ​ធ្វើ​ឡើង​ដោយ​ហេតុ​ផល​នយោបាយ និង​ជា​ទង្វើ​រំលោភ​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។ គណបក្ស​ប្រឆាំង​ក៏​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ដោះ​លែង​លោក​កឹម សុខា​ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ និង​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​ធ្វើ​អន្តរាគមន៍ ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​លោក​កឹម សុខា​វិញ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ