អានតួអត្ថបទ
កម្ពុជា-នយោបាយ

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ងាក​​ទៅ​​តវ៉ា​នៅ​មុខ​ពន្ធនាគារ​ជា​ថ្មី ​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក​ កឹម សុខា​

ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្តទៅ​ប្រមូល​ផ្តុំគ្នា​នៅមុខ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ជាថ្មី​ម្តង​ទៀង នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី២តុលា​នេះ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មកវិញ។ ការ​បង្វែ​ទៅ​ជួបជុំ​នៅមុខ​ពន្ធនាគារ​​ជាថ្មី គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​យុទ្ធនា​ការលើក​បដា​នៅ២៥រាជធានី​ខេត្ត ដើម្បី​សុំ​ឲ្យ​​ដោះ​លែង​​លោក កឹម សុខា កាលពី​សប្តាហ៍​មុន ត្រូវបាន​រំខាន​ដោយ​អាជ្ញាធរ។  

ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ក្នុង​ខេត្តត្បូងឃ្មុំ នៅ​​ថ្ងៃចន្ទ​ ទី០២​ តុលា​ ដើម្បី​សុំ​ដោះ​លែង​​លោក​ កឹម សុខា​។។
ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ក្នុង​ខេត្តត្បូងឃ្មុំ នៅ​​ថ្ងៃចន្ទ​ ទី០២​ តុលា​ ដើម្បី​សុំ​ដោះ​លែង​​លោក​ កឹម សុខា​។។ @facebook
ផ្សាយពាណិជ្ជកម្ម

នេះ​គឺជា​លើក​ទី៣ហើយ ដែល​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង​បាន​ប្រមូលផ្តុំ​គ្នា​នៅមុខ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ក្នុង​ខេត្ត​ត្បូងឃ្មុំ ចាប់តាំងពី​ក្រោយ​ការចាប់ខ្លួន​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា កាលពី​ថ្ងៃទី៣កញ្ញា​មក ហើយ​នេះ​ក៏​ជា​លើក​ទី៣ដែរ ដែល​សំណើសុំ​ជួប​សួរសុខទុក្ខ​លោក កឹម សុខា នៅក្នុង​ពន្ធនាគារ​ត្រូវបាន​ច្រានចោល។ លោក គី រិទ្ធី ចៅក្រម​ស៊ើបសួរ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ២៩ កញ្ញា បានចេញ​លិខិត​បដិសេធ​សំណើសុំ​ជួប​លោក កឹម សុខា ដោយបាន​លើក​ហេតុផល​ថា ការសុំ​ជួប​ប្រធាន​គណបក្សប្រឆាំង​រូបនេះ មិនអាច​ធ្វើទៅ​បានទេ ដោយសារតែ​សំណុំ​រឿងនេះ កំពុងស្ថិត​នៅក្រោម​ការ​ស៊ើបអង្កេត និង​ប្រមូល​ភស្តុតាង​របស់​តុលាការ លើកលែងតែ​មេធាវី និង​ក្រុមគ្រួសារ​របស់​ជន​ត្រូវ​ចោទ​តែប៉ុណ្ណោះ។

ទោះជា​យ៉ាងនេះ​ក្តី ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោក សួន រី​ដា តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ នៅតែ​ទៅ​ប្រមូលផ្តុំ​គ្នា​នៅមុខ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​នៅថ្ងៃនេះ ដើម្បី​លើកទឹកចិត្ត​ដល់​លោក កឹម សុខា បើទោះបីជា​មិនបាន​ជួប​ដោយផ្ទាល់​ក្តី។ មិនតែប៉ុណ្ណោះ ការជួបជុំ​នេះ ក៏​ជា​ឱកាស​សំដែង​មតិ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក កឹម សុខា ផងដែរ។ ការជួបជុំ​របស់​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង​នៅថ្ងៃនេះ ធ្វើឡើង​មិនបាន​ប៉ុន្មាន​នាទី​ផង ក៏ត្រូវ​បាន​រំសាយ​ទៅវិញ ដោយ​មិនមាន​ការប៉ះទង្គិច​ជាមួយ​អាជ្ញាធរ​នោះទេ។

គណ​ក្សស​ង្គ្រោះ​ជាតិ ដែល​បាន​សន្យាថា នឹងធ្វើ​ការតវ៉ា​នៅមុខ​ពន្ធនាគារ​នៅ​រៀងរាល់ថ្ងៃ​ចន្ទ ចាប់តាំងពី​ក្រោយ​ការចាប់ខ្លួន​លោក កឹម សុខា មក បាន​ខកខាន​ជួបជុំគ្នា កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន ដោយសារតែ​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​ងាក​មក​ធ្វើ​យុទ្ធនា​ការតស៊ូ​មតិ ដោយ​លើក​បដា​ជំនួស​វិញ។ ប៉ុន្តែ​បដា​ដែលមាន​រូបលោក កឹម សុខា ហើយ​ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ​ចង​ព្យួរ​នៅមុខ​ទីស្នាក់ការ​គណបក្ស​នៅ​ទូទាំង២៥រាជធានី​ខេត្ត ដែល​ធ្វើឡើង​មិនបាន​មួយថ្ងៃ​ផង​នោះ ក៏​ត្រូវបាន​អាជ្ញាធរ​ទាមទារ​ឲ្យ​ទម្លាក់​ចុះ​វិញ ដោយ​អះអាងថា នោះ​គឺជា​ការចាប់ផ្តើម​នៃ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ខណៈដែល​មន្ត្រី​គណបក្សប្រឆាំង​បាន​បដិសេធ។

សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី ២ តុលា នេះ គឺមាន​រយៈពេល៣០ថ្ងៃ​គត់ ដែល​ប្រធាន​គណបក្សប្រឆាំង​លោក កឹម សុខា ត្រូវបាន​ចាប់ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្រោម​ការចោទប្រកាន់​ពីបទ “ក្បត់ជាតិ។ ភ្ជាប់​ជាមួយនឹង​ទោសទណ្ឌ​ដ៏​ធ្ងន់ធ្ងរ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​របស់លោក កឹម សុខា ក៏​កំពុង​ប្រឈម​នឹង​សម្ពាធ​ថ្មី​មួយទៀត ពី​គណបក្សតូចៗចំនួន​ពីរ ដែល​កំពុង​ត្រៀម​ដាក់ពាក្យ​ប្តឹង​ឲ្យ​តុលាការ​រំលាយចោល​គណ​បក្សប្រឆាំង​មួយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ