អានតួអត្ថបទ
កម្ពុជា

ក្រុមហ៊ុន​ផលិត​បារី​រារែក​ក្នុង​ការ​ចូល​រួម​បិទ​សារ​ព្រមាន​សុខភាព​លើ​កញ្ចប់​បារី

ការ​បិទ​សារ​ព្រមាន​នៅ​លើ​កញ្ចប់​បារី ដែល​មាន​ការ​ជម្រុញ​ពី​អង្គការ​សង្គម​ស៊ីវិល​នានា ហាក់​ដូច​ជា​បរាជ័យ មក​ទល់​ពេល​នេះ ខណៈ​ដែល​កម្ពុជា​មាន​ច្បាប់​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​ផលិត​ផល​ថ្នាំ​ជក់ និង​អនុក្រឹត្យ​មួយ​ចំនួន រួច​ហើយ​ក៏​ដោយ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​កញ្ចប់​បារី​មួយ​ចំនួន ដែល​គេ​ដាក់​លក់ នៅ​មិន​ទាន់​បាន​បិទ​សារ​ព្រមាន​ពី​សុខភាព​នៅ​ឡើយ ចាប់​តាំង​ពី អនុក្រឹត្យ​ស្តី​ពី​ការ​បោះពុម្ព​សារ​ព្រមាន​ជា​ភាសាខ្មែរ និង​ជា​រូបភាព​នៅ​លើ​កញ្ចប់​ផលិតផល​ថ្នាំ​ជក់ បាន​ចូល​ជា​ធរមាន​កាល​ពី​ខែ​កក្កដា​ឆ្នាំ ២០១៦។

ការ​ដាក់​លក់​ផលិត​ផល​បារី​នៅ​ក្នុង​ទីផ្សារ​កម្ពុជា។​
ការ​ដាក់​លក់​ផលិត​ផល​បារី​នៅ​ក្នុង​ទីផ្សារ​កម្ពុជា។​ @ញឹម សុផល
ផ្សាយពាណិជ្ជកម្ម

ប្រធាន​អង្គការ​ចលនា​កម្ពុជា​លោក វេជ្ជបណ្ឌិត មុំ គង់ បាន​ថ្លែង​ថា ការ​ដែល​នៅ​តែ​មាន​កញ្ចប់​បារី​មួយ​ចំនួន មិន​បិទ​សារ​ព្រមាន​សុខភាព ហើយ​ត្រូវ​គេ​ដាក់​លក់​នៅ​ក្នុង​ទីផ្សារ គឺ​បណ្តាល​មក​ពី​ក្រុមហ៊ុន​ផលិត​បារី ដែល​បាន​ចូល​រួម​ដែរ តែ​មិន​ពេញ​លេញ។ ក្រុមហ៊ុន​បារី​ទាំង​នោះ មាន​ទាំង​ក្រុមហ៊ុន​ក្នុង​ស្រុក និង​បារី​នាំ​ចូល​ពី​បរទេស។ បញ្ហា​នេះ​គឺ​អាស្រ័យ​ទៅ​លើ​ក្រសួង​សុខាភិបាល ដែល​មាន​សមត្ថកិច្ច​ធ្វើ​ការ​ផាក​ពិន័យ យោង​ទៅ​តាម​ច្បាប់​ដែល​បាន​ដាក់​ឲ្យ​អនុវត្ត។ នេះ​បើ​តាម​លោក មុំ គង់។

ជា​ការ​កត់​សម្គាល់ រដ្ឋាភិបាល​កម្ពុជា​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កិច្ច​ការ​ត្រួត​ពិនិត្យ​ផលិត​ផល​ថ្នាំ​ជក់។ក្រោម​កិច្ច​ផ្ដួច​ផ្ដើម​របស់​ក្រសួង​សុខាភិបាល អនុក្រឹត្យ​ពីរ​ត្រូវ​បាន​អនុម័ត​ទៅ​តាម​ការ​ចង្អុល​បង្ហាញ​ក្នុង​ច្បាប់​រួម​មាន អនុក្រឹត្យ​ស្ដី​ពី​វិធានការ​ហាម​ការ​ជក់​ឬ​ការ​បង្ហុយ​ផ្សែង​ផលិតផល​ថ្នាំ​ជក់​នៅ​កន្លែង​ធ្វើ​ការ​ ឬ​កន្លែង​សាធារណៈ និង អនុក្រឹត្យ​ស្ដីពី​ការ​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​ភាសាខ្មែរ​ និង​ជា​រូបភាព​លើ​កញ្ចប់​ផលិត​ផល​ថ្នាំ​ជក់។ ក្រៅ​ពី​ក្រសួង​សុខាភិបាល ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់ តាម​រយៈ​ការ​អនុវត្ត​វិធានការ​ដំឡើង​ពន្ធ​ពីរ​ដង​បន្ត​បន្ទាប់​គ្នា​ផង​ដែរ។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក ជា​រៀង​រាល់​ឆ្នាំ​ប្រជាពលរដ្ឋ​កម្ពុជា ១​ម៉ឺន​នាក់ បាន​ស្លាប់​ដោយ​សារ​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់។ ចំណាយ​ទៅ​លើ​ការ​ទិញ​បារី​នៅ​កម្ពុជា​មួយ​ឆ្នាំៗ អស់​ប្រមាណ ២០០​ លាន​ដុលា្លរ ដែល​តម្លៃ​នេះ​អាច​ធៀប​បាន​នឹង​ការ​សង់​ផ្ទះ​ឈើ​ចំនួន​ជាង ៤​ម៉ឺន​ខ្នង​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ជនបទ។ នៅ​ក្នុង​ឆ្នាំ ២០១៣ កម្ពុជា​ខាត​បង់ ៣៤,៥ លាន​ដុល្លារ​ទៅ​លើ​ការ​ព្យាបាល​ជំងឺ ៥​មុខ​ដែល​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់។

សូម​រំលឹក​ដែរ​ថា ប្រទេស​កម្ពុជា បាន​ផ្តល់​សច្ចាប័ន​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​ស្តីពី​ការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់​របស់​អង្គការ​សុខភាព​ពិភពលោក​តាំង​ពី​ឆ្នាំ ២០០៥ ក្នុង​ទិសដៅ​កាត់​បន្ថយ​ការ​ស្លាប់ ការ​កើត​ជំងឺ និង ពិការ​ភាព​ដែល​បណ្ដាល​មក​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ