អានតួអត្ថបទ
កម្ពុជា

ចូល​ឆ្នាំ៣ថ្ងៃ​ អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍កើន​ឡើង​​លើស​ឆ្នាំ​មុន​

នៅ​​ថ្ងៃទី១៦ ខែមេសា​នេះ ​របាយ​ការណ៍​​​ពី​​នាយកដ្ឋានន​​គ​របាល​​ចរាច​រណ៍ ​បាន​​​ឲ្យ​​ដឹង​ថា​​អ្នក​ស្លាប់​​ដោយ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ក្នុង​​រយៈពេល​៣ថ្ងៃ​នៃ​​ពិធី​បុណ្យ​​ចូល​ឆ្នាំ​​ខ្មែរ​ ​​កើន​​ឡើង ​បើ​​ប្រៀប​ធៀប​​រយៈពេល​​ដូច​គ្នា​​កាល​ពី​​ឆ្នាំ២០១៥។ ចំណែក​​ករណី​​គ្រោះថ្នាក់​​ចរាចរណ៍​​បាន​​ថយ​ចុះ​​តែ​មួយ​ករណី​​ប៉ុណ្ណោះ។​  

គ្រោះថ្នាក់ចរាចរណ៍​តែងតែ​កើតមាន​ នៅ​ក្នុង​ពេល​បុណ្យ​ចូលឆ្នាំ​ម្តងៗ
គ្រោះថ្នាក់ចរាចរណ៍​តែងតែ​កើតមាន​ នៅ​ក្នុង​ពេល​បុណ្យ​ចូលឆ្នាំ​ម្តងៗ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

គិត​ចាប់ពី​ថ្ងៃទី១៣ ដល់​ថ្ងៃទី១៥ ខែមេសា ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន៣៤នាក់។ បើ​ប្រៀបធៀប​ឆ្នាំ២០១៥ ក្នុង​រយៈពេល៣ថ្ងៃ​នៃ​ពី​ធី​បុណ្យចូលឆ្នាំ​ខ្មែរ​ដូចគ្នា គឺ​ករណី​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើនឡើង​ចំនួន៩នាក់។ នេះ​បើតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។

 
របាយការណ៍​ខាងលើ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី គឺមាន​ចំនួន៧៣លើក ទូទាំងប្រទេស ហើយ​បើ​ប្រៀបធៀប​នឹង​ឱកាស​ចូលឆ្នាំ​កាលពី​ឆ្នាំ២០១៥ មានការ​ថយចុះ​តែមួយ​ករណី​ប៉ុណ្ណោះ។ គ្រោះថ្នាក់​ទាំង៧៣លើក​នេះ បាន​បណ្តាល​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់ ៩៧នាក់ បាន​កើនឡើង១០នាក់ ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៥ និង​អ្នក​របួសស្រាល៥៦នាក់​ថយចុះ២២នាក់។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​នេះ គឺ​ដោយសារតែ​ការបើកបរ​លឿន។ បើតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​បាន​ឲ្យ​ដឹង​ទៀតថា ចំនួន​អ្នកស្លាប់​ដោយ​ការបើកបរ​លើស​ល្បឿន គឺមាន​រហូតដល់២១នាក់ ខណៈដែល​អ្នកស្លាប់​ដោយសារតែ​បើកបរ​មាន​ជាតិ​ស្រវឹង​មានតែ៣នាក់​ប៉ុណ្ណោះ។ អ្នកស្លាប់ ដោយសារ​ការបើកបរ​ប្រជែង​គ្នា​មាន​ចំនួន៨នាក់។ អ្នកស្លាប់​ដោយ​ការបើកបរ​មិន​គោរព​សិទ្ធិ និង​មិន​ប្រកាន់​ស្តាំ មាន​ចំនួន២នាក់។

យោងតាម​របាយការណ៍​ចុងក្រោយ​របស់​អង្គការ​សុខភាព​ពិភពលោក WHO កាលពី​ឆ្នាំ២០១៣ បាន​ឲ្យ​ដឹងថា​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ គឺមាន​ប្រមាណ២.៤០០នាក់ ជា​រៀងរាល់ឆ្នាំ​នៅក្នុង​ប្រទេស​កម្ពុជា។ យ៉ាងណាមិញ បើតាម​ការព្យាករណ៍​ទុក​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ២០១៤បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​វិធានការ​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ទេ នោះ​ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នឹង​កើន​ដល់៣.២០០នាក់​នៅ​ឆ្នាំ២០។

កន្លងមក​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ផែនការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោគ​រយៈពេល១០ឆ្នាំ​ពី​ឆ្នាំ២០១១ ដល់២០២០ អាច​នឹង​កាត់បន្ថយ​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​យ៉ាងតិច៥០ភាករយ ក្នុង​ឆ្នាំ២០២០ និង​អាច​សង្គ្រោះ​ជីវិត​មនុស្ស​បាន​យ៉ាងតិច៧.៣៥០នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ