អានតួអត្ថបទ
កម្ពុជា

សាលា​ក្រុង​ភ្នំពេញ កំពុង​ពិចារណា​ពី​ការ​បិទក្លឹប​កម្សាន្ត​ត្រឹម​ម៉ោង​១២​យប់​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍

សាលា​រាជធានី​ភ្នំពេញ កំពុង​តែ​ពិចារណា​ថា​នឹង​តម្រូវ​ឲ្យ​ក្លឹប​កម្សាន្ត នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ទាំងអស់ បិទទ្វារ​អាជីវកម្ម​របស់​ពួកគេ​ នៅ​ត្រឹម​ម៉ោង ១២​យប់។ យ៉ាង​ណា​ក៏​ដោយ​ នេះ​គឺ​ត្រឹម​តែ​ជា​ការ​ពិចារណា​ប៉ុណ្ណោះ គម្រោង​យ៉ាង​ណា គឺ​ត្រូវ​ទាមទារ​ពេល​វេលា​សិក្សា និង​ជួប​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជាមុន​សិន។ តាម​សាលាក្រុង​ភ្នំពេញ ប្រសិន​បើ​ការ​ពិចារណា​នេះ លេច​ចេញ​ជាការ​អនុវត្ត​ នោះ​ទីក្រុង​ភ្នំពេញ​នឹង​អាច​ថែរក្សា​ជីវិត​ពលរដ្ឋ​ពីគ្រោះថ្នាក់​ចរាចរណ៍​បាន​ច្រើន។

គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា
គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា © សុវណ្ណរ៉ា
ផ្សាយពាណិជ្ជកម្ម

ដោយសារ​បច្ចុប្បន្ន​គ្រោះ​ថ្នាក់​ចរាចរណ៍ ជា​មេរោគ​សង្គម​ដ៏​ធ្ងន់ធ្ងរ ហើយ​ភាគច្រើន​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍ គឺ​កើត​ចេញ​ពី​គ្រឿងស្រវឹង ដូច្នេះទើប​សាលា​រាជធានី​ភ្នំពេញ​ មាន​គំនិត​ចង់​តម្រូវឲ្យ​ក្លឹប​កម្សាន្ត​ពេល​រាត្រី គួរតែ​បិទទ្វារ​ត្រឹម​ម៉ោង ១២យប់។​ លោក​ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ទោះ​ជា​យ៉ាង​ណា នេះ​គឺ​ស្ថិត​នៅ​ក្នុង​ការ​ពិចារណា​ប៉ុណ្ណោះ ​គម្រោង​ពិត​ប្រាកដ​គឺ​មិន​ទាន់ ត្រូវ​បាន​កំណត់​នោះ​ទេ។

តាម​លោក​ឡុង ឌីម៉ង់ ប្រសិន​បើ​គំនិត​នេះ នឹង​ត្រូវ​បាន​យក​ទៅ​អនុវត្ត នោះ​ទីក្រុង​ភ្នំពេញ នឹង​អាច​បន្ថយ​បាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ពេល​យប់​ ដែល​ភាគ​ច្រើន​កើត​ចេញ​ពី​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ហួស​កម្រិត​។ គ្រឿង​ស្រវឹង ដែល​ត្រូវ​បាន​ដាក់លក់ នៅតាម​ក្លឹប​កម្សាន្ត​នានា។ យ៉ាងណា​ក៏​ដោយ លោក​ឡុង​ ឌីម៉ង់ បាន​បង្ហាញ​ថា​ គំនិត​នេះ ប្រហែល​ជា​អាច​ប៉ះពាល់​បន្តិច​បន្តួច ដល់​សេដ្ឋកិច្ច​របស់​វិស័យ​ឯកជន​ ប៉ុន្តែ​វា​មាន​សារៈ​សំខាន់​សម្រាប់​ការពារ​ជីវិត​មនុស្ស ដែល​មិន​អាច​កាត់​ថ្លៃ​បាន។ លោក​ឡុង ឌីម៉ង់ បាន​បញ្ជាក់​បន្ត​ថា សាលា​រាជធានី​ភ្នំពេញ នៅ​ត្រូវ​ការ​ពេល​វេលា ដើម្បី​វិភាគ សិក្សា និង​ពិភាក្សា​ឲ្យ​កាន់​តែ​លម្អិត​ជាមួយ​នឹង​ភាគី​ពាក់ព័ន្ធ​ជាមុនសិន។

សូម​បញ្ជាក់​ថា នៅ​ក្នុង​បទ​បង្ហាញ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កាល​ពី​សប្តាហ៍​មុន បាន​បង្ហាញ​ថា​ គ្រោះ​ថ្នាក់​ចរាចរណ៍ បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ខាត​បង់ ដែល​គិត​ជា​ទឹក​ប្រាក់ រហូត​ដល់​ជាង​ ៣០០លានដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំៗ។ ហើយ​បើ​តាម​របាយការណ៍​របស់​អង្គការ​មូលនិធិ​បង្ការ​របួសអាស៊ី មាន​មនុស្ស​ប្រមាណ​ជាង ២ពាន់២២០នាក់ បាន​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ឆ្នាំ ​២០១៤ ដែល​ចំនួន​នេះ គឺ​កើន​ឡើង ក្នុង​រយៈពេល​ ៩ឆ្នាំ ចុង​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ