ក្រសួងវប្បធម៌ រៀបចំបញ្ចប់ឯកសារ ស្នើសុំចុះប្រាសាទសម្បូរព្រៃគុហ៍ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កំពុងតែរៀបចំបញ្ចប់ឯកសារ ដើម្បីស្នើសុំចុះប្រាសាទសម្បូរព្រៃគុហ៍ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះបើតាមការអះអាងរបស់លោកឧបនាយករដ្ឋមន្ដ្រីសុខ អាន ដែលបានថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារវិស័យវប្បធម៌ឆ្នាំ២០១៤ និងលើកទិសដៅឆ្នាំ២០១៥ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៦
នៅក្នុងពិធីបិទសន្និបាតការងារវិស័យវប្បធម៌ នៅសាលសន្និសីទចតុមុខ កាលពីថ្ងៃព្រហស្បតិ៍ ទី២២មករា លោកឧបនាយករដ្ឋមន្ដ្រីសុខ អាន រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានមានប្រសាសន៍ឲ្យដឹងថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាននិងកំពុងតែរៀបចំបញ្ចប់សំណុំឯកសារ ដើម្បីស្នើសុំចុះប្រាសាទសម្បូរព្រៃគុហ៍ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅពេលឆាប់ៗខាងមុខនេះ។
បើតាមលោកសុខ អាន ផ្អែកលើកិត្យានុភាពជាតិ និងទំនាក់ទំនងល្អនៅក្នុងមជ្ឈដ្ឋានបេតិកភណ្ឌពិភពលោក ព្រមទាំងជោគជ័យកន្លងមក កម្ពុជាសង្ឃឹមថា ប្រាសាទសម្បូរព្រៃគុហ៍ នឹងទទួលបានការគាំទ្រ សម្រាប់ការចុះបញ្ជីជាបេតិកភណ្ឌពិភពលោកដោយជោគជ័យ។ ទន្ទឹមនឹងសេចក្ដីសង្ឃឹមនេះ លោកសុខ អាន ក៏បានបង្ហើបឲ្យដឹងទៀតថា បន្ទាប់ពីប្រាសាទសម្បូរព្រៃគុកនេះ កម្ពុជានឹងគ្រោងដាក់បញ្ចូលប្រាសាទព្រះខ័នកំពង់ស្វាយ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។
ប្រាសាទសម្បូរព្រៃគុហ៍ ជាអតីតរាជធានីអាណាចក្រខ្មែរនាសតវត្សទី៧ ដែលមានទីតាំងនៅក្នុងខេត្តកំពង់ធំ ភាគខាងជើងរាជធានីភ្នំពេញ។ តំបន់ប្រាសាទសម្បូរព្រៃគុហ៍មានប្រាសាទជាង៣០០ ភាគច្រើនសាងសង់ដោយដីឥដ្ឋ និងមានរចនាបទស្រស់ស្អាតចម្លែក។ ប៉ុន្តែគួរឲ្យសោកស្ដាយ តំបន់ប្រាសាទសម្បូរព្រៃគុក បានទទួលរការខូចខាតយ៉ាងខ្លាំង ដោយសារការទម្លាក់គ្រាប់បែក នៅក្នុងអំឡុងពេលសង្គ្រាមស៊ីវិលនៅកម្ពុជា ឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥។
ការដាក់បញ្ជូលប្រាសាទសម្បូរព្រៃគុហ៍ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ត្រូវបានអ្នកជំនាញមើលឃើញថា នឹងអាចជួយអភិរក្ស និងអភិវឌ្ឍប្រាសាទនេះ ឲ្យបានឋិតឋេរគង់វង្ស។
គួរជម្រាបជូនថា បច្ចុប្បន្ន កម្ពុជាមានសម្បត្តិវប្បធម៌រូបីយ៍ចំនួន២ ដែលបានដាក់បញ្ចូលនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ មួយគឺប្រាសាទអង្គរវត្ត ដែលត្រូវបានទទួលស្គាល់ក្នុងឆ្នាំ១៩៩២។ និងទី២ គឺប្រាសាទព្រះវិហារ ដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់ កាលពីឆ្នាំ២០០៨៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ