អាជ្ញាធរកំពុងកំណត់មុខសញ្ញាចាប់ខ្លួនអ្នកធ្វើឲ្យបាក់ព្រះពុទ្ធរូបនៅប្រាសាទបាយ័ន
អាជ្ញាធរអប្សរាកំពុងសហការជាមួយ នគរបាល ដើម្បីកំណត់មុខសញ្ញាជនល្មើស ដែលធ្វើឲ្យបាក់បែកព្រះពុទ្ធរូបមួយអង្គ នៅប្រាង្គកណ្តាល ប្រាសាទបាយ័ន។ រូបព្រះពុទ្ធបដិមាដែលបាក់ជា៤បំណែកនោះ មន្ត្រីជំនាញរបស់អាជ្ញាធរអប្សរា កំពុងសិក្សានិងជួសជុលឡើងវិញ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៦
ក្នុងខេត្តសៀមរាប នៅថ្ងៃទី១២តុលានេះ អាជ្ញាធរអប្សរា បានបិទមិនឲ្យចូលទស្សនាតួប៉មកណ្តាល របស់ប្រាសាទបាយ័នជាបណ្តោះអាសន្ន ហើយរូបបដិមាព្រះពុទ្ធដែលបាក់បែកនោះ អាជ្ញាធរអប្សរា បានយកទៅកម្កល់នៅសារមន្ទីរនរោត្តម សីហនុ-អង្គរ ដើម្បីជួសជុលជាបន្ទាន់។
អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ នៃអាជ្ញាធរអប្សរា លោកអ៊ឹមសុខរិទ្ធី បានប្រាប់វិទ្យុបារាំងអន្តរជាតិ ថា អាជ្ញាធរអប្សរាកំពុងសហការជាមួយ នគរបាលការពារបេតិកភណ្ឌ និង នគរបាលទេសចរណ៍ ដែលមានភារកិច្ចប្រចាំការក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីស្រាវជ្រាវរកព័ត៌មានលម្អិត និងភស្តុតាងដើម្បីស្វែងរកជនល្មើស ដែលបានបំផ្លាញបេតិកភណ្ឌជាតិ យកទៅផ្តន្ទាទោសតាមច្បាប់។
គួររម្លឹកថា នៅថ្ងៃយប់ថ្ងៃ៩តុលាកន្លងទៅ ភ្ញៀវស្ត្រីជនជាតិញ៉ូវហ្សឺឡែនម្នាក់ អាយុប្រហែល៤០ឆ្នាំ បានបាត់ខ្លួននៅក្នុងបរិវេណប្រាសាទបាយ័ន។ អ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក់ម្នាក់បានរាយការណ៍ដល់សមត្ថកិច្ច ដោយសារតែបាត់ភ្ញៀវរបស់ខ្លួន ពុំឃើញត្រឡប់ទៅតាមការណាត់ នៅលានជល់ដំរី។ អាជ្ញាធរនិងនគរបាលការពារបេតិកភណ្ឌ បាននាំគ្នារកពេញមួយយប់ នៅតែពុំឃើញ។
លុះពេលទៀបភ្លឺ ទើបកម្មករជួសជួលប្រាសាទ ប្រទះឃើញភ្ញៀវបរទេសស្រីម្នាក់ នៅទិសអាគ្នេយ៍នៃប្រាសាទបាយ័ន ហើយកម្លាំងនគរបាលការពារបេតិកភណ្ឌ បានអញ្ជើញភ្ញៀវរូបនោះទៅសួរនាំ ហើយក៏ដោះលែងទៅវិញ បន្ទាប់ពីមានខាងម្ចាស់ផ្ទះសំណាក់ទៅទទួលយក។
ប្រជាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានរិះគន់ក្រុមអាជ្ញាធរ ដែលសម្រេចដោះលែងជនសង្ស័យ ភ្ញៀវស្ត្រី ជនជាតិញ៉ូហ្សេឡែន រូបនោះ។ អ្នកខ្លះទៀត រិះគន់ថា មកពីមិនមានការយាមកាមបានត្រឹមត្រូវ ទើបបង្កឲ្យមានហេតុការណ៍ដូច្នេះកើតឡើង។
ជុំវិញបញ្ហានេះ លោកអ៊ឹមសុខរិទ្ធី បញ្ជាក់ថា ជាគោលការណ៍ ការទស្សនាប្រាសាទត្រូវបានកំណត់ចាប់ពីម៉ោង៥កន្លះព្រឹកដល់ម៉ោង៥កន្លះល្ងាច ហើយដោយឡែកសម្រាប់ប្រាសាទបាយ័ន គឺត្រូវចាប់ផ្តើមនៅម៉ោង៧ព្រឹក។ ផុតពីម៉ោងដែលអនុញ្ញាត មានតែកម្លាំងនគរបាលការពារបេតិកភណ្ឌ របស់ក្រសួងមហាផ្ទៃ តែប៉ុណ្ណោះ ដែលមានភារកិច្ចប្រចាំការ តាមកន្លែងគោលដៅ។
ចំពោះរូបព្រះពុទ្ធបដិមាដែលបាក់ជា៤បំណែកនោះ គឺជារូប ដែលមានកាយវិការយកព្រះធរណីធ្វើជាសក្សី ហើយពុំមែនជាបដិមាដើមដែលបន្សល់ពីចុងសតវត្សទី១២ក្នុងរាជកាលព្រះបាទជ័យវរ្មនទី៧នោះទេ។ អាជ្ញាធរអប្សរា បញ្ជាក់ថា រូបដែលបាក់នោះ គឺជារូបដែលគេយកមកផ្សំផ្គុំនិងជួសជុលឡើងវិញ ហើយពេលនេះ គឺ បាក់ចំកន្លែងដែលជួសជុលជាថ្មីនោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ