អានតួអត្ថបទ
កម្ពុជា

ក្រសួង​ការងារ និង​សហជីព មិនទាន់​កំណត់​ចំនួន​ប្រាក់​ឈ្មួល​អប្បបរមា​កម្មករ​ សម្រាប់​ឆ្នាំ​២០១៦

ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ រួម​នឹង​សហជីព​កម្មករ​ បាន​បញ្ជាក់​ថា​ នៅ​មិន​ទាន់​អាច​កំណត់​ចំនួន​ប្រាក់​ឈ្មួល​អប្បបរមា ដែល​គ្រោង​នឹង​មាន​ការ​ចរចារ​តំឡើង ដល់​កម្មករ សម្រាប់​ឆ្នាំ​ ២០១៦​ខាង​មុខ​ នៅ​ឡើយ​ទេ។ ការ​កំណត់​នេះ​ នឹង​ចេញ​ជា​រូបរាង​ ល្គិក​ណា​មាន​ការ​ស្រាវជ្រាវ​ ពី​គ្រប់​ភាគី​ជាមុន​សិន។ នេះ​គឺ​ជា​ការ​លើក​ឡើង​ នៅ​ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​លើក​ទី​៦ ​ដើម្បី​សន្តិភាព​ទំនាក់​ទំនង​វិជ្ជាជីវៈ ប្រាក់​ឈ្មួល​អប្បបរមា វិវាទ​អំពី​ផល​ប្រយោជន៍ និង​ការ​វិភាគ​កូដកម្ម ដែល​បាន​ធ្វើ​ឡើង​ នៅ​សណ្ឋាគារ​អាំងទែកុង​ទីណង់តាល់ នាព្រឹក​ថ្ងៃទី ១៦​មិថុនា​នេះ។

កម្មករកម្មការិនីកម្ពុជា
កម្មករកម្មការិនីកម្ពុជា RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ចន្លោះ​ពី​ខែ​កក្កដា​ ដល់​ខែ​សីហា ​ឆ្នាំ​២០១៥​នេះ​តទៅ ​គ្រប់​ភាគី​ដែល​ធ្វើ​ការ​ទាក់ទង​នឹង​កម្មករ​ នឹង​បើក​ការ​ពិភាក្សា​គ្នា ៣​ដំណាក់​កាល​ ពី​បញ្ហា​ការ​កំណត់​ប្រាក់​ឈ្មួល​អប្បបរមា​ ដល់​កម្មករ-ការនី រោងចក្រ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ស្រប​ពេល​ដែល​ការ​ពិភាក្សា​ជិត​មក​ គ្រប់​ភាគី ទាំង​តំណាង​រដ្ឋាភិបាល​ និង​សហជីព នៅ​មិន​ទាន់​មាន​ការ​ស្រាវជ្រាវ ដើម្បី​កំណត់​បាន​ថា នឹង​ត្រូវ​តំឡើង​ចំនួន​ប្រាក់​ឈ្មួល​ប៉ុន្មាន​បន្ថែម ដល់​កម្មករ សម្រាប់​ឆ្នាំ​ ២០១៦ នៅ​ឡើយ​ទេ។

លោក​អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ នៅ​ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​ពី​ទំនាក់​ទំនង​វិជ្ជាជីវៈ ដែល​រៀបចំ​ដោយ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ថា ការ​កំណត់​ប្រាក់​ឈ្មួល​អប្បបរមា​ ដល់​កម្មករ​ អាច​ធ្វើ​ទៅ​បាន ​អាស្រ័យ​មាន​ការ​សិក្សា​ស្រាវជ្រាវ​ រក​ទិន្នន័យ​ថ្នាក់​ជាតិ​ជា​ផ្លូវ​ការ​ជាមុន​សិន។

លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ បាន​បញ្ជាក់​ថា ការ​កំណត់​ប្រាក់​ឈ្មួល ត្រូវ​ពិនិត្យ​មើល​ទៅ​លើ​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គមកិច្ច។ សេដ្ឋកិច្ច ដែល​លោក​រដ្ឋមន្ត្រី ប្រាប់​ថា គឺ​សំដៅ​ដល់​ផលិត​ភាព​ ការ​ប្រកួត​ប្រជែង​ទីផ្សារ និង​ការ​ទាក់​ទាញ​វិនិយោគ។ ចំណែក​ខាង​សង្គម​កិច្ច រួម​មាន​ ជីវភាព​របស់​កម្មករ​ បញ្ហា​អតិផរណា និង​ខ្សែ​បន្ទាត់​នៃ​ភាព​ក្រីក្រ ​របស់​ពលរដ្ឋ​កម្ពុជា។

លោក​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​ប្រធាន​សហជីព ស៊ីខាវឌូ បាន​លើក​ឡើង​ថា​ រដ្ឋាភិបាល មិន​ព្រម​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​លាស់​នោះ​ទេ ​ទោះបី​ជា​ពេល​វេលា​នៃ​ការ​ចរចា​ នឹង​ឈាន​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ក៏​ដោយ។​ លោក​អាត់ ធន់ ដែល​បាន​ចូលរួម​នៅ​ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​នោះ​ដែរ​ ចង់​ឲ្យ​គ្រប់​ភាគី​ទាំង​បី​ គឺ​រដ្ឋាភិបាល និយោជក និងសហជីព មាន​ការ​ស្រាវជ្រាវ​រួម​គ្នា​ជា​មុន​ មុន​ពេល​បើក​ការ​ពិភាក្សា​ត្រីភាគី។ យ៉ាង​ណា​ក៏​ដោយ លោក​អាត់ ធន់ បាន​បញ្ជាក់​ថា​ ប្រសិន​បើ​ពុំ​មាន​លេខ​ណា​ថ្មី​នោះ​ទេ​ ខាង​សហជីព​របស់​លោក​ នឹង​ប្រើ​ចំនួន​ទឹក​ប្រាក់ ១៧៧ដុល្លារ ដូច​កាល​ពី​លើក​មុន​ សម្រាប់​ការ​ចរចារ​នា​ពេល​ខាង​មុខ។

ជាមួយ​គ្នា​នេះ​ដែរ ​លោក ​អាត់ ធន់ បាន​លើក​ឡើង​បន្ថែម​ថា ការ​ចរចា​ត្រី​ភាគីដើម្បី​តម្លើង​ប្រាក់​ខែ​កម្មករ​រោងចក្រ​សម្រាប់​ឆ្នាំ​២០១៦ នឹង​មិន​មាន​កិច្ច​សន្ទនា​សង្គម និង​តម្លាភាព​នោះ​ទេ។ មិន​មាន​តម្លា​ភាព​ព្រោះ​ថា​គណៈកម្មការ​ត្រី​ភាគី​ មាន​សមាសភាព​ភាគ​ច្រើន​ដែល​លម្អៀង​ទៅ​ខាង​និយោជក។ ហើយ​មេ​ដឹក​នាំ​សហជីព ភាគ​ច្រើន កំពុង​តែ​រង​គ្រោះ​ដោយ​បណ្ដឹង​តុលាការ ​គ្មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ​សេរី​ថែម​ទៀត។ ប៉ុន្តែ​ក្រសួង​ការងារ​ អះអាង​ថា កិច្ច​ចរចា​គ្រប់​យ៉ាង នឹង​ធ្វើ​ឡើង​ដោយ​តម្លា​ភាព​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ