អានតួអត្ថបទ
កម្ពុជា-រុស្ស៊ី

ប្រាក់​​​បំណុល​​កម្ពុជា​​ចំពោះ​​រុស្ស៊ី​​អាច​​មាន​​ភាព​​វិជ្ជមាន​​ក្រោយ​​ដំណើរ​​ទស្សនកិច្ច​របស់​នាយក​រដ្ឋ​មន្ត្រី​​រុស្ស៊ី​​

ភាគី​កម្ពុជា​​បាន​បញ្ជាក់​ថា ​រុស្ស៊ី​បាន​ឯកភាព​ថា​​នឹង​បន្ត​ពិភាក្សា​បញ្ហា​បំណុល​ដែល​កម្ពុជា​​នៅ​​ជំពាក់​សេសសល់​ ៣០ភាគរយ​ ក្នុង​រង្វង់​ទឹក​ប្រាក់​​១​៥០០​លានដុល្លារ ​ជា​​បន្ត​​ទៀត។ ​ហើយ​​ភាគី​កម្ពុជា ​រំពឹង​ពី​ភាព​វិជ្ជមាន​នៃ​ការ​ដោះស្រាយ​បញ្ហា​បំ​ណុល​នេះ​ បន្ទាប់​​​ពី​​ដំណើរ​​ទស្សនកិច្ច​​រយៈពេល​៣ថ្ងៃ របស់​នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី ​លោក​ឌីមីទ្រី ​មេដវេដេវ ​(Dmitry Medvedev) នៅកម្ពុជា។ ក្រោយ​ពី​បាន​ជួប​លោ​ក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន និង​ធ្វើ​ជា​សាក្សី​ក្នុង​ការ​ចុះ​អនុស្សរណៈ និង​កិច្ច​ព្រមព្រៀង​ ចំនួន​១០ រវាង​កម្ពុជា​-រុស្ស៊ី ​លោក​ឌីមីទ្រី ​មេដវេដេវ ​បាន​បញ្ចប់​ទស្សនកិច្ច​​ជា​ផ្លូវ​ការ​ហើយ​នៅក​ម្ពុជា​​នា​ថ្ងៃ​ទី​២៤ វិច្ឆិកា​នេះ។​

លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន (ឆ្វេង)​ និង​លោក​នាយករដ្ឋមន្ត្រីរុស្ស៊ី ឌីមីទ្រី មេដវេដេវ (ស្តាំ) នៅវិមានសន្តិភាព ក្រុងភ្នំពេញ។ (24/11/15)
លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន (ឆ្វេង)​ និង​លោក​នាយករដ្ឋមន្ត្រីរុស្ស៊ី ឌីមីទ្រី មេដវេដេវ (ស្តាំ) នៅវិមានសន្តិភាព ក្រុងភ្នំពេញ។ (24/11/15) RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្នុង​ជំនួប​រវាង​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន ​និង​សមភាគី ​លោក​នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី ​ឌីមីទ្រី​ មេដវេដេវ ​នាវិមាន​សន្តិភាព​​ក្រុងភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ វិច្ឆិកា អ្នក​នាំ​ពាក្យ​កិច្ច​ប្រជុំ ​​លោក ​អ៊ាង​ សុផល្លែត បា​ន​ឲ្យ​ដឹង​ថា​​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​​ បាន​​លើក​យក​បញ្ហា​ប្រាក់​បំណុល​សេស​សល់​ដែល​កម្ពុ​ជា ​បាន​ជំពាក់​រុស្ស៊ី ​តាំង​ពី​អំឡុង​ទស្សវត្ស​ទី​​៨០​ មក​ពិភាក្សា​ដែរ។​ ហើយ​ភាគីទាំង​ពីរ​ បាន​ឯកភាព​គ្នា ​បន្ត​ពិភាក្សា​ថា ​តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​អាច​ទទួល​យក​បាន​ទាំង​សង​ខាង។​ តែ​តាម​លោកអ៊ាង ​សុផល្លែត ​ការ​ពិភាក្សា​ពី​បញ្ហា​បំណុល​មាន​ផល​វិជ្ជមាន​ច្រើន។

​គួរ​រម្លឹក​ជូនថា ​កាល​ពី​ឆ្នាំ​​២០០៨ ​ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ​របស់​រដ្ឋសភា​កម្ពុជា​ បាន​ប្រកាស​ថា រដ្ឋាភិបាល​រុស្ស៊ី ​បាន​យល់​ព្រម​លុប​បំណុល​របស់​ខ្លួន​​៧០ភាគរយ ​ដែល​កម្ពុជា​ បាន​ជំពាក់​កាល​ពី​ទស្សវត្សន៍​ទី​៨០​ ក្នុង​បំណុល​សរុប​១៥០០លាន​ដុល្លារ។​ ហើយ​មក​ដល់​ពេល​នេះ ​កម្ពុជា​​នៅ​ជាប់​បំណុល​រុស្ស៊ី​​ចំនួន​៣០ភាគរយ​ទៀត។

​ក្រៅពី​ពិភាក្សា​ពី​បញ្ហា​បំណុល ​អ្នក​នាំពាក្យ​កិច្ច​ប្រជុំ ​បាន​ឲ្យ​ដឹង​បន្ត​ថា ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​បាន​ស្នើ​សុំ​សម​ភាគី​រុស្ស៊ី ​ឲ្យ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ និង​ចង់​ឲ្យ​រុស្ស៊ី ​ជួយ​នាំ​យក​អង្ករ​ពី​កម្ពុជា។ កម្ពុជា​ក៏​ចង់​ឲ្យ​រុស្ស៊ី​ជំរុញ​វិនិយោគិន​ ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា​​កាន់​តែ​ច្រើន។​ និង​ជាពិសេស ​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន​ បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​វិនិយោគ​ឲ្យ​បាន​ស៊ី​ជម្រៅ​បន្ថែម​ លើ​វិស័យ​ទេសចរណ៍ ​ដោយ​បង្កើត​ជើង​ហោះ​ហើរ​ត្រង់​​​ពី​កម្ពុជា​ ទៅ​រុស្ស៊ី ​និង​ពី​រុស្ស៊ី មក​កម្ពុជា។ ក្នុង​នោះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ នៅ​តែ​បន្ត​ទទូច​ឲ្យ​រុស្ស៊ី ​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស ​និស្សិត​កម្ពុជា​បន្តទៀត។ 

ចំពោះ​សំណើ​​ទាំង​នេះ ​ត្រូវ​បាន​លោក​ឌីមីទ្រី ​មេដវេដេវ ​ទទួល​យក​​ហើយ​លោក​សន្យា​បន្ត​លើក​ស្ទួយ​គ្រប់​វិស័យ​ឧ​ស្សាហកម្ម​ កសិកម្ម ការ​វិនិយោគ ​និង​ការ​អប់រំ ​ដល់​ភាគី​កម្ពុជា​ ជា​បន្ត​ទៀត ​ក្នុង​គោល​ដៅ​ពង្រឹង​ចំណង​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំងពីរ។​ 

លើស​ពី​ជំនួប​នេះ ​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​សម្ព័ន្ធ​មិត្ត​ទាំង​ពីរ​ ក៏​បាន​ធ្វើ​ជា​សាក្សី​នៃ​ការ​ចុះ​ហត្ថលេខា​រវាង​រដ្ឋ​មន្ត្រី​កម្ពុជា​ និង​រុស្ស៊ី​ទៅ​លើ​អនុស្សារៈ​ និង​ឯកសារ​កិច្ច​ព្រម​ព្រៀង​ចំនួន​១០ ផង​ដែរ។ អនុស្សារៈ​និង​កិច្ច​ព្រមព្រៀង​ទាំង​១០​ ដែល​រួមមាន​ ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​សម្អាត​ប្រាក់​ និង​ហិរញ្ញ​ប្បទាន​ភេវកម្ម​ រវាង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញ​វត្ថុ​កម្ពុជា-រុស្ស៊ី។​ កិច្ច​សហប្រតិបត្តិការ​ ផ្នែក​ទី​ភា្នក់ងារ​សារព័ត៌មាន ​សុខាភិបាល វប្បធម៌​ ពាណិជ្ជកម្ម​ ការ​វិនិយោគ​ទុនអ​ភិវឌ្ឍន៍ កិច្ចសហប្រត្តិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូ និងកិច្ចសហការរវាង ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្សរួបរួមរុស្ស៊ី ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ