អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

លោក​បារ៉ាក់ អូបាម៉ា​ស្នើ​ផែនការ​បំពាក់​កាមេរ៉ា​ដល់ភ្នាក់ងារ​នគរបាល​អាមេរិក​

មួយ​សប្តាហ៍​ក្រោយពី​បាតុកម្ម​ដែល​បាន​អង្រួន​ក្រុង​ហ្វឺហ្គូសុន (Ferguson) សារជាថ្មី​ដោយសារ​​តែ​ក្រុមប្រឹក្សា​តុលការ​លើកលែង​ការ​ចោទ​ប្រកាន់​លើ​ភ្នាក់ងារ​នគរបាល Darren Wilson ដែល​បាន​បាញ់​សំលាប់​យុវជន​ស្បែក​ខ្មៅ Michael Brown លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​ស្នើ​រៀបចំ​ផែនការ​បំពាក់​ដល់​ភ្នាក់ងារ​នគរបាល​អាមេរិច ​នូវ​កាមេរ៉ា​ជាប់​នៅ​នឹង​ខ្លួន​ដើម្បី​បង្កើន​ទំនុកចិត្ត​ពី​សហគមន៍​ស្បែកព​ណ៌​នានា លើ​ភ្នាក់ងារ​នគរបាល។  

​ប្រធានាធិបតី អាមេរិក អូបាម៉ា
​ប្រធានាធិបតី អាមេរិក អូបាម៉ា
ផ្សាយពាណិជ្ជកម្ម

ចាប់​តាំងពី​ការ​ស្លាប់​របស់​យុវជន​ស្បែក​ខ្មៅ Michael Brown ក្រុង​ហ្វឺហ្គូសុន នៃ​រដ្ឋ​មីសូរី (Missouri) ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ចម្រូង​ចម្រាស់​ជុំវិញ​បញ្ហាការ​រើសអើង​ចំពោះ​ប្រជាជន​អាមេរិក​ស្បែកខ្មៅ ពិសេស​ពី​សំណាក់​នគរបាល​មូលដ្ឋាន​ដែល​ភាគ​ច្រើន​ជា​ពួក​ស្បែក​ស។

 
ទន្ទឹម​នឹង​នោះ មាន​សំឡេង​ជា​ច្រើន​បាន​ក្រោកឈរ​ឡើង​ដើម្បី​ទាមទារ​ឲ្យ​ភ្នាក់ងារ​នគរបាល​ទូទាំង​ប្រទេស​បំពាក់​ដោយ​កាមេរ៉ា​តូចៗ​ដែល​គេ​អាច​ពាក់​នៅ​នឹង​កអាវ​ ឬ​នៅ​នឹង​ឯកសណ្ឋាន ឬ​ក៏​នៅ​លើ​វ៉ែនតា។ ញត្តិ​ដែល​គាំទ្រ​គំនិត​នេះ​ត្រូវបាន​បិត​ផ្សាយ​លើ​គេហទំព័រ​របស់​សេតវិមាន ហើយ រហូត​មកដល់​ពេល​ថ្មីៗ​នេះ​ញត្តិ​នេះ​ប្រមូល​បាន​ដល់​ទៅ​ជាង​មួយ​សែន​ប្រាំម៉ឺន​ហត្ថលេខា​​គាំទ្រ។

ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ច័ន្ទ​ជាមួយ​នឹង​តំណាង​សង្គម​ស៊ីវិល ​និង​កង​កំលាំង​នគរបាល លោក​ប្រធានាធិបតី បាន​ស្នើ​នូវ​ផែន​ការ​វិនិយោគ​ដល់​ទៅ​២៦៣​លាន​ដុល្លារ​អាមេរិក​សម្រាប់​រយៈ​ពេល​បី​ឆ្នាំ​ដើម្បី​ផ្គត់ផ្គង់ សម្ភារៈ​និង​ការ​បណ្តុះ​បណ្តាល​កង​កំលាំង​រក្សា​សណ្តាប់​ធ្នាប់។ ក្នុង​នោះ​ទឹក​ប្រាក់ ប្រមាណ​ជា​ជាង ៧៥ លាន​ដុល្លារ​នឹង​ប្រើ​ជា​ហិរញ្ញប្បទាន​រួម​ជាមួយ​នឹង​ហិរញ្ញប្បទាន​របស់​អជ្ញាធរ​មូលដ្ឋាន សម្រាប់​ការ​បំពាក់​នូវ​កាមេរ៉ា​ចំនួន ៥​ម៉ឺន​ដល់​កង​កំលាំង​នគរបាល។ លោក​ក៏​បាន​សុំ​ឲ្យ​សភា​គាំទ្រ​លោក​ដើម្បី​ធានា​ថា កង​កំលាំង​រក្សា​សណ្តាប់ធ្នាប់​មាន​ធនធាន​ចាំបាច់​គ្រប់គ្រាន់​សំរាប់​ផ្គត់ផ្គង់​ការ​បណ្តុះបណ្តាល​និង​ប្រដាប់ ដោយ​បច្ចេកវិទ្យា​ចាំបាច់​ដើម្បី​កែ​លំអ​ទំនុកចិត្ត​រវាង​សហគមន៍​នានា ជាមួយ​នឹង​នគរបាល។

គួរ​ធ្វើ​កំណត់​សំគាល់​ផង​ដែរ​ថា ការ​បំពាក់​កាមេរ៉ា​ឲ្យ​ភ្នាក់ងារ​នគរបាល​នេះ មិនមែន​ជា​រឿង​ថ្មី​ទេ​ព្រោះ​ក្នុង​ក្រុង​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក ដូចជា ក្រុង Laurel នៃ​រដ្ឋ Maryland ខាង​កើត​ក៏​នគរបាល​មាន​ប្រើ​នូវ​ឧបករណ៍​នេះ​ផង​ដែរ។ ចំណែក​ឯ​នៅ ញ៉ូវយ៉ក និង​វ៉ាស៊ីនតោន​វិញ​ការ​ប្រើ​កាមេរ៉ា​នេះ​កំពុង​ឋិត​ក្នុង​ការ​សាកល្បង​នៅ​ឡើយ។

ក្នុង​ប្រធាន​បទ​ទាក់ទង​នឹង​ការ​រើសអើង​ដដែល​នេះ កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ​លោក​រដ្ឋមន្ត្រី​យុត្តិធម៌ Eric Holder ពី​ទីក្រុង​អាត្លង់តា (Atlanta) នៃ​រដ្ឋ​ចចារ (Georgia) ក៏​បាន​ប្រកាស​ថា លោក​នឹង​បង្ហាញ​នូវ គោលការណ៍​ណែនាំ​ថ្មី​ទាក់ទង​នឹង​អាកប្បកិរិយា​រើស​អើង​ពូជសាសន៍ ដែល​ប្រពឹត្ត​ដោយ​កង​កម្លាំង​សណ្តាប់​ធ្នាប់​របស់​រដ្ឋសហព័ន្ធ។ ជា​គោលការណ៍​ណែនាំ​ដ៏​តឹងរ៉ឹង ដែល​មាន​គោលដៅ​លុប​បំបាត់ ការរើស​អើង​ពូជសាសន៍​នេះ ឲ្យ​អស់​តែ​ម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ