អានតួអត្ថបទ
កាណាដា

កាណាដា​ប្រកាស​ផ្តល់​ថវិការ​ចាក់​ថ្នាំវ៉ាក់សំាង​ដល់​កុមារ​ចំនួន ៣០០លាន​នាក់

លោក​នាយករដ្ឋមន្រ្តី​កាណាដា​ ស្តេហ្វិន ហាផើ ​(Stephen Harper) ​បាន​ប្រកាស​ជា​ផ្លូវការ​ថា​ រដ្ឋាភិបាល​របស់​លោក​នឹង​ផ្តល់​ថវិការ​ចំនួន​ ៥០០ លាន​ដុល្លារ​កាណាដា​ដើម្បីឧបត្ថម្ភ​យុទ្ធនាការ​ចាក់​ថ្នាំ​វ៉ាក់សំាង​​ដល់​កុមារ​នៅ​ជុំវិញ​ពិភពលោក។​ សេចក្តីប្រកាស​នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​របស់​ក្រុមហ៊ុន​អាលីយ៉ង់​ហ្គាវី​ (Alliance Gavi) ​ដែល​ត្រូវ​ការ​ថវិការ​ក្នុង​យុទ្ធនាការ​ចាក់​ថ្នាំ​វ៉ាក់សំាង​ដល់​កុមារ​ចំនួន​ ៣០០ លាននាក់​នៅ​តាម​បណ្តា​ប្រទេស​ក្រីក្រ​ ចាប់​ពីឆ្នាំ​ ២០១៦ ដល់​ឆ្នាំ​ ២០២០។

លោកនាយករដ្ឋមន្ត្រីកាណាដា ស្តេហ្វិន ហាផើ (Stephen Harper)
លោកនាយករដ្ឋមន្ត្រីកាណាដា ស្តេហ្វិន ហាផើ (Stephen Harper) REUTERS/CBC/Pool
ផ្សាយពាណិជ្ជកម្ម

ពី​រដ្ឋធានី​ដាកា​ (Dakar) ​ប្រទេស​សេណេហ្គាល់​ លោក​នាយករដ្ឋមន្ត្រី​កាណាដា​ ស្តេហ្វិន ហាផើ ​(Stephen Harper)បាន​ប្រកាស​ដំណឹង​នេះ​កាលពី​ថ្ងៃសុក្រ​ម្សិលមិញ​ កំឡុង​ពេល​ចុះ​ទៅ​ទស្សនកិច្ច​មណ្ឌល​សុខភាព​ Philippe Maguilen Senghor ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី​សេណេហ្គាល់​ ម៉ូហាមេដ ឌីយូន (Mohammed Dionne)។​ វត្តមាន​របស់​លោក​ Harper ​នៅ​ប្រទេស​អាហ្វ្រិក​មួយ​នេះ គឺ​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​លើក​ពី ១៥ នៃ​អង្គការ​អន្តរជាតិ​នៃ​ក្រុម​ប្រទេស​និយាយ​ភាសាបារាំង​ (Organisation internationale de la Francophonie) ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ស្អែក។

 
បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី​កាណាដា​បាន​បញ្ជាក់​អោយ​ដឹង​ថា ​ថវិការ​ចំនួន​ ៥០០ លាន​ដុល្លារ​កាណាដា​នឹង​យក​ទៅ​ឧបត្ថម្ភ​កម្មវិធី​ចាក់​ថ្នាំ​វ៉ាក់សំាង​ដល់​ទារក និង​កុមារ​ចំនួន​ប្រមាណ​ ៣០០ លាន​នាក់​ នៅតាម​បណ្តា​ប្រទេស​ក្រីក្រ​ចំនួន​ ៧៣ នៅ​លើ​ពិភពលោក។​ គេ​រំពឹង​ទុកថា​ យុទ្ធនាការ​ចាក់​ថ្នាំ​វ៉ាក់​សំាង​បង្ការ​ជំងឺ​ផ្សេងៗ​នេះ​អាច​ជួយ​សង្គ្រោះ​អាយុ​ជីវិត​ទារក​ប្រមាណ​ពី​ ៥ ទៅ​ ៦ លាន​នាក់។​ កម្មវិធី​ចាក់​ថ្នាំ​បង្ការនេះ​នឹង​ធ្វើ​ឡើង​ ចន្លោះ​ពី​ឆ្នាំ​ ២០១៦ ដល់​ឆ្នាំ​ ២០២០ ​តាម​រយៈ​ក្រុមហ៊ុន​រដ្ឋ​-ឯកជន​មួយ​ឈ្មោះ​ អាលីយ៉ង់​ហ្គាវី​ (Alliance Gavi) ​ដែល​មាន​ជំនាញ​ផែ្នក​សុខភាព​ និង​ជា​ដៃគូ​របស់​បណ្តា​អង្គការ​សំខាន់​ដូចជា​ អង្គការ​សុខភាព​ពិភពលោក​ អង្គការ​យូនីសែហ្វ​ ធនាគារ​ពិភពលោក​ និង​ស្ថាប័ន​ធំៗ​មួយ​ចំនួន​ទៀត។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ចាប់​តាំង​ពី​ឆ្នាំ​ ២០០០​ មក​ម៉្លេះ​ យុទ្ធនាការ​របស់​អាលីយ៉ង់​ហ្គាវី​ (Alliance Gavi) ​បាន​ផ្តល់​ថ្នាំ​វ៉ាក់សំាង​ដោយ​ឥត​គិត​ថ្លៃ​ដល់​កុមារ​ចំនួន​ ៤៤០​ លាន​នាក់​នៅ​ជុំវិញ​ពិភពលោក។​ ក្នុង​នោះ​ យើង​ឃើញ​មាន​ទារក​ក្នុង​ផ្ទៃ​ប្រមាណ​ ៦​លាន​នាក់​បាន​រួច​ផុត​ពី​ការ​ស្លាប់​បាត់​អាយុ​ជីវិត។
​ការ​ប្រកាស​សន្យា​ផ្តល់​ជំនួយ​នេះ​បង្ហាញ​ពី​ឆន្ទៈ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ស្តេហ្វិន ហាផើ ​(Stephen Harper) ​ក្នុង​ការ​គាំទ្រ​សុខភាព​មាតា ទារក និង​កុមារ​នៅ​តាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឈន៍​ដែល​អាច​ងាយ​រង​គ្រោះ​ស្លាប់​បាត់​បង់​អាយុ​ជីវិត​ដោយសារ​ប្រភេទ​ជំងឺ​ណាមួយ​ ដែល​គេ​គិត​ថា​អាច​ចៀសវាង​បាន។

កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​កាណាដា​បាន​រៀបចំ​កិច្ច​ប្រជុំកំពូល​ពិភពលោក​នៅ​ទីក្រុង​តូរុនតូ​ ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ប្រទេស​ដៃគូ​នានា អោយ​ផ្តោត​លើ​សុខភាព​មាតា​ ព្រមទាំង​សុភាព​ទារក​ និង​កុមារ។ ​លោក​ Harper ​ស្នើ​អោយ​បណ្តា​ប្រទេស​អភិវឌ្ឈន៍​ផ្តោត​លើ​បញ្ហា​នេះ​ ក្រោយ​ឆ្នាំ​ ២០១៥ ដែល​ជា​កាល​កំណត់​នៃ​ការ​សំរេច​គោលដៅ​អភិវឌ្ឈន៍​សហសវត្ស​របស់​អង្គការ​សហប្រជាជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ