អានតួអត្ថបទ
កម្ពុជា

សំណុំរឿង ០០៣ មានពន្លឺ​ពេល​សាលាក្តី​ខ្មែរក្រហម​អស់​ថវិកា

សាលាក្តី​ខ្មែរក្រហម​បានប្រកាស​តែងតាំង​មេធាវី​ខ្មែរ​ម្នាក់ និង​បរទេស​ម្នា​ក់នៅ​ចុង​សប្តាហ៍​នេះ​ដើម្បី​ធ្វើជា​តំណាង​ជនសង្ស័យ​មួយរូប​ក្នុង​សំណុំរឿង ០០៣ ដែល​កំពុង​ស្ថិតក្នុង​ភាព​ចម្រូងចម្រាស។ មេធាវី​ទាំងពីរ​រូបនោះ​គឺ លោក អាង ឧ​ត្ត​ម និង​លោក ម៉ៃ​ឃើ​ល កា​ណា​វ៉ាស (Michael G.Karnavas) ដែលជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក អៀង សារី។ ការបង្ហាញ​ពី​ដំណើរ​វិវឌ្ឍន៍​ទៅមុខ​នៃ​សំណុំរឿង ០០៣ បាន​កើតឡើង​ខណៈដែល​សាលាក្តី​ខ្មែរក្រហម​កំពុង​ជួបប្រទះ​វិបត្តិ​ថវិកាយ៉ាងខ្លាំង។ ម្យ៉ាងទៀត បើទោះបីជា​មានការ​តែងតាំង​មេ​ធាវី​ក៏ដោយ ក៏​ជនសង្ស័យ​ក្នុង​សំណុំរឿង ០០៣ មិនទាន់​ត្រូវបាន​គេបញ្ចេញ​ឈ្មោះ​នៅឡើយ​ទេ។

អង្គជំនុំជម្រះ ​នៃ​តុលាការ​ខ្មែរក្រហម
អង្គជំនុំជម្រះ ​នៃ​តុលាការ​ខ្មែរក្រហម ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

 

លោក​មេធាវី អាង ឧ​ត្ត​ម និង​លោក Michael G.Karnavas ដែល​សព្វថ្ងៃ​កំពុង​ការពារ​ក្តី​ឲ្យ​លោក អៀង សារី ត្រូវបាន​សាលាក្តី​ខ្មែរក្រហម​តែងតាំង​ឲ្យ​ធ្វើជា​តំណាង​ជនសង្ស័យ​មួយរូប​ក្នុង​សំណុំរឿង ០០៣  ដែល​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ដាក់ជូន​ការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០០៨ កន្លងទៅ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរក្រហម​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ។  

ប៉ុន្តែ បើទោះបីជា​មានការ​តែងតាំង​មេធាវី​តំណាង​ជនសង្ស័យ​ក្នុង​សំណុំរឿង ០០៣ ក៏ដោយ ក៏​អត្តសញ្ញាណរ​បស់ជនស​ង្ស័​យ​នៅតែ​ត្រូវគេ​រក្សា​ទុកជា​រឿង​សម្ងាត់​ដដែល។ លោក​នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃនេះ​ថា ដោយសារតែ​សហ​ចៅក្រម​ស៊ើបអង្កេត​កំពុងធ្វើការ ដូច្នេះ អត្តសញ្ញាណ​ជនសង្ស័យ​មិនអាច​បង្ហាញ​ជា​សាធារណៈ​បានទេ។ ទោះជា​យ៉ាងណា យោងតាម​ឯកសារ​ដែល​លេច​ធ្លាយ​ចេញពី​សាលាក្តី​ខ្មែរក្រហម ហើយ​ដែល​បណ្តាញ​ផ្សាយ​ព័ត៌មាន​មួយចំនួន​បាន​ផ្សព្វផ្សាយ​ទៅហើយនោះ​គឺ ជនសង្ស័យ​ក្នុង​សំណុំរឿង ០០៣ និង ០០៤ មាន៥នាក់​ក្នុងនោះ មាន​ពីរ​នាក់​ពាក់​ព​ន្ធ័​សំណុំរឿង ០០៣ គឺ​លោក ស៊ូ មេ​ធ និង​លោក មាស មុត។

ការប្រកាស​តែងតាំង​សហ​មេធាវី​តំណាង​ជនសង្ស័យ​សំណុំរឿង ០០៣ នៅពេលនេះ​បាន​ធ្វើឡើង​ខណៈដែល​តុលាការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​កំពុង​ជួបប្រទះ​នឹង​វិបត្តិ​ថវិកា​យ៉ាងខ្លាំង។ សាលាក្តី​នេះ​នឹង​អស់​ថវិកា​សម្រាប់​បើក​ឲ្យ​បុគ្គលិក​ទាំង​ខ្មែរ និង​បរទេស​ចាប់ពី​ដើមឆ្នាំ ២០១៣ នេះ​តទៅ​ហើយ ហើយក៏​នៅ​មិនទាន់មាន​ការសន្យា​ពី​ម្ចាស់ជំនួយ​នៅឡើយ​ដែរ។ ដូច្នេះ ការបង្ហាញ​ពី​ដំណើរ​វិវឌ្ឍន៍​ទៅមុខ​របស់​សំណុំរឿង ០០៣ ត្រូវបាន​អ្នកខ្លះ​ខ្លះ​ចាត់ទុកថា វា​គ្រាន់តែ​ជាការ​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ប្រទេស​ម្ចាស់ជំនួយ​តែប៉ុណ្ណោះ។ ប៉ុន្តែ លោក នេត្រ ភក្ត្រា បាន​បដិសេធថា រឿងនេះ​មិនជា​ប់​ពាក់​ព​ន្ធ័​គ្នា​ទេ។ លោក​ពន្យល់ថា ការតែងតាំង​មេធាវី​ជូន​ជនសង្ស័យ​គឺជា​កាតព្វកិច្ច​ផ្លូវច្បាប់​របស់​អង្គភាព​គាំពារ​ការការពារ​ក្តី​តែប៉ុណ្ណោះ។

សំណុំរឿង ០០៣ និង ០០៤ គឺជា​បញ្ហា​ចម្រូងចម្រាស​យ៉ាងខ្លាំង​សម្រាប់​សាលាក្តី​ខ្មែរក្រហម។ រដ្ឋាភិបាល​កម្ពុជា​ដែលជា​ភាគី​មួយ​ក្នុងការ​បង្កើត​សាលាក្តី​នេះ​បាន​ប្រកាន់​ជំហរ​បញ្ចប់​ដំណើរការ​សាលាក្តី​នេះ​ត្រឹម​សំណុំរឿង ០០២ ក្រោម​ហេតុផល​ដើម្បី​រក្សា​ស្ថេរភាព​និង​នយោបាយ​ផ្សះផ្សារ​ជាតិ​នៅក្នុង​ប្រទេស ប៉ុន្តែ ភាគី​អន្តរជាតិ​ចង់​បន្តទៅ​សំណុំរឿង​ថ្មី​ទាំងពីរ​បន្ថែមទៀត។ ការមិនចុះសម្រុង​គ្នា​អំពី​បញ្ហា​នេះ​បានធ្វើ​ឲ្យ​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ២នាក់​បាន​លាលែង​ពីមុខ​តំណែង។ យ៉ាងណាក៏ដោយ សហ​ចៅក្រម​ស៊ើបអង្កេត​ថ្មី​ជនជាតិ​អាមេរិកាំង​ដែល​ទើប​ចូលកាន់​តំណែង​កំពុង​បន្ត​នីតិវិធី​សំណុំរឿង​០០៣ និង ០០៤ ​ឡើងវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ