អានតួអត្ថបទ
កម្ពុជា

អៀង សារី​នៅមាន​សម្បទា​គ្រប់គ្រាន់​អាច​ចូលរួម​សវនាការ​បាន

ចៅក្រម​សាលាដំបូង​នៃ​តុលាការ​ខ្មែរក្រហម​បាន​ចេញ​សេចក្តីសម្រេច​លើ​សម្បទា​ជនជាប់ចោទ ​អៀង​សារី នៅថ្ងៃ​ចន្ទ​ទី​២៦វិច្ឆិកានេះ​ ដោយ​អះអាងថា លោកអៀង សារី​អាចនៅ​មាន​សមត្ថភាព​​​ចូលរួម​​សវនាការបាន។ ការ​សម្រេច​អំពី​សម្បទា​របស់​អៀង សារីធ្វើ​ឡើង​បន្ទាប់​ពី​ជនជាប់ចោទរូបនេះ​បាន​ប្រើសិទ្ធិ​លះបង់ការចូលរួម​ក្នុង​សវនាការ​ដោយ​សំអាង​លើ​​ជំងឺ​របស់​ខ្លួន។

អៀង សារី អតីត​ឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុក​កិច្ចការ​បរទេស នៃ​របបខ្មែរក្រហម
អៀង សារី អតីត​ឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុក​កិច្ចការ​បរទេស នៃ​របបខ្មែរក្រហម ©Reuters
ផ្សាយពាណិជ្ជកម្ម

ចាប់តាំងពី​ថ្ងៃ​ទី​៧​ខែ​កញ្ញា​មក ជនជាប់ចោទ​អៀង​ សារី​បាន​លះបង់​សិទ្ធិ​ចូល​រួម​ក្នុង​សវនាការ ដោយសំអាង​ថា​ខ្លួន​មាន​ជំងឺ​ធ្ងន់ធ្ងរ​មិន​អាច​ចូលរួម​សវនា​ការ​បាន។ ជន​ជាប់ចោទ​អៀង សារី​បាន​ស្នើ​អោយ​សាលាដំបូង​ដំណើរ​កា​រ​ជាមួយ​សាក្សី​ណា​ ដែល​មិន​មាន​ពាក់ព័ន្ធ​នឹង​រូបលោក។

ដោយ​ផ្អែក​លើ​មូលហេតុ​សម្បទា​នេះហើយ សាលាដំបូង​នៃ​តុលាការ​ខ្មែរក្រហម​បាន​សម្រេច​បើកនីតិវិធី​ពិនិត្យ​កាយ​សម្បទា​របស់​អៀង សារី។

ក្រោយ​ពី​បាន​ពិនិត្យ​លើ​របាយការណ៍​អ្នកជំនាញ​រួចហើយ ចៅក្រម​សាលា​ដំបូង​បាន​សម្រេច​ថា​ ជន​ជាប់​ចោទ​អៀង សារី​អាច​មាន​សម្បទា​ចូល​រួម​ក្នុង​សវនាការ​បន្ត​ទៀត។ សេចក្តីសម្រេច​នេះ​ត្រូវបាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ដោយ​សាលាដំបូង​នៃ​តុលាការ​ខ្មែរ​ក្រហម។

ទោះ​យ៉ាង​ណា​ក៏​ដោយ ចៅក្រម​សាលាដំបូង​បាន​អនុញ្ញាត​អោយ​ជន​ជាប់​ចោទ​អៀង សារី​ប្រើ​សិទ្ធិ​ក្នុង​ការ​ចូលរួម​ដោយ​ផ្ទាល់ក្នុង​សវនាការ ឬ​ដោយ​ប្រយោល​ពី​បន្ទប់​ខាងក្រោម​សវនាការ​ដូច​លើក​មុនៗ​ដែរ។

ក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំង​៤​នាក់​ដែល​ជា​អតីត​មេ​ដឹក​នាំ​កំពូល​នៃ របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​រូម​មាន​លោក​នួន ជា លោក​ខៀវ សំផន លោក​អៀង សារី និង​លោកស្រី​អៀង ធីរិទ្ធ ជន​ជាប់ចោទ​២​នាក់​ប្តី​ប្រពន្ធ​ចុង​ក្រោយ​នេះ​មាន​សុខភាព​ទន់ខ្សោយ​ជាងគេ។ លោកស្រី​អៀង ធីរិទ្ធ​ ចុង​ក្រោយ​នេះ ត្រូវបាន​អនុញ្ញាត​អោយ​ចាកចេញ​ពី​មន្ទីរឃុំឃាំងហើយ​ដោយសារតែ​ចៅក្រម​រក​ឃើញ​ថា លោកស្រី​ពិតជាមិនមាន​សម្បទា​គ្រប់គ្រាន់​ដើម្បី​ចូលរួម​ក្នុង​សវនាការ។

ប៉ុន្តែ​ ទោះ​យ៉ាង​ណា​ក៏​ដោយ ការ​ដោះលែង​លោកស្រី​អៀង ធីរិទ្ធ វា​គឺជា​ការ​ដោះលែង​ដែល​មាន​លក្ខខណ្ឌ​ដូចជា លោកស្រី​ធីរិទ្ធ​ត្រូវ​ប្រាប់​ពី​អាសយដ្ឋាន​ពិតប្រាកដ ត្រូវ​ដក​ហូត​លិខិត​ឆ្លងដែន ត្រូវ​ឆ្លើយ​តប​រាល់​ការ​កោះហៅ​របស់​តុលាការ និង​មិន​ត្រូវ​ជ្រៀតជ្រែក​ចូល​ក្នុង​ដំណើរការ​សវនាការ​ ដូចជា​ការ​ទាក់ទង​ជាមួយ​ជន​ជាប់ចោទ​ផ្សេង​ទៀត លើកលែង​តែ​លោក​អៀង សារី​ដែល​ជាស្វាមី​របស់​លោកស្រី។

គួរ​រម្លឹក​ថា រហូត​ដល់ពេលនេះ សវនាការ​សំណុំរឿង​០០២​បាន​ដំណើរការ​បាន​១៣៣ថ្ងៃ​ហើយ ជាមួយ​នឹង​ការ​ធ្វើ​សក្ខីកម្ម​ពី​អ្នកជំនាញ និង​សាក្សី​ជាង​៣០​រូប។ តាម​ការ​គ្រោងទុក ​សវនាការ​ថ្មី​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​៤​ធ្នូ​ខាងមុខ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ