អានតួអត្ថបទ
ចិន

ចិន​បិទ​ទ្វារ​រោងចក្រ​​ផ្គត់ផ្គង់​សាច់​ហួស​កំណត់ទៅ​ឱ្យ​អាហារ​ដ្ឋាន​​ល្បីៗ

រឿង​អាស្រូវ​សុវត្ថិភាព​ចំណី​អាហារ​បាន​ផ្ទុះ​ឡើង​ ក្នុង​ប្រទេស​ចិន​ មួយ​ករណី​ទៀតហើយ នៅ​ចុង​សប្តាហ៍​នេះ ប៉ះ​ចំ​លើ​បណ្តាញ​អាហារដ្ឋាន​ល្បីៗ​របស់​ក្រុមហ៊ុន​អាមេរិក ដូច​ជា​ McDonald's, Pizza Hut និង​KFC ។ អាជ្ញាធរ​ក្រុង​សៀងហៃបាន​សម្រេច​បិទ​រោងចក្រ​មួយ​ដែល​ជា​អ្នក​​ផ្គត់ផ្គង់សាច់​ដល់​អាហារដ្ឋាន​ទាំង​អស់​នោះ។

ក្រុមហ៊ុន​ផ្គត់​ផ្គង់​សាច់​ដល់​អាហារ​ដ្ឋាន​ល្បីៗ​នៅ​ចិន មាន​លាយ​សាច់​ស្អុយ​ហួស​កាល​កំណត់​លក់​ឱ្យ​អតិថិជន
ក្រុមហ៊ុន​ផ្គត់​ផ្គង់​សាច់​ដល់​អាហារ​ដ្ឋាន​ល្បីៗ​នៅ​ចិន មាន​លាយ​សាច់​ស្អុយ​ហួស​កាល​កំណត់​លក់​ឱ្យ​អតិថិជន REUTERS/David Parry/pool
ផ្សាយពាណិជ្ជកម្ម

បើតាម​ទូរទស្សន៍​​សៀងហៃ បុគ្គលិក​រោងចក្រ OSI របស់​ចិន បាន​យក​សាច់​ស្អុយ​ហួស​កាល​កំណត់​បរិភោគ ទៅ​ជា​លាយ​ជាមួយ​សាច់​ស្រស់​ បំភ័ន្ត​ភ្នែក​ក្រុម​អ្នក​ត្រួត​ពិនិត្យ​ យក​ទៅ​លក់ឱ្យ​បណ្តាញ​អាហារដ្ឋានរបស់​​អាមេរិក​ McDonald's។ បណ្តាញ​អាហារដ្ឋា​ន​អាមេរិក​ផ្សេង​ទៀត មាន​ជាអាទិ៍  Burger King, Papa John's Pizza, Starbucks Coffee et Subway ក៏​ជា​អតិថិជន​ទិញ​សាច់​ពី​រោងចក្រ​OSI នេះ​ដែរ។ នេះ​បើ​តាម​សារព័ត៌មាន Shanghaï Daily ចេញ​ផ្សាយ​ថ្ងៃ​ទី ២១​កក្កដា។

 
ភ្លាម​មួយ​រំពេញ​ភ្នាក់ងារ​សុវត្ថិភាព​ចំណី​អាហារ​បាន​ចេញ​ដីកា​បិទ​ទ្វារ​រោងចក្រ​សាច់​នោះ និង​បាន​រិប​អូស​យក​ផលិតផល​សាច់​​ហួស​កាល​កំណត់​​ទាំង​អស់​ ព្រមទាំង​ព្រមាន​ដាក់​ទោស​ធ្ងន់ធ្ងរ​ដល់​រោងចក្រ​ផ្សេងៗ​ទៀត ប្រសិនបើ​ហាន​ល្មើស​ច្បាប់​​សុវត្ថិភាព​ចំណី​អាហារ នៅពេល​ខាង​មុខ។

ចំណែក​ខាង​ក្រុមហ៊ុន​អាហារដ្ឋាន McDonald's KFC ​ Pizza Hut បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ភ្លាម​ឈប់​ទទួល​ទិញ​សាច់​ និង​ចាក់​ចោល​សាច់​រាប់​ពាន់​កេះ​ មាន​ស្តុក​ក្នុង​ហាង មាន​ជាអាទិ៍​សាច់​គោ សាច់​ជ្រូក និង​មាន់។

បញ្ហា​សុវត្ថិភាព​ចំណី​អាហារ​នៅ​ក្នុង​ប្រទេស​ចិន បាន​ផ្ទុះ​ឡើង​ជា​ញឹកញាប់ ព្រោះ​តែ​ភាព​ធូរ​រលុង​នៃ​ច្បាប់ និង​ដោយ​ហេតុ​តែ​ក្រុមហ៊ុន​អ្នក​ផលិត​មាន​ល្បិច​បង្វែង​ដាន​ខ្ពស់។ រឿង​អាស្រូវ​ ដ៏​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​គេ​បាន​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​២០០៨ ដែល​កាលណោះ​ក្រុមហ៊ុន​ផលិត​ទឹកដោះគោ​ក្មេង​ បាន​ប្រើ​សារធាតុ​គីមីពុល​ មេឡាមីន​ដាក់​ក្នុង​ម្សៅ​ទឹក​ដោះគោ​ សម្លាប់​ទារក​អស់​យ៉ាង​ងហោច​៦​នាក់ និង​ជាង​បី​សែន​នាក់​ឈឺ។

កាលពី​ដើម​ឆ្នាំ​ក្រុមហ៊ុន​ចែកចាយ​អាមេរិក បាន​ប្រកាស​ពង្រឹក​អធិការកិច្ច​លើក​ក្រុមហ៊ុន​ផ្គត់ផ្គង់​មក​ពី​ចិន​ទាំង​អស់​ បន្ទាប់​ពី​បាន​រក​ឃើញ​មាន​ការ​បន្លំ​លក់​​សាច់​កញ្ជ្រោង​ថា​ជា​សាច់​លា។ បណ្តាញ​អាហារ KFC ​ធ្លាប់​បាន​រងគ្រោះ​ម្តង​កាលពី​ឆ្នាំ​២០១២ ដោយ​មាន​អត្រា​ជាតិ​អង់ទីប៊ីយូទិក​ ច្រើន​លើស​លុប​ក្នុង​​សាច់​មាន់។

កាល​ពី​ឆ្នាំ​មុន ក្នុង​រយៈ​ពេល​តែ​បី​ខែ អាជ្ញាធរ​ចិន​បាន​ចាប់​ខ្លួន​​មនុស្ស​រាប់​រយ​នាក់​ ប្រព្រឹត្ត​​បទ​ល្មើស​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ចំណី​អាហារ​ ដូច​ជា​លក់​សាច់​កណ្តុរ ឬ​កញ្ជ្រោង​ថា​ជា​សាច់​គោឬ​សាច់​ជៀម​។ នេះ​បើ​ប្រភព​ប៉ូលិសចិន៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ