អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន​រង​ការ​​ផ្ទុះ​គ្រាប់បែក​ជាថ្មី ក្រោយ​ហេតុការណ៍​រថយន្ត​បុក​របាំង​​​នៅ​ទីលាន​​ធានអានមេន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ប្រទេស​ចិន​ នៅព្រឹកថ្ងៃ​ការបំផ្ទុះគ្រាប់បែក​ជាច្រើន​គ្រាប់ នៅ​ទីស្នាក់ការ​បក្ស​កុម្មុយនិស្ត​ចិន នៅ​ខេត្ត​ Shanxi ស្ថិត​នៅ​ភាគ​​ខាង​ជើង​​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ និង​របួស៨នាក់។ ហេតុការណ៍​នេះ​បាន​កើតមានឡើង ក្រោយ​ពី​មាន​ហេតុការណ៍រថយន្ត​បើក​​បុករបាំង និង​អ្នក​ដំណើរ​​​នៅទីលាន​ធានអានមេន ដែល​អាជ្ញាធរ​ចិន​សង្ស័យថា​ជា​ការ​វាយប្រហារ​ភេរវកម្ម បង្ក​ឡើង​ដោយ​ពួក​អ៊ុយហ្គួ។

ផ្សែង​បង្ក​ដោយ​ការផ្ទុះ​គ្រាប់បែក នៅ​ក្រុង​Taiyuan ខេត្ត​ Shanxi ភាគខាងជើង​ប្រទេស​ចិន​
ផ្សែង​បង្ក​ដោយ​ការផ្ទុះ​គ្រាប់បែក នៅ​ក្រុង​Taiyuan ខេត្ត​ Shanxi ភាគខាងជើង​ប្រទេស​ចិន​ REUTERS/Xinhua/Liu Guoliang
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​ ជិតទីស្នាក់ការ​បក្ស​កុម្មុយនិស្ត​ចិន ក្នុង​ក្រុង Taiyuan ខេត្ត​ Shanxi កើត​ឡើង​១០ថ្ងៃ​គត់ ក្រោយ​ហេតុការណ៍​រថយន្ត​​បុករបាំង​ និង​អ្នកដំណើរ​​នៅទីលាន​ធានអានមេន​ ក្រុងប៉េកាំង។ ជាហេតុផ​លនយោបាយ រឺ​ការសងសឹក​ផ្ទាល់ខ្លួន?

​​ហេតុការណ៍​​គួរ​អោយ​កត់សំគាល់​នៅ​ព្រឹក​ថ្ងៃពុធ​នេះ គឺថា​មាន​ផ្ទុះ​គ្រាប់បែក​ដល់ទៅ​៧គ្រាប់។ ប៉ូលិស​ប្រាប់ថា គ្រាប់បែក​ទាំងនោះ បាន​ផ្ទុះឡើង​​បន្តបន្ទាប់គ្នា។ ហើយ​បើ​ពិនិត្យ​មើលទៅ ការផ្ទុះ​កើតឡើង នៅក្បែរ​ទីស្នាក់ការ​គណបក្ស​កុម្មុយនិស្ត ​ដែល​ជាការ​សំដៅ​​ចង់​វាយប្រហារ​គណបក្ស​កុម្មុយនិស្ត​ចិន​តែម្តង។

គេ​​នៅ​មិនទាន់ដឹង​ថា អ្នកណារឺ​ក្រុមណា​ជាជនដៃដល់​​បង្កការ​បំផ្ទុះ​នេះ​​នៅឡើយ​ទេ។ នាពេលនេះ អាជ្ញាធរ​កំពុង​ធ្វើការ​ស៊ើបអង្កេត។ យោងតាម​ប៉ូលិស​ គ្រាប់បែកទាំងនោះ​​ អាចជាគ្រាប់បែក​ច្នៃឡើង​ដោយដៃ។ គ្រាប់បែក​មួយចំនួន​ ត្រូវ​បាន​​គេ​ដាក់​នៅ​សួនច្បារ​ច្រកចូល​គណបក្ស​កុម្មុយនិស្ត​ចិន​។ ដូច្នេះ​​ សន្តិសុខ​នៅ​ច្រកចូល​គណបក្ស ប្រហែល​ជា​​មិនសូវ​បាន​រឹត​បន្តឹង អាជ្ញាធរ​ប្រហែល​ជា​មិនសូវ​មានការ​ប្រុង​ប្រយ័ត្នខ្ពស់។ ផ្ទុយទៅវិញ គឺ​ទីកន្លែង​ច្រកចូល​ទីស្នាក់ការ​គណបក្ស​នេះហើយ ដែល​សន្តិសុខ​ត្រូវ​តែ​រឹតបន្តឹង។

ហេតុការណ៍​នេះ​កើតឡើង​ក្រោយ​ហេតុកាណ៍​រថយន្ត​បើក​បុក​នៅទីលាន​ធានអានមេន​ ក្រុងប៉េកាំង ​​១០ថ្ងៃ​។ ទីកន្លែង​កើតហេតុ​សុទ្ធនៅថ្ងៃ​ពុធនេះ និង​នៅទីលាន​ធានអានមេន សុទ្ធ​​តែ​ជាទីកន្លែងពីរ​​សំខាន់ៗ។ 

១-ការ​​​ផ្ទុះ​នៅ​ជិត​ទីស្នាក់ការ​បក្ស​កុម្មុយនិស្ត​ចិន ខេត្ត​ Shanxi កើតឡើង​ក្នុង​ក្រុង​សំខាន់របស់​ខេត្ត គឺ​ក្រុង Taiyuan។ ក្រុង​នេះជា​បេះដូង​របស់ខេត្ត ហើយ​ទីស្នាក់ការ​បក្ស​កុម្មុយនិស្ត​ចិន ក៏​​តំណាង​អោយ​បេះដូង និង​ការគ្រប់គ្រង​អំណាចរបស់​រដ្ឋាភិបាល​​ចិន​ផងដែរ។

២-ហេតុការណ៍​រថយន្ត​បុក​របាំង​និង​អ្នកដំណើរ​នៅ​ទីលានធានអានមេន ៖ ទីលាន​ធានអានមេន តំណាង​​ទីលាន​ប្រជាធិបតេយ្យ​ ធ្លាប់​មាន​ចលនានិស្សិត​បះបោរ​ឆ្នាំ​១៩៨៩ ហើយ​អាជ្ញាធរ​បង្ក្រាប​ដោយ​ប្រើ​ហិង្សា​បង្ហូរឈាម។ ថ្វីបើ​​គ្រាប់បែក​ដែលផ្ទុះ​នៅ​ថ្ងៃ​ពុធ​នេះ​អាច​ជា​គ្រាប់បែក​ច្នៃ​ក៏ដោយចុះ គណបក្ស​កុម្មុយនិស្ត​ចិន ប្រហែល​​ជាផ្ទាំង​នៃ​ការវាយប្រហារ​សងសឹកណាមួយ​មិនខាន។

ម្យ៉ាង​វិញទៀត ចិន​ចាត់ទុក​ខេត្ត​ Shanxi ដែល​​មាន​ហេតុការណ៍ផ្ទុះ​នេះ ជា​ខេត្តតំណាង​វប្បធម៌​​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ។ សេដ្ឋកិច្ចខេត្ត​ទៀតសោត​ ត្រូវ​បាន​គេ​កត់ចាប់អារម្មណ៍​ ​ដោយសារ​តែ​ខេត្តនេះ ​សំបូរធនធាន​ប្រេង​ និង​ធ្យូង។ អាជ្ញាធរ​មិន​ចាំបាច់​ប្រើមាត់ក បញ្ចេញកម្លាំង​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគនោះ​ទេ។

ហេតុការណ៍​ផ្ទុះគ្រាប់បែក​​ចំក្នុង​ខេត្ត​ដែល​ជាក្តីសង្ឃឹម​នៃសេដ្ឋកិច្ច​ជាតិ មានន័យថា គឺ​ចង់សំដៅ​វាយប្រហារ​​អំណាច​គ្រប់គ្រង​​របស់​បក្ស​កុម្មុយនិស្ត​ចិន​ហើយ។ 

ទន្ទឹម​នេះដែរ នៅ​ចុងសប្តាហ៍​នេះ គណៈកម្មការ​បក្ស​កុម្មុយនិស្ត​ចិន ត្រូវ​​រៀបចំ​កិច្ច​ប្រជុំធំមួយ​ ស្តីពី​កំណែទម្រង់​សេដ្ឋកិច្ច​។ ហេតុការណ៍​កើតឡើង​ចំខេត្ត​ Shanxi ជា​ខេត្ត​សេដ្ឋកិច្ច​មួយ។ ជនដៃដល់​​បង្ក​ការ​​បំផ្ទុះ​គ្រាប់បែក ប្រហែល​ជា​ចង់​ព្រមាន​រដ្ឋាភិបាល​ចិន​ ជុំវិញ​បញ្ហា​សេដ្ឋកិច្ច​ណាមួយ​ហើយ។

និយាយ​បក​មក​មើល​ហេតុផលខាងដើម​​វិញ បើ​គ្រាប់បែក​ផ្ទុះទាំងនោះ ​ជា​គ្រាប់បែក​ច្នៃដោយដៃ មានន័យថា ជនដៃដល់​ទាំង​នោះ ​អាច​សងសឹក ​​រឺវាយប្រហារ​បក្សរដ្ឋអំណាច​ចិននោះ ​ដើម្បី​បុព្វហេតុ​ផ្ទាល់ខ្លួនផងដែរ។

ហេតុការណ៍​ស្រដៀងៗគ្នា​នេះ ធ្លាប់មានកើតច្រើន​ហើយ នៅប្រទេស​ចិន គិត​ពី​ឆ្នាំ២០០៨ មក ដើម្បី​បុព្វហេតុ​សងសឹក​ផ្ទាល់ខ្លួន

ខែ​កក្កដា ឆ្នាំ២០០៨៖  នៅ​ក្រុង Kunming ខេត្ត​ Yunnan ភាគនិរតី ​បុរស​ម្នាក់​បាន​បង្ក​ការ​ផ្ទុះ​រថយន្ត​ក្រុង​ពីរ​ផ្សេងគ្នា ធ្វើ​អោយ​មនុស្សស្លាប់​២នាក់។ ​៥ខែ​ក្រោយ​ពីហេតុការណ៍​នោះ បុរស​ដដែល​នោះ​ បាន​ធ្វើអត្តឃាត​បំផ្ទុះ​ខ្លួនឯង។

ខែមិថុនា​ ២០០៩ ៖ ជន​គ្មាន​ការងារ​ធ្វើ​ម្នាក់ បាន​ដុតរថយន្ត​ក្រុង​មួយ នៅ​ភាគ​និរតី​ប្រទេស​ធ្វើអោយអ្នកដំណើរ​ស្លាប់ ២៨នាក់ និង​របួស​ជាង​៧០នាក់។

ចំនុច​រួម​នៃហេតុការណ៍​ទាំងនេះ គឺ​ថា​ជាហេតុការណ៍​ដែល​កើតឡើង​​ចំ​ក្រុង​សំខាន់ៗនៃខេត្ត រឺ​ក៏ចំទីកន្លែង​សំខាន់ៗ​របស់​រដ្ឋ។

ហេតុការណ៍​រថយន្ត​បុក​របាំង​ និង​អ្នកដំណើរ​នៅ​ទីលាន​ធានអានមេន​ នៅ​មិនទាន់​មាន​ក្រុមណា​រឺ​ជនណា​ចេញមុខ​អះអាង​ថា ខ្លួន​ជា​អ្នកប្រព្រឹត្ត

 
អាជ្ញាធរ​ផ្នែក​សន្តិសុខ​​ចិន ប្រាប់ថា ហេតុការណ៍​​រថយន្ត​បុករបាំង​ កាលពី​១០ថ្ងៃ​មុននោះ គឺ​ជាអំពើ​ភេរវកម្ម បង្ក​ឡើង​ដោយ​​ដោយ​ពួក​អ៊ុយហ្គួ ជា​សហគមន៍​ជនជាតិ​ភាគតិច​ចិន កាន់សាសនា​អ៊ីស្លាម ហើយ​ថា គឺ​​មកពី​ចលនា​អ៊ីស្លាម​តួកេស្តង់ ភាគខាងកើត ក្នុង​​តំបន់​ស៊ីនជាំង​ប្រទេស​ចិន។ អង្គការ​សហប្រជាជាតិ​ចាត់ទុក​ក្រុម​នេះ ថា​ជាក្រុម​ភេរវជន។ក្រុម​អ៊ីស្លាម​នេះ ជា​ក្រុម​ផ្តាច់ទឹកដី​និយម។ កាលពី​ជាង​មួយសតវត្សរ៍​មុន​ ចិន​បាន​លេបយក​តំបន់​ស៊ីនជាំង​នេះ ជា​កម្មសិទ្ធិ​របស់ខ្លួន។ ក្រុមអ៊ីស្លាម​តួកេស្តង់ភាគ​ខាងកើត​មួយនេះ មាន​ការ​មិនសុខចិត្ត​នោះទេ។

រដ្ឋាភិបាល​ចិន​ចង់​ផ្សាភ្ជាប់​ហេតុការណ៍ទីលាន​​ធានអានមេន​ ទៅ​នឹង​ហេតុផល​នយោបាយ។ ទាក់ទង​ហេតុការណ៍នេះ កន្លងមក អាជ្ញាធរ​ចិនធ្លាប់​បាន​​ចាប់ខ្លួនសកម្មជន​អ៊ីស្លាម​៥នាក់។ ​ប៉ុន្តែ អាជ្ញាធរ​នៅ​តែ​មិនទាន់​មាន​ភស្តុតាង​គ្រប់គ្រាន់ ច្បាស់លាស់ ​ដើម្បី​បញ្ជាក់​ការ​ចោទប្រកាន់​​ទៅលើ​ក្រុម​ចលនា​អ៊ីស្លាម​ផ្តាច់ខ្លួន​នេះទេ។

បើ​យើង​ពិនិត្យ​មើល​គ្រាប់បែក​ដែល​បាន​ផ្ទុះ​នៅទីលាន​ធានអានមេន​ទៀត​នោះ គឺ​​ជា​គ្រាប់បែក​ច្នៃ។ អ្នកវិភាគ​មួយចំនួន​ពិបាក​ជឿជាក់​លើ​ការចោទប្រកាន់​របស់​អាជ្ញាធរ​ចិន​ ទៅលើ​ចលនា​អ៊ីស្លាមនេះណាស់។

ដោយឡែក ប៉ូលិស​ប្រាប់ថា អ្នកបើកបរ​រថយន្ត​បុក​ទីលាន​ធានអានមេន​​ និង​អ្នកនៅ​ក្នុង​រថយន្តទាំងអស់​នោះ ​គឺស្ថិត​ក្នុង​ក្រុមគ្រួសារ​តែមួយ។ យោងតាម​វិទ្យុ​អាស៊ីសេរី​ អ្នកបើកបរ​រូបនោះ ថ្វីបើ​ជា​ជនជាតិ​អ៊ុយហ្គួក្តី គាត់​អាច​សងសឹក​​ផ្ទាល់ខ្លួន ព្រោះ​គាត់​​បាន​បាត់បង់​សមាជិក​គ្រួសារ​ម្នាក់ ក្នុង​អំពើ​ហិង្សា​បះបោរ​សហគមន៍​ កាលពី​ឆ្នាំ​២០០៩ នៅក្រុង ​Urumqi ខេត្ត​ស៊ីនជាំង។ សមាជិក​គ្រួសារ​បុរស​នោះ ស្លាប់​នៅ​ឯខេត្ត​ស៊ីនជាំង​ឯណោះទេ តែ​គាត់​បាន​មក​សងសឹក​នៅ​ក្រុងប៉េកាំង​ឯណេះ​ទៅវិញ។ ស​បញ្ជាក់​ថា ការសងសឹក​ផ្ទាល់ខ្លួនអាច​
ធ្វើបាន​ នៅ​គ្រប់កន្លែង​ទាំងអស់​ ក្នុង​ប្រទេស​ចិន ទោះ​ជា​អ្នកសងសឹក​បុព្វហេតុ​ផ្ទាល់ខ្លួន ចេញ​ពីប្រភព​ណាក៏ដោយ។

កាលពី​ថ្ងៃ​អាទិត្យកន្លងទៅ​​ បក្ស​កុម្មុយនិស្ត​ចិន​​បាន​ដកហូតតំណែង​​មេបញ្ជាការយោធា​ម្នាក់ តែ​កាសែត​ចិន​នៅ​មិនទាន់​បាន​ដឹង​ថា​មកពី​មូលហេតុ​អ្វី​ច្បាស់លាស់​ទេ។ ប្រសិន​បើ​ការសងសឹក​ធ្វើ​បាន​នៅគ្រប់​កន្លែង ការ​បំផ្ទុះ​គ្រាប់បែក​នៅក្បែរ​ទីស្នាក់ការ​បក្ស​កុម្មុយនិស្ត​ចិន​ នៅ​ថ្ងៃ​ពុធនេះ នៅ​ខេត្ត​ Shanxi ​ភាគ​​ខាង​ជើងប្រទេស​ ក៏​អា​ចថា​ជាការសងសឹក​ទៅនឹង​ហេតុការណ៍​ដកតំណែងមេយោធា​នោះផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ