អានតួអត្ថបទ
កម្ពុជា

សង្គម​​ស៊ីវិល​​មួយ​ក្រុម​​ការពារ​​លោក​«​Alex​»​ថា​​ជា​​វីរជន​​បរិស្ថាន​

«Alex ​មិន​ត្រឹម​តែ​ជា​វីរជន​បរិស្ថាន សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​វីរជន​បរិស្ថាន​សម្រាប់​ពិភពលោក​ទាំងមូល​»។ នេះ​គឺ​ជា​ការ​លើក​ឡើង របស់​លោក​កែម ឡី ស្ថាបនិក​នៃ​បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ស្តី​ពី ក្រសួង​មហាផ្ទៃ​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​លោក​Alex សកម្មជន​ការពារ​ព្រៃឈើ​តំបន់​អា​រ៉ែ​ង។ ជា​សន្និសីទកាសែត ដែល​ត្រូវបាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី ១៨​កុម្ភៈ​នេះ នៅ​ឯ​ស្នាក់ការ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍។ 

សន្និសីទកាសែត ស្តីពីការដកទិដ្ឋាការរបស់លោក​ Alex នៅថ្ងៃទី ១៨កុម្ភៈឆ្នាំ២០១៥។
សន្និសីទកាសែត ស្តីពីការដកទិដ្ឋាការរបស់លោក​ Alex នៅថ្ងៃទី ១៨កុម្ភៈឆ្នាំ២០១៥។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ដូច​ការ​គ្រោង​ទុក នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិ​ធម៌​សង្គម រួម​គ្នា​ជាមួយ​បណ្ដាញ​យុវជន​ចំនួន​៣ ផ្សេង​ទៀត បាន​រៀបចំ​សន្និសីទ​កាសែត​និយាយ​ពី​ការ​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​ជនជាតិ​អេស្ប៉ាញ​គឺ​លោក Alex ។

លោក​កែម ឡី បាន​សម្តែង​ការ​សោកស្តាយ និង​ខក​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​រដ្ឋាភិបាល ដែល​មិន​យល់​ព្រម​បន្ត​សិទ្ធិ​ទិដ្ឋាការ​ឲ្យ​លោក​ Alex បាន​ត​ទៅ​ទៀត។ លោក​បាន​បន្ត​ថា កន្លងមក​លោក​បាន​សង្កេត​ឃើញ​ថា​ Alex ​គឺ​ជា​មនុស្ស​ម្នាក់ ដែល​មាន​កាយវិការ​ត្រឹមត្រូវ ​និង​ស្រលាញ់​បរិស្ថាន​យ៉ាង​ពិត​ប្រាកដ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ Alex ​បាន​ជួយ​បណ្តុះ​ស្មារតី​និង​គំនិត​ស្រលាញ់​ធម្មជាតិ​ដល់​យុវជន​ខ្មែរ​ជាច្រើន។ ជាពិសេស​គឺ​យុវជន​នៅ​ក្នុង​តំបន់​អារ៉ែង​ផ្ទាល់​តែម្តង។

ប៉ុន្តែ​ការ​យល់ឃើញ​របស់​សង្គម​ស៊ីវិល​ទាំង​ប៉ុន្មាន​នេះ ត្រូវ​បាន​លោក​ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​របស់​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ​នឹង​ផ្តល់​ទិដ្ឋាការ​ឲ្យ​ Alex ​ជា​បន្តទៀត​ប្រសិន​បើ​អា​ឡិច​ចាក​ចេញពី​ប្រទេស​កម្ពុជា ហើយ​វិល​ត្រលប់​មកវិញ​នោះ។ លោក​បាន​បន្ត​ថា ទិដ្ឋាការ​របស់​ Alex ​ត្រូវបាន​ពន្យារ​ជាច្រើន​ដង​មក​ហើយ​ចាប់​ពី​ Alex ​ចូល​មក​រស់នៅ​ក្នុងស្រុក​ខ្មែរ​ក្នុង​ឆ្នាំ ២០០៦។ ហើយ​នៅ​ពេលនេះ ក៏​ក្រសួង​មិន​រើសអើង​ចំពោះ​ជនជាតិ​អេស្ប៉ាញ​ម្នាក់នេះ​ទេ ប៉ុន្តែ​គ្រាន់តែ​ទិដ្ឋាការ​ដែល​ Alex ​កំពុង​ប្រើប្រាស់​រាល់​ថ្ងៃ​នេះ នឹង​ត្រូវ​អស់​សុពលភាព​នៅ​ថ្ងៃ​ទី ២០​កុម្ភៈ​ខាង​មុខ​នេះ។

ជាមួយគ្នា​នេះ​ដែរ ព្រះ​តេជគុណ​ប៊ុត ប៊ុន​តិ​ញ ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិ​ធម៌​សង្គម បាន​សម្តែង​ការ​ព្រួយបារម្ភ​ថា ប្រសិនបើ​ Alex ​នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា​ពេលនេះ នោះ​គឺ​ពិបាក​នឹង​ត្រលប់​ចូលមក​វិញ។ ព្រះអង្គ បាន​ឲ្យ​ឧទាហរណ៍​ដូចជា​ករណី​អ្នកឃ្លាំមើល​របស់​អង្គការ Global Witness ជា​ដើម គឺ​«​ចេញ​ទៅ​មិន​បាន​ការពារ ចូល​មក​វិញ​អត់​បាន»។

លោក​កែម ឡី​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន ដល់​រដ្ឋាភិបាល​ថា គួរ​តែ​ទាញ​យក​ផលប្រយោជន៍​ឲ្យ​បាន​ច្រើន​ពី Alex ព្រោះថា​កន្លង​មក​សកម្ម​ជន​ការពារ​បរិស្ថាន​ម្នាក់ បាន​ធ្វើ​កិច្ចការ​ជា​ច្រើន ដើម្បី​ជួយ​ទប់ស្កាត់ មិន​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ​ព្រៃឈើ នៅ​ក្នុង​តំបន់​អារ៉ែង ក្រោម​រូបភាព​សាងសង់​ទំនប់​វារី​អគ្គិសនី ដែល​មាន​កម្លាំង​ត្រឹម​តែ ១០៨​មេកា​វ៉ា​ត់។ ជួយ​បណ្តុះបណ្តាល​ស្មារតី​ការពារ​បរិស្ថាន ដល់​ក្រុម​យុ​ជន​ខ្មែរ​ជា​ច្រើន។ ហើយ​លោក ក៏​បាន​បន្ត​ទៀត​ថា រដ្ឋាភិបាល​គួរតែ​យក​ឱកាស​នេះ​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍ ដែល​ត្រូវ​បាន​ការពារ​ដោយ​ជនជាតិ​បរទេស​រូបនេះ​ឲ្យ​បាន​ទូលំទូលាយ​ទាំង​ក្នុង និង​ក្រៅប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ