អានតួអត្ថបទ
អ៊ីស្រាអែល-ដែនដីប៉ាឡេស្ទីន

បរិយាកាស​តានតឹង​ឡើង​វិញ​នៅ​តំបន់​ Cisjordanie​ដែន​ដី​ប៉ាឡេស្ទីន​

ដែនដីប៉ាឡេស្ទីន​ កំពុង​ជួប​នឹង​ភាព​តានតឹង​ឡើង​វិញ ដោយ​កាល​ពី​យប់​ថ្ងៃ​ពុធ​ម្សិលមិ។ កង​ទ័ព​អ៊ីស្រាអែល បាន​បាញ់​ត្រូវ​ក្មេង​ជំទង់​ប៉ាឡេស្ទីនពីរ​នាក់​បណ្តាល​ឲ្យ​ស្លាប់​នៅ Cisjordanie។ នៅ​តំបន់​ Cisjordanie អំពើ​​ហិង្សា​បាន​ចាប់ផ្ទុះ​ឡើង​វិញ ក្រោយពី​អ្នកទោស​ប៉ាឡេស្ទីន​ម្នាក់​​អាយុ​៦៤ឆ្នាំ​បាន​ស្លាប់​នៅ​ក្នុង​គុក​អ៊ីស្រាអែល​ដោយ​ជម្ងឺ​មហារីក។​ អ្នកទោស​ប៉ាឡេស្ទីន​ដែល​ត្រូវ​តុលាការ​​​​អ៊ីស្រាអែលកាត់ទោស​ជាប់​គុគ​អស់​មួយ​ជីវិត​ពី​បទ​ប៉ុនប៉ង​ធ្វើ​អំពើ​ភេរវកម្ម​មួយ​នៅ​ក្រុង​Jérusalem កាលពី​ឆ្នាំ​២០០២។

អ្នកទោសប៉ាឡេស្ទីនម្នាក់បានជួបគ្នាគេនៅតំបន់ហ្កាហ្សាថ្ងៃទី១៨តុលាឆ្នាំ២០១២
អ្នកទោសប៉ាឡេស្ទីនម្នាក់បានជួបគ្នាគេនៅតំបន់ហ្កាហ្សាថ្ងៃទី១៨តុលាឆ្នាំ២០១២ Ilia Yefimovich/Getty Images
ផ្សាយពាណិជ្ជកម្ម

សាកសព​ក្មេង​ប៉ាឡេស្ទីន ត្រូវ​បាន​ទាហាន​អ៊ីស្រាអែល​នាំ​យក​ទៅ​ដាក់​នៅ​មន្ទីរពេទ្យ​មួយ​ក្បែរ​ក្រុង Toulkarem ក្នុង​ភាគ​ខាង​ជើង​តំបន់​ Cisjordanie ក្នុង​ដែនដី​ប៉ាឡេស្ទីន ដោយ​ពុំ​បាន​បញ្ជាក់​ពី​ការ​ទទួលខុស​ត្រូវ​របស់​ខ្លួន​នៅ​ក្នុង​មរណភាព​ក្មេង​ប៉ាឡេស្ទីន​នេះ​ឡើយ។

ក៏ប៉ុន្តែ កងទ័ព​អ៊ីស្រាអែល គ្រាន់តែ​​និយាយ​ថា ពួក​គេ បាន​បាញ់​តម្រង់​ទៅ​លើ​ទិស​ដែល​ពួក​ជន​ប៉ាឡេស្ទីន​នាំ​គ្នា​​គប់​​គ្រឿង​ឆេះ មក​លើ​ប៉ុស្ត៍​យាម​​ល្បាត​របស់​ទាហាន​អ៊ីស្រាអែល​មួយ​នៅ​ក្នុង​សង្កាត់​នេះ​ខណៈ​ដែល​​ពេល​យប់មកដល់​។

ជា​ក្មេង​រង​គ្រោះ​ប៉ាឡេស្ទីន​លើក​ទី​ដំបូង​​ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​អំពើ​ហិង្សា​ឡើង​វិ​ញ​នៅ​តំបន់ Cisjordanie និង​នៅ​ហ្កាហ្សា ដែល​បណ្តាល​មក​ពី​មរណភាព​របស់​អ្នក​ទោស​ប៉ាឡេស្ទីន​ម្នាក់​អាយុ​៦៤​ឆ្នាំ​ដោយ​រោគ​មហារីក​កាលពី​ថ្ងៃ​អង្គារ​មុន។ អ្នកទោស​ប៉ាឡេស្ទីន​នេះ ត្រូវ​តុលាការ​អ៊ីស្រាអែល ដាក់ទោសក្នុងពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម​ប្រឆាំង​តៀម​កាហ្វេ​មួយ​នៅ​ក្រុង Jérusalem​ក្នុង​ឆ្នាំ​២០០២។​​
ពិធី​បញ្ចុះ​សព​អ្នកទោស​ប៉ាឡេស្ទីន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​​ក្រុង​ Hébroon អាច​នឹង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ជា​ថ្មី​ឡើង​វិញ។

អំពើ​ហិង្សា​ ដែល​បាន​កើត​ឡើង​​ទៅ​ហើយ​រវាង​កងទ័ព​អ៊ីស្រាអែល​និង​ជន​​ប៉ាឡេស្ទីន​រាប់​សិប​នាក់​នៅ​តំបន់​ Cisjordanie។​ទាហាន​អ៊ីស្រាអែល បាន​បាញ់​ឧស្ម័ន​បង្ហូរ​​ទឹក​ភ្នែក​និង​​គ្រាប់​កៅស៊ូ តបត​នឹង​ការ​គប់​ដុំថ្ម​និង​គ្រឿង​បញ្ឆេះ​ពី​សំណាក់​ពួក​​ប៉ាឡេស្ទីន។

បាតុករ​ប៉ាឡេស្ទីន បាន​ស្រែក​បរិហារ​ថា អ៊ីស្រាអែល គ្មាន​​យក​ចិត្ត​ទុក​ដាក់​អ្វី​ទេ​​ទៅ​លើ​ពួក​អ្នក​ទោស​ប៉ាឡេស្ទីន ​ដូច្នេះហើយ បាន​ជា​មាន​អ្នក​ទោស​ប៉ាឡេស្ទីន​ម្នាក់​ត្រូវ​​ស្លាប់​។ មូលហេតុ​មក​ពី​អ្នកទោស​ប៉ាឡេស្ទីន​នេះ គ្មាន​​បាន​ទទួល​ការ​ព្យាបាល​ចាំបាច់​សម្រាប់​ជម្ងឺ​មហារីក។ អ៊ីស្រាអែល បាន​បដិសេធ​លើ​ការ​បរិហារ​របស់​ប៉ាឡេស្ទីន​​ភា្លមៗដែរ។

នៅអ៊ីស្រាអែល អ្នកទោសប៉ាឡេស្ទីន ប្រមាណជា​៤៦០០​នាក់ បាន​ធ្វើ​កូដកម្ម​អត់​ទទួល​ទាន​អាហារ តាំងពី​ថ្ងៃ​ពុធម្សិលមិញ​រហូត​៣​ថ្ងៃ​ ដើម្បី ជា​សញ្ញា​ប្រឆាំង​ទល់​នឹង​មរណភាព​របស់​អ្នកទោស​ប៉ាឡេស្ទីន​នេះ។ នៅ​ក្នុង​ក្រុង​ Cisjordanie​វិញ​ ពួក​អ្នក​ជំនួញ បាន​នាំ​គ្នា​បិទ​ទ្វារ​ហាង​លក់​ទំនិញ​របស់​ពួក​គេ​ជា​សញ្ញា​ដើម្បី​សាម្គីភាព​របស់​ពួក​គេ។​
ស្ថានភាពតានតឹង​ក៏​កើន​ឡើង​ដែរ នៅ​តំបន់​ព្រំដែន រវាង​តំបន់​ហ្កាហ្សា​និង​អ៊ីស្រាអែល ទោះបី​ជា​មាន​ភាព​ស្ងប់ស្ងាត់​​នៅ​ពេល​យប់​ក្តី។

ប៉ុន្មានម៉ោង​ក្រោយពី​​ការ​បាញ់​រ៉ុកកែត​៣​គ្រាប់​ចេញ​ពី​តំបន់​ហ្កាហ្សា​កាល​ពី​ថ្ងៃ​អង្គារ​មុន យន្តហោះ​អ៊ីស្រាអែល បាន​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​ដែនដី​ប៉ាឡេស្ទីន​ជា​លើក​ទី​មួយ​ចាប់តាំង​ពី​សង្គ្រាម​៨​ថ្ងៃ​នៅ​​ខែ​វិច្ឆិកា។ គ្រាប់​រ៉ុកកែត​ថ្មីៗ ដែល​បាន​បាញ់​ចេញ​ពី​ហ្កាហ្សា​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ធ្លាក់​ចូល​ដែនដី​អ៊ីស្រាអែល​តែ​ពុំ​បាន​បណ្តាល​ឲ្យ​មាន​ជន​រងគ្រោះ​ឡើយ។

ការ​កើន​ឡើង​ខ្លាំង​នៃ​អំពើ​ហិង្សា​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន បាន​ប្រព្រឹត្ត​ទៅ​នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក John Kerry ប្រមុខ​ការទូត​អាមេរិក​នៅ​សប្តាហ៍​ក្រោយ​នៅ​ទីក្រុង​Jérusalem​និង​Ramallah៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ