អានតួអត្ថបទ
កម្ពុជា

កិច្ច​ចរចា​ក្រុម​ការងារ​បច្ចេកទេស មិន​ទាន់​មាន​លទ្ធផល តែ​ព្រម​ព្រៀង​ជួប​គ្នា​ម្តង​ទៀត នៅ​ចុង​សប្តាហ៍​នេះ​

ក្រុម​ការងារ​បច្ចេកទេស​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ បាន​ចំណាយ​ពេល ៣​ម៉ោង ដើម្បី​ជួប​ប្រជុំ​ចរចា​គ្នា ជា​ថ្មី កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។ កិច្ច​ប្រជុំ​ចរចា​ដោយ​បិទ​ទ្វារ នៅ​រដ្ឋសភា បាន​ជជែក​ពី​ការ​កែ​ទម្រង់​ការ​បោះឆ្នោត តែ​មិន​មាន​លទ្ធផល ត្រូវ​បាន​ប្រកាស​ចេញ​ទេ។ ក្នុង​នោះ ការ​បែងចែក​អំណាច និង​ការ​សម្រេច​ទៅ​ចូលរួម​ប្រជុំ​រដ្ឋសភា សម្រាប់​គណបក្ស​សង្គ្រោះជាតិ មិន​មាន​លើក​ឡើង​ទេ។

ការ​ជួបប្រជុំ រវាង​តំណាងគណបក្សប្រជាជនកម្ពុជា និង​គណបក្សសង្គ្រោះជាតិ។
ការ​ជួបប្រជុំ រវាង​តំណាងគណបក្សប្រជាជនកម្ពុជា និង​គណបក្សសង្គ្រោះជាតិ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្រុម​ការងារ​បច្ចេកទេស​ជាន់ខ្ពស់ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក ព្រំ​សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក សុន ឆ័យ ដែលមាន​សមាសភាពម្ខាងៗ ៥ រូប បាន​ចំណាយពេល​ប្រជុំ​ចរចា​ប្រមាណ ៣ ម៉ោង ចាប់តាំងពី​ព្រឹក​ម៉ោង ៩ ថ្ងៃ​អង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣។ កិច្ចប្រជុំ​ចរចា​ដោយ​បិទទ្វារ នៅ​រដ្ឋសភា និយាយ​ពី​ការកែទម្រង់​ការបោះឆ្នោត គឺ​លទ្ធផល​មិនមាន​ផ្លែផ្កា​អ្វី​ទេ ដោយ​គេ​នៅ​រង់ចាំ​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ ជាមុនសិន។

 
ក្រុមការងារ​ទាំងពីរ បាន​ព្រមព្រៀងគ្នា​ថា នឹង​ជួបប្រជុំគ្នា​ម្តងទៀត នៅ​ចុង​សប្តាហ៍​នេះ តែ​មិនទាន់​កំណត់​ថ្ងៃ​ពិតប្រាកដ​នៅឡើយ​ទេ។

ក្នុង​សន្និសីទកាសែត បន្ទាប់ពី​កិច្ចប្រជុំ នៅ​រសៀល​ម៉ោងជាង ១២ ថ្ងៃត្រង់ លោក ព្រំ​សុខា តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ តំណាង​ដោយ​លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា កិច្ចប្រជុំ​ចរចា​នោះ លើកឡើង​តែ​ពី​ការកែទម្រង់​ការបោះឆ្នោត ដែល​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ បាន​ព្រមព្រៀងគ្នា កាលពី​កិច្ចប្រជុំ​ចរចា​ថ្នាក់​កំពូល កាលពី​ថ្ងៃទី១៦កញ្ញា។

លោក ព្រំ សុខា ប្រធាន​ក្រុមការងារ​បច្ចេកទេស របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់ថា កិច្ចប្រជុំ​នៅ​ព្រឹក​មិញ មិនបាន​ជជែក​ពី​ការស៊ើបអង្កេត រក​ការពិត នៃ​លទ្ធផល​បោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ទេ។ កិច្ចប្រជុំ មិនទាន់​ចេញ​លទ្ធផល​ទេ តែ​ជា​យន្តការ​មួយ ដើម្បី​ឈានទៅរក​ការកែទម្រង់​ការបោះឆ្នោត នាពេលខាងមុខ។ រីឯ​ការជជែក​ពី​ការបែងចែក​អំណាច គឺ​មិនមាន​ទេ ដោយ​ហួស​ពី​សមត្ថភាព​របស់​ក្រុមការងារ​ហើយ។

ចំណែក​លោក យឹម សុវណ្ណ ក៏បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ជជែក​ពី​ការចូលរួម​ប្រជុំ​រដ្ឋសភា​ទេ នៅពេលនេះ ហើយ​បាន​ព្រមាន​ពី​លទ្ធភាព​នៃ​ការធ្វើ​បាតុកម្ម​តវ៉ា​ជាថ្មី បើសិនជា​កិច្ចចរចា មិនមាន​លទ្ធផល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ