អានតួអត្ថបទ
អ៊ីរ៉ង់

វិបត្តិ​នុយក្លេអ៊ែរ៖ តើ​ការ​ប្រើ​កម្លាំងទ័ព​វាយប្រហារ​លើ​អ៊ីរ៉ង់​អាច​ជះ​ផលវិបាក​អ្វីខ្លះ?

ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (AIEA) កំពុង​ត្រៀម​ចេញផ្សាយ​របាយការណ៍​មួយ បង្ហាញ​អំពី​ភស្តុតាង​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​យោធា​របស់​អ៊ីរ៉ង់។ ក្នុងពេល​ជាមួយ​គ្នា​នេះ បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​អ៊ីស្រាអែល​បាន​ចុះផ្សាយ​ថា រដ្ឋាភិបាល​អ៊ីស្រាអែល​កំពុង​ពិភាក្សា​គ្នា​ជុំវិញ​គម្រោង​ប្រើ​កម្លាំង​ទ័ព​វាយប្រហារ​កម្ទេច​ទីតាំង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។

អៀរ៉ង់​អះអាង​ថា​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​​ធ្វើ​ឡើង​ក្នុង​គោលដៅ​ស៊ីវិល ស្រប​តាម​សន្ធិសញ្ញា​មិនរីក​សាយភាយ​​នុយក្លេអ៊ែរ
អៀរ៉ង់​អះអាង​ថា​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​​ធ្វើ​ឡើង​ក្នុង​គោលដៅ​ស៊ីវិល ស្រប​តាម​សន្ធិសញ្ញា​មិនរីក​សាយភាយ​​នុយក្លេអ៊ែរ ©AFP
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​របស់​ AIEA អាច​នឹង​ត្រូវ​ចេញ​ផ្សាយ នៅថ្ងៃ​អង្គារ ឬ​ថ្ងៃ​ពុធ សប្តាហ៍​នេះ។ ក៏ប៉ុន្តែ ខ្លឹមសារ​​សំខាន់ៗ​នៃ​របាយការណ៍នេះ​​ត្រូវបាន​លេចធ្លាយ ហើយ​ត្រូវបាន​បណ្តាញ​សារព័ត៌មាន​ជាច្រើន​ចុះផ្សាយ​ជាបន្តបន្ទាប់។

នៅក្នុង​​របាយការណ៍​នេះ AIEA អាច​នឹង​បង្ហាញ​ព័ត៌មាន​អំពី​លក្ខណៈ​យោធា​នៃ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។ ដោយមាន​ជំនួយ​ពី​កូរ៉េ​ខាង​ជើង និង​អ្នកជំនាញ​របស់​អតីត​សហភាព​សូវៀត អ៊ីរ៉ង់​ទំនង​ជា​កំពុង​ធ្វើការ​សិក្សា​អំពី​លទ្ធភាព​ផលិត​ក្បាលគ្រាប់​នុយក្លេអ៊ែរ។

យោងតាម​បណ្តាញ​សារព័ត៌មាន​អ៊ីស្រាអែល លោក​​នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ កំពុងតែ​ព្យាយាម​រក​ការគាំទ្រ​ពី​សមាជិក​គណៈរដ្ឋមន្រ្តី ដើម្បី​បើក​ការ​វាយប្រហារ​​លើ​​ទីតាំង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។ កាលពីថ្ងៃ​អាទិត្យ ៦ វិច្ឆិកា ២០១១ លោក​ស៊្ហីម៉ុន ពេរេស (Shimon Peres) ប្រធានាធិបតី​អ៊ីស្រាអែល​ បាន​ព្រមាន​ថា ការប្រើកម្លាំង​ទ័ព​វាយប្រហារ​លើ​អ៊ីរ៉ង់​ទំនង​ជា​កាន់តែ​ជិត​ក្លាយ​ជា​ការពិត។

គួររំឭកថា កាលពី​ឆ្នាំ​១៩៨១ អ៊ីស្រាអែល​បាន​ទម្លាក់គ្រាប់បែក​​កម្ទេច​ទីតាំង​នុយក្លេអ៊ែរ​មួយ​កន្លែង​នៅ​អ៊ីរ៉ាក់។ នៅឆ្នាំ​២០០៧ យន្តចម្បាំង​អ៊ីស្រាអែល​បាន​កម្ទេច​ទីតាំង​មួយ​កន្លែងនៅ​ស៊ីរី ដែល​អ៊ីស្រាអែល​សង្ស័យថា​ជា​ទីតាំង​នុយក្លេអ៊ែរ។

អ៊ីរ៉ង់​​គឺ​ជា​សត្រូវ​ស៊ីសាច់​ហុតឈាម​របស់​អ៊ីស្រាអែល។ លោក​ម៉ះមូដ អះម៉ាឌីនចាត ប្រធានាធិបតី​អ៊ីរ៉ង់ ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​​ចង់​កម្ទេច​ប្រទេស​អ៊ីស្រាអែល​ចេញ​ឲ្យ​បាត់​ពី​ផែនទី​ពិភពលោក។ ដូច្នេះ ប្រសិន​បើ​អ៊ីស្រាអែល​យល់ថា អ៊ីរ៉ង់​ពិតជា​កំពុង​ផលិត​អាវុធ​នុយក្លេអ៊ែរ​មែន អ៊ីស្រាអែល​ប្រាកដ​ជា​មិន​ញញើត​ក្នុង​ការប្រើ​កម្លាំង​ទ័ព​នោះទេ។

ក៏ប៉ុន្តែ ការប្រើកម្លាំងទ័ព​វាយប្រហារ​លើទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​អាច​នឹង​​​បង្ក​អស្ថិរភាព​ក្នុង​តំបន់ ឬ​ក៏​អាច​រាលដាល​ទៅ​ជា​សង្រ្គាម​ទៀតផង។ អ៊ីរ៉ង់​អាច​នឹង​ប្រើ​កូនជឹង​របស់​ខ្លួន គឺ​ក្រុម Hezbollah ដែល​កំពុង​កាន់អំណាច​នៅ​លីបង់ និង​ក្រុម​ Hamas នៅ​ប៉ាឡេស្ទីន ឲ្យ​បង្ក​សង្រ្គាម​ជាមួយ​អ៊ីស្រាអែល។

ចាប់តាំង​ពី​ប៉ាឡេស្ទីន​​សុំចូល​ជា​សមាជិក​អ.ស.ប. ហើយ​ដែល​ត្រូវ​អ៊ីស្រាអែល និង​អាមេរិក​ជំទាស់មក នៅពេលនេះ ស្ថានភាព​នៅ​តំបន់​ដើមបូព៌ា​កំពុង​តែ​តានតឹងស្រាប់។ ដូច្នេះ ប្រសិនបើ​សង្រ្គាម​ផ្ទុះ​ឡើង​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ជម្លោះ​នេះ​ងាយ​នឹង​រាលដាល​ទៅ​កាន់​ប្រទេស​អារ៉ាប់​ផ្សេងទៀត។

ម្យ៉ាងទៀត មេដឹកនាំ​ស៊ីរី ដែល​ជា​ប្រទេស​ជិត​ខាង​អ៊ីស្រាអែល​ក៏​មាន​ទំនាក់ទំនង​ជិតដិត​ជាមួយ​អ៊ីរ៉ង់។ នៅពេលនេះ លោក​បាស្ហា អាល់អាសាដ ប្រធានាធិបតី​ស៊ីរី កំពុង​តែ​ប្រឈមមុខ​នឹង​ការ​បះបោរ​ប្រឆាំង​នៅ​ក្នុង​ប្រទេស។ ដូច្នេះ ប្រសិន​បើ​អ៊ីស្រាអែល​វាយប្រហារ​លើ​អ៊ីរ៉ង់ មេដឹកនាំ​ស៊ីរី​អាច​នឹង​យក​លេសនេះ​មក​ធ្វើ​សង្រ្គាម​ជាមួយ​អ៊ីស្រាអែល ដើម្បី​បង្វែរ​បញ្ហា ពី​ការ​បះបោរ​ក្នុង​ប្រទេស ទៅជា​សង្រ្គាម​ជាមួយ​អ៊ីស្រាអែលវិញ។

អ៊ីរ៉ង់​អាច​លូកដៃ​បង្ក​អសន្តិសុខ និង​អស្ថិរភាព​នយោបាយ ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ដែល​នឹង​បង្កើត​ជា​បញ្ហា​ឈឺក្បាល​ដល់​សហរដ្ឋ​អាមេរិក ដែល​កំពុងតែ​ត្រៀម​ដក​កងទ័ព​ចេញ​ពី​អ៊ីរ៉ាក់។ គួរ​បញ្ជាក់ថា កន្លងមក អាមេរិក​តែងតែ​បាន​ចោទ​អ៊ីរ៉ង់​ថា បាន​និង​កំពុងលួច​ជួយ​ក្រុម​ឧទ្ទាម និង​ក្រុម​ភេរវជននៅ​អ៊ីរ៉ាក់។

ការវាយប្រហារ​លើ​អ៊ីរ៉ង់​នឹង​បង្ក​បញ្ហា​ដ៏ធំ​មួយទៀត គឺ​កង្វះខាត​ប្រេងកាត។ អ៊ីរ៉ង់​គឺ​ជា​ប្រទេស​នាំចេញ​ប្រេងកាត​​លំដាប់​ទី៤ នៅលើ​ពិភពលោក (បន្ទាប់ពី​រុស្ស៊ី អារ៉ាប៊ី​សាអ៊ូឌីត និង​អារ៉ាប់រួម)។ អ៊ីរ៉ង់​អាច​នឹង​យក​ប្រេងកាត​មក​ធ្វើ​ជា​អាវុធ​សងសឹក។ ម្យ៉ាងទៀត អ៊ីរ៉ង់​ក៏​ អាច​កាត់ផ្តាច់​ផ្លូវ​ដឹកជញ្ជូន​ប្រេង​​ពី​ដើមបូព៌ា ទៅកាន់​ទីផ្សារ​អន្តរជាតិ​ផងដែរ។ គួរបញ្ជាក់ថា ក្នុងមួយឆ្នាំៗ ប្រេងឆៅ​ប្រមាណ ១៧% នៃ​ទីផ្សារ​ពិភពលោក ត្រូវ​ដឹកជញ្ជូន​តាម​ច្រកសមុទ្រ Hormuz ដែល​ជាប់​នឹង​ប្រទេស​អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ