អានតួអត្ថបទ
ចិន-អង់គ្លេស

ភាពចម្រូងចម្រាស​រវាង​ចិន​និង​អង់គ្លេស​ជុំវិញ​គម្រោង​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ

ភាព​ចម្រូងចម្រាស​មួយ​បាន​ចាប់ផ្ទុះឡើង រវាង​ចិន និង​អង់គ្លេស ទាក់ទង​នឹង​គម្រោង​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នៅ​អង់គ្លេស ដោយ​មាន​ចំណែក​វិនិយោគ​ពី​ក្រុម​ហ៊ុនចិន។ ភាពចម្រូងចម្រាស​បាន​កើតឡើង ក្រោយ​ពី​រដ្ឋាភិបាល​ថ្មី​របស់​អង់គ្លេស​បាន​ប្រកាស​ផ្អាក​គម្រោង ដោយ​បាន​បង្ហាញ​ពី​ការមិនទុកចិត្ត​ចំពោះ​វត្តមាន​នៃ​វិនិយោគ​ចិន នៅ​ក្នុង​វិស័យ​ដ៏រសើប ដែល​ទាក់ទង​នឹង​សន្តិសុខ​ជាតិ​អង់គ្លេស។

គំរូ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ដែល​ត្រូវ​សាងសង់​នៅ​ Hinkley Point ប្រទេស​អង់គ្លេស
គំរូ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ដែល​ត្រូវ​សាងសង់​នៅ​ Hinkley Point ប្រទេស​អង់គ្លេស HO/EDF Energy/AFP
ផ្សាយពាណិជ្ជកម្ម

ចិន​មិន​អាច​ទទួល​យក​បានជាដាច់ខាត​នូវ​រាល់​ការ​ចោទប្រកាន់​ទាំងឡាយណា ដែល​ថា វិនិយោគ​របស់​ចិន នៅ​ក្នុង​គម្រោង​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​អង់គ្លេស អាច​ជា​ការ​គំរាមកំហែង​ទៅដល់​សន្តិសុខ​ជាតិ​អង់គ្លេស។ នេះ​គឺ​ជា​ការ​ឆ្លើយតប​របស់​ចិន តាមរយៈ​ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ ទៅរដ្ឋាភិបាល​របស់​លោកស្រីតេរ៉េសា ម៉េ (Theresa May)។

គួរបញ្ជាក់ថា តាមគម្រោង រោងចក្រ​ផលិត​អគ្គិសនី​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ​ដែល​ប្រើ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បង្អស់​ (EPR) នឹង​ត្រូវ​សាងសង់ ដោយ​ក្រុមហ៊ុន EDF របស់​បារាំង ក៏ប៉ុន្តែ មាន​ចំណែក​វិនិយោគ​ប្រមាណ​ជា​១ភាគ៣ មក​ពី​ក្រុមហ៊ុន​នុយក្លេអ៊ែរ​ចិន (CGN)។

នៅ​ពេល​ដែល​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន EDF ទើប​នឹង​បាន​សម្រេច​កាល​ពីសប្តាហ៍មុន​​ថា នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់ ស្រាប់តែ​រដ្ឋាភិបាល​អង់គ្លេស​ប្រកាស​ផ្អាក​គម្រោង​នេះ​ទៅវិញ ដើម្បី​ធ្វើកា​រសិក្សា​លម្អិតឡើងវិញ មុននឹង​ធ្វើ​ការសម្រេច​ចិត្ត​ចុងក្រោយ នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ។

ថ្វីដ្បិត​តែ​រដ្ឋាភិបាល​អង់គ្លេស​មិន​បាន​បញ្ជាក់​ជាផ្លូវការ អំពី​ហេតុផល​ដែល​នាំ​ឲ្យ​មាន​ការ​ផ្អាក​គម្រោង​នេះ តែ​អតីត​រដ្ឋមន្រ្តី​ក្នុង​រដ្ឋាភិបាល​របស់​លោក​ដាវីដ កាមេរ៉ន បាន​ឲ្យដឹង​ថា លោកស្រី តេរ៉េសា ម៉េ មានការ​មិនទុកចិត្ត​នឹង​វត្តមាន​វិនិយោគ​របស់​ចិន ដោយ​បារម្ភខ្លាច​មានការ​ប៉ះពាល់​ទៅដល់​សន្តិសុខ​ជាតិ​របស់​អង់គ្លេស។

កាលពីថ្ងៃ​ចន្ទ មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ធ្វើការ​រំឭកឡើងវិញ​ថា គម្រោង​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នេះ “ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ចិន អង់គ្លេស និង​បារាំង នៅក្នុង​ស្មារតីគោរព​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក ជា​កិច្ចសហប្រតិបត្តិការ​ទៅតាម​គោលការណ៍​ឈ្នះ-ឈ្នះ”។

ចិន​ក៏​បាន​ទាមទារ​ផងដែរ​ឲ្យ​អង់គ្លេស​ធ្វើកា​រសម្រេច​​ឲ្យ​បាន​ឆាប់ៗ​ជុំវិញ​គម្រោង​នេះ ដោយ​បាន​លើកឡើង​ថា ការ​សម្រេច​ផ្អាក​គម្រោង​ដ៏ធំនេះ អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ភាព​ល្អូកល្អឺន​នៃ​ទំនាក់ទំនង រវាង​ចិន និង​អង់គ្លេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ