អានតួអត្ថបទ
បារាំង

ឧនភាព​សាធារណៈ៖​ តុលាការ​គណនី​ទាញ​សញ្ញា​អាសន្ន​

លោក​ Didier Migaud ​ប្រធាន​តុលាការ​គណនី​ La Cour des comptes ​ដែលជា​ស្ថាប័ន​ត្រួត​ពិនិត្យ​គណនី​រដ្ឋ​បាន​ប្រគល់​របាយការណ៍​ នៅ​ថ្ងៃចន្ទ​ទី២​កក្កដា​ឆ្នាំ២០១២​ម្សិលមិញ​ ជូន​លោកនាយក​រដ្ឋមន្ត្រី​បារាំង​ Jean-Marc Ayrault ។​ របាយការណ៍​ដែល​ស្នើសុំ​ដោយ​លោក​ប្រធានាធិបតី​ ហ្វ្រង់ស័រ​ ហូឡង់​ ​បានបង្ហាញ​ឲ្យដឹង​ថា​ ​ ឆ្នាំនេះ​រដ្ឋាភិបាល​បារាំង​ត្រូវ​រក​ប្រាក់​ចំណូល​បន្ថែម​ឲ្យបាន​ពី​៦ទៅ១០​ពាន់លាន​អឺរ៉ូ​បន្ថែម​ទៀត​ ​ បើ​ប្រទេស​បារាំង​ចង់គោរព​ពាក្យសន្យា​របស់ខ្លួន​ថា​ ​ នឹង​ធ្វើឲ្យ​អត្រា​ឧនភាព​សាធារណៈ​ធ្លាក់មកនៅ​៤,៥%​នៅឆ្នាំ២០១២​ ​ ហើយ​ត្រូវ​រក​ប្រាក់​ចំណូល​បន្ថែម​ឲ្យបាន​ប្រមាណ​៣៣​ពាន់លាន​អឺរ៉ូ​បន្ថែម​ទៀត​សម្រាប់ឆ្នាំក្រោយ​ ​ បើ​ចង់ឲ្យ​អត្រា​ឧនភាព​សាធារណៈ​ធ្លាក់មកនៅ​៣%​នៅឆ្នាំ២០១៣​ ​ នៅខណៈពេល​ដែល​អត្រា​កំណើន​សេដ្ឋកិច្ច​អាច​មាន​ត្រឹមតែ​១%​សម្រាប់​ឆ្នាំ២០១៣។ 

លោក​ Didier Migaud ​ប្រធាន​តុលាការ​គណនី​ La Cour des comptes
លោក​ Didier Migaud ​ប្រធាន​តុលាការ​គណនី​ La Cour des comptes AFP/ KENZO TRIBOUILLARD
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី​ Jean-Marc Ayrault ​ចង់បាន​របាយការណ៍​របស់​តុលាការ​គណនី​ La Cour des comptes ​ដែលជា​ស្ថាប័ន​ត្រួត​ពិនិត្យ​គណនី​រដ្ឋ​ ​ ដើម្បី​បញ្ជាក់​បង្ហាញ​ឲ្យ​ឃើញ​ពី​ “អភិបាលកិច្ច​ពុំល្អ »​ នៅក្នុង​អាណត្តិ​ប្រធានាធិបតី​របស់​លោក​នីកូឡា​សាកូហ្ស៊ី​ ​ ហើយនិង​ដើម្បី​សុំឲ្យ​ប្រជាពលរដ្ឋ​បារាំង​យល់ព្រម​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ ​ ក្នុងការ​ជួយ​ប្រយុទ្ធ​ប្រឆាំង​ទល់នឹង​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​បារាំង​និង​នៅក្នុង​តំបន់​អឺរ៉ូ​ទាំងមូល។

 
នៅក្នុង​ស្ថានភាព​សេដ្ឋកិច្ច​និង​ស្ថានភាព​ហិរញ្ញវត្ថុ​ដ៏​សែន​លំបាក​របស់​ប្រទេស​បារាំង​បច្ចុប្បន្ននេះ​ ​ ដើម្បី​រកប្រាក់​ចំណូល​បន្ថែម​ឬ​សន្សំ​សំចៃ​ឲ្យ​បាន​ប្រមាណ​១០ពាន់លាន​អឺរ៉ូ​នៅឆ្នាំ២០១២​ ​ ហើយនិង​ប្រមាណ​៣៣ពាន់លាន​អឺរ៉ូ​នៅ​ឆ្នាំ២០១៣​ ​ ដើម្បី​គោរព​ឲ្យបាន​សមស្រប​តាម​ពាក្យសន្យា​របស់​ខ្លួន​ជាមួយ​ទីក្រុង​ព្រុចសែល​ថា​ ​ នឹង​ធ្វើឲ្យ​អត្រា​នៃ​ឧនភាព​សាធរណៈ​ធ្លាក់​មកនៅ​ត្រឹម​៤,៥%​នៃ​ផលិតផល​ដុល​ក្នុង​ប្រទេស​នៅឆ្នាំ​២០១២​ ហើយនិង​៣%​នៅឆ្នាំ២០១៣​ ​ លោកនាយក​រដ្ឋមន្ត្រី​ Jean-Marc Ayrault ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ធ្វើការ​កាត់​បន្ថយ​ការចំណាយ​សាធារណៈ​របស់​រដ្ឋបារាំង​ ​ ហើយ​និង​ខិតខំ​ប្រឹងប្រែង​រក​ប្រាក់​ចំណូល​ពន្ធដារ​បន្ថែម។

ក៏ប៉ុន្តែ​ បញ្ហា​ដ៏​ស្មុគស្មាញ​នឹង​ត្រូវ​លេចឡើង​ចោទសួរថា​ ​ តើ​គេ​ត្រូវ​ទៅរក​ប្រាក់​ចំណួល​ពន្ធដារ​បន្ថែម​ដោយ​វីធី​ណា​ទៅ​ ​ បើ​អត្រា​សន្ទុះ​កំណើន​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​បារាំង​ បើយោងតាម​ការប៉ាន់ស្មាន​របស់​អ្នកឯកទេស​ថា​អាច​មាន​ត្រឹមតែ​ ០,៤%​ នៅ​ឆ្នាំ២០១២​ ​ ហើយនិង​ប្រមាណ​១%​នៅឆ្នាំ២០១៣​ដែល​មាន​ចំនួន​តិចជាង​ការប៉ាន់ស្មាន​លើកមុន​ថា​អាចមាន​ ១,៧%។​ គួរបញ្ជាក់ថា​ អត្រា​កំណើន​សេដ្ឋកិច្ច​ ០,៥%​ ស្មើនឹង​ប្រាក់​ចំណូល​ពន្ធដារ​សម្រាប់​ប្រទេស​បារាំង​ដល់ទៅ​ ៥ពាន់លាន​អឺរ៉ូ។

ដូច្នេះ​ បើ​គ្មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ ​ ប្រាក់​ចំណូល​ពន្ធដារ​ក៏​ធ្លាក់ស្រុតចុះ​ ​ ចំនួន​អ្នក​ឥតការងារ​ធ្វើ​ក៏​កើនឡើង​ ​ តម្រូវការ​នៃ​ប្រាក់​ចំណាយ​ទៅលើ​វិស័យ​ជំនួយ​សង្គមកិច្ច​ក៏​ត្រូវ​កើនឡើង​បន្ថែមទៀត។​ នេះ​ពិតជា​បញ្ហា​ដ៏​សែន​ពិបាក​ដោះស្រាយ។

ប៉ុន្តែ​ទោះបី​ជាយ៉ាងណា​ក៏ដោយ​ ​ លោកនាយក​រដ្ឋមន្ត្រី​បារាំង​ Jean-Marc Ayrault ​ត្រូវតែ​រិះរក​កាត់បន្ថយ​ការចំណាយ​សាធារណៈ​គ្រប់​វិស័យ​ ​ លើកលែងតែ​ការចំណាយ​ពាក់ព័ន្ធ​នឹង​ក្រសួង​សិក្សាធិការ​ ​​ក្រសួង​មហាផ្ទៃ​ ​ ហើយនិង​ក្រសួង​យុត្តិធម៌​ ​ ដែល​លោក​ប្រធានាធិបតី​បារាំង​ ហ្វ្រង់ស័រ​ ហូឡង់​ បាន​ឲ្យ​អាទិភាព​ទៅលើ​ក្រសួង​ទាំងបី។

នៅ​ក្នុង​ ការ​រិះរក​ប្រាក់​ចំណូល​ពន្ធដារ​វិញ​ ​ រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ត្រី​បារាំង​ Jean-Marc Ayrault​ គ្រោង​ធ្វើការ​ដំឡើង​ពន្ធដារ​ទៅលើ​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ ISF Impôts sur la fortune ​ ​ ពន្ធជំនួយ​សង្គម​ទូទៅ​ CSG la Contribution Sociale Généralisée ​ ​ ហើយនិង​លុបចេញ​នូវ​ “ជម្រក​រួចពន្ធដារ”​ឬ​ les niches fiscales ​ ​ ។​ ទាំងនេះ​ នឹង​អាច​ធ្វើឲ្យ​រដ្ឋាភិបាល​បារាំង​រកបាន​ប្រាក់​ចំណូល​ពន្ធដារ​បាន​រាប់​ពាន់លាន​អឺរ៉ូ​បន្ថែមទៀត។

មូលហេតុ​ដែល​នាំឲ្យ​សំណើ​ធ្វើការ​ដំឡើង​អត្រា​ពន្ធ​លើ​តម្លៃ​បន្ថែម​ la TVA ​ ដោយ​តុលាការ​គណនី​ La Cour des comptes​ ដែល​ជា​ប្រភព​ចំណូល​ពន្ធដារ​មួយ​ដ៏​ប្រពៃ​​បាន​ត្រូវ​បដិសេធ​ដោយ​ លោក​ jerôme Cahuzac​ រដ្ឋមន្ត្រី​ក្រសួង​ថវិកា​បារាំង​ ​ បណ្តាល​មកពី​អ្នកដឹកនាំ​បក្សសង្គម​និយម​បារាំង​ដែល​កំពុង​ឡើងកាន់​អំណាច​បច្ចុប្បន្ននេះ​យល់​ឃើញថា​ ​ ពន្ធ​លើ​តម្លៃ​បន្ថែម​ la TVA ​ជាពន្ធដារ​ដែល​ប៉ះពាល់​ដល់​ប្រជាជន​​បារាំង​គ្រប់​ស្រទាប់​វណ្ណៈ​ទាំងអ្នកមាន​ ទាំងអ្នកក្រ​ ​ ហើយ​អ្នកដឹកនាំ​បារាំង​ឆ្វេងនិយម​ពុំចង់ឃើញ​អ្នកក្រ​បារាំង​ដែល​កំពុង​មាន​ការ​លំបាក​ស្រាប់​ ​ មករង​ទទួល​ពន្ធដារ​បន្ថែម​ទៀតឡើយ។​ ហើយ​ម្យ៉ាងទៀត​ នាឱកាស​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​និង​សភា​បារាំង​នៅ​ពេលថ្មីៗ​កន្លង​ទៅនេះ​  ​ អ្នកដឹកនាំ​សង្គមនិយម​ធ្លាប់បាន​សន្យាថា​ ​ នឹងពុំ​ធ្វើការ​ដំឡើង​អត្រា​ពន្ធ​លើ​តម្លៃ​បន្ថែម​ឡើយ​ ​ ពីព្រោះ​វាជា​អំពើ​អយុត្តិធម៌។​ ក៏​ប៉ុន្តេ​ ​ បើ​ប្រសិនជា​ ស្ថានភាព​សេដ្ឋកិច្ច​និង​ស្ថានភាព​ហិរញ្ញវត្ថុ​បារាំង​នៅតែ​មាន​ការលំបាក​តទៅទៀត​ ​ ការដំឡើង​អត្រា​ពន្ធ​លើ​តម្លៃ​បន្ថែម​ la TVA ​ ​នៅពេល​អនាគត​ប្រាកដ​ជា​ពុំ​អាច​គេចចៀស​បាន​ឡើយ។

គួរកត់​សម្គាល់ថា​ ​ ប្រាក់​បំណុល​សាធារណៈ​បារាំង​បាន​ឈាន​ដល់​ឯតទគ្គកម្ម​មួយ​ដ៏​គួរឲ្យ​សែន​បារម្ភ។​ នៅចុងឆ្នាំ​២០១១​ ប្រាក់​បំណុល​សាធារណៈ​បារាំង​បាន​កើនឡើង​ដល់​៨៦%​នៃ​ផលិតផល​ដុល​ក្នុងប្រទេស​ ​ ឬស្មើនឹង​១ ៧១៧ពាន់លាន​អឺរ៉ូ​ ​ ឬត្រូវជា​៦២ ០០០អឺរ៉ូ​សម្រាប់​គ្រួសារ​បារាំង​នីមួយៗ។​ ហើយ​នៅចុង​ឆ្នាំ២០១២​នេះ​ ​ ប្រាក់​បំណុល​សាធារណៈ​បារាំង​អាច​កើនឡើង​ដល់​លើសពី​​៩០%​នៃផលិតផល​ដុល​សរុប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ