អានតួអត្ថបទ
កាណាដា

ប្រជាជន​នៅកេបិក​បានត្រូវ​គេឃុំខ្លួន​ដោយហេតុតែ​ពាក់ស្លាក​ពណ៌​ក្រហម​

ក្រណាត់​មួយកូន​ដុំតូច​ពណ៌​ក្រហម​ដេរភ្ជាប់​ទៅនឹង​សម្លៀក​បំពាក់​បាន​ក្លាយ​ទៅជា​បដិរូប​នៃ​ “និទាឃរដូវ​ដើម​អេរ៉ាប្លឹ៍”​ កេបិក។​ នេះ​គេចង់​និយាយ​បែប​ចំអក​រំលឹក​ដល់​ការងើប​បះបោរ​នៃ​ “និទាឃរដូវ​អារ៉ាប់” ។​ ចាប់ពី​ពេលនេះ​តទៅ​ នរណា​ដែលមាន​ពាក់ស្លាក​ពណ៌​ក្រហម​ នឹងត្រូវ​នគរបាល​ចាប់ឃុំខ្លួន។​ ទោះបីជា​នគរបាល​បាន​ឆ្លើយ​បដិសេធ​ថា​ គ្មាន​រឿងរ៉ាវ​បែបនេះ​កើត​ឡើង​ក្តី​ ​ ក៏​ក្រុមអ្នក​ប្រឆាំង​ជាច្រើន​ទល់នឹង​ច្បាប់​ដែល​គ្រោង​ដំឡើង​ការបង់ថ្លៃ​សោហ៊ុយ​ចូលរៀន​មហាវិទ្យាល័យ​នៅទីក្រុង​កេបិក​ប្រមាណ​៧៥%​ ​ បាន​នាំគ្នា​ស្រែក​បរិហារ​ពី​ការចាប់​ឃុំខ្លួន​នេះ។

ក្រុមនិស្សិត​នាំគ្នា​ធ្វើបាតុកម្ម​ប្រឆាំង​នៅ​តាមវិថី​នៃ​ទីក្រុង​ Montréal​
ក្រុមនិស្សិត​នាំគ្នា​ធ្វើបាតុកម្ម​ប្រឆាំង​នៅ​តាមវិថី​នៃ​ទីក្រុង​ Montréal​ REUTERS/Christinne Muschi
ផ្សាយពាណិជ្ជកម្ម

ក្រណាត់​ក្រហម​មួយកូន​ដុំតូច​បាន​ក្លាយ​ទៅជា​និមិត្តរូប​នៃ​ការងើប​បះបោរ​ប្រឆាំង​របស់​ក្រុម​និស្សិត​នៅ​ទីក្រុង​កេបិក​នៃប្រទេស​កាណាដា។​ ក្រណាត់​ក្រហម​តូចនេះ​បាន​ត្រូវ​ពាក់​សម្តែង​បង្ហាញ​ដោយ​ប្រជាជន​កេបិក​គ្រប់វ័យ។​ ពីរថ្ងៃ​មកហើយ​ដែល​គេ​ឃើញមាន​សក្ខីកម្ម​ជាច្រើន​បាន​បង្ហាញ​ឲ្យដឹង​តាមរយៈ​បណ្តាញ​សង្គម។​ ប្រជាជន​កេបិក​ជាច្រើននាក់​បាន​ថ្លែង​ឲ្យដឹងថា​ ​ ពួកគេ​បានត្រូវ​នគរបាល​ចាប់​ឆែកឆេរ​ឬ​ចាប់​ឃុំខ្លួន​ ​ ដោយ​ហេតុតែ​ពួកគេ​បាន​ពាក់​សម្តែង​បង្ហាញ​នូវ​ ក្រណាត់​ក្រហម​មួយកូន​ដុំតូច​ដែលបាន​ក្លាយ​ទៅជា​និមិត្តរូប​នៃ​ការងើប​បះបោរ​ប្រឆាំង​របស់​ក្រុមនិស្សិត។

 
លោក​ Gabriel Nadeau-Dubois ​ដែលជា​អ្នកនាំពាក្យ​នៃ​ក្រុមអ្នក​ប្រឆាំង​ជាច្រើន​ទល់នឹង​ច្បាប់​ដែល​គ្រោង​ដំឡើង​ការបង់ថ្លៃ​សោហ៊ុយ​ចូលរៀន​មហាវិទ្យាល័យ​នៅទីក្រុង​កេបិក​ ​ បាន​ស្រែក​បរិហារថា​ “ទាំងនេះ​ពិតជា​ធ្វើឲ្យ​គេ​បារម្ភ​ក្រៃលែង​ដល់​ប្រជាធិបតេយ្យ​នៅ​កេបិក”។

ក៏ប៉ុន្តែ​ ប្រមុខ​នគរបាល​នៃ​ទីក្រុង​ម៉ុងត៍រ៉េអាល​ លោក​ ម៉ាក​ ប៉ារ៉ង់ត៍​បាន​ថ្លែង​ការពារ​ថា​ “គ្មានឡើយ​ ​ ការចាប់​ឆែកឆេរ​ឬ​ការចាប់​ឃុំខ្លួន​ ​ ដោយមូលហេតុ​ ពាក់​ក្រណាត់​ក្រហម​មួយកូន​ដុំតូច​ ​ ដើម្បី​សម្ដែង​បង្ហាញ​ការ​ប្រឆាំង​ទល់នឹង​ច្បាប់​ដែល​គ្រោង​ដំឡើង​ការបង់ថ្លៃ​សោហ៊ុយ​ចូលរៀន​មហាវិទ្យាល័យ​ប្រមាណ​៧៥%”​។

ក្រុមនិស្សិត​អ្នកប្រឆាំង​បាន​ទាមទារ​ឲ្យ​ “គណៈកម្មការ​ការពារ​សិទ្ធិ​ប្រជាពលរដ្ឋ​នៅ​កេបិក"​ ធ្វើការ​ស៊ើបអង្កេត​ឯករាជ្យមួយ​ពី​បញ្ហា​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ​និង​គ្រោះថ្នាក់​ដែល​គំរាម​​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ខេត្តកេបិក​នៃ​ប្រទេស​កាណាដា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ