អានតួអត្ថបទ
បារាំង

បារាំង៖ បំណុល​សាធារណៈ​បាន​ឡើង​ដល់ជាង​១០០ភាគរយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប

ក្នុងត្រី​មាស​ទី៣ នៅ​ចុង​ខែ​កញ្ញាកន្លងទៅនេះ ប្រទេស​បារាំង មាន​បំណុល​សាធារណៈ​បាន​ឡើង​ដល់ ​១០០,៤ភាគរយ​ នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប។ បំណុល​សាធារណៈ​នេះ កើន​ឡើង​ខ្ពស់​ ដូច​ដែល​បារាំង​ធ្លាប់​ជាប់​​នៅ​​ឆ្នាំ​២០១៧ដែរ​។ នេះបើ​តាម​របាយការណ៍​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ ដែល​បា​នបញ្ជាក់​ ពីថ្ងៃ​សុក្រ​ទី​២០ធ្នូ​។ 

វិទ្យាស្ថានជាតិសិក្សា​ស្ថិតិនិង​សេដ្ឋកិច្ច​​ Insée
វិទ្យាស្ថានជាតិសិក្សា​ស្ថិតិនិង​សេដ្ឋកិច្ច​​ Insée LOIC VENANCE / AFP
ផ្សាយពាណិជ្ជកម្ម

ចន្លោះ​ពីខែ​មិថុនា​ដល់​ដាច់​ខែ​កញ្ញា ជា​ត្រីមាស​ទី​៣នៃឆ្នាំ​២០១៩ ប្រទស​បារាំង មា​នបំណុល​សធារណៈ​​ ដល់ទៅ ១០០,៩ភាគរយឯណោះ នៃផលិតផលដុល​ក្នុងស្រុកសរុប PIB ។ បើ​គិត​ជា​ទឹកប្រាក់ គឺ​មាន​ចំនួន​ជាង ២ពាន់​៤១៥ពាន់​លាន​អឺរូ។ ហើយ​បើ​ធៀប​នឹង​ត្រីមាសទី​២ គឺ​កើន​ឡើង ចំនួន​ជិត​៤០ពាន់​លាន​អឺរ៉ូ (៣៩,៦ពាន់​លាន​អឺរ៉ូ)។ នេះ​បើ​តាម​វិទ្យាស្ថានជាតិសិក្សា​ស្ថិតិនិង​សេដ្ឋកិច្ច​​ Insée ចេញផ្សា​យ​ថ្ងៃទី​២០ធ្នូ។

ភ្លាមៗ រដ្ឋមន្ត្រីទទួល​បន្ទុក​ថវិកាជាតិ លោក Gérald Dermanin បានចេញ​មុខ​​បកស្រាយ​ ពន្យល់​ក្នុង​ន័យ​ការពារ​រដ្ឋាភិបាល​របស់​លោក ថាបំណុលសាធារណៈ​កើនឡើងបន្តិច​នេះ គឺដោយសារតែ​ក្បួន​វិធី​គណនា​តាម​បច្ចេកទេស ជារឿង​តិចនិចបច្ចេកទេសសុទ្ធសាធ​​ រួមជាមួយ​និង​​ការ​បង់​រំលួស​ផ្សេងៗ ដែល​នៅ​មិនទាន់​បាន​ត្រូវ​រាប់​បញ្ចូល ហើយ​វាក៏​​អាស្រ័យ​ទៅ​លើប្រភេទ​​បំណុល​ដែលបំណុលខ្លះ​​មាន​លក្ខខណ្ឌ​ជំពាក់​ពេល​វែង​ពេល​ខ្លី ទៅតាម​ប្រភេទ​បំណុលនីមួយៗ​​ជាដើម។

រដ្ឋមន្ត្រីទទួល​បន្ទុក​ថវិកាជាតិ ក៏​បាន​ទាញហេតុផលទៀត​ថា ទិន្និន័យ​បំណុលសាធារណៈដែល​កើនឡើន​ពេល​នេះ នឹង​ត្រូវ​ធ្លាក់​ចុះទៅវិញ នៅ​ពេល​ដាច់​ឆ្នាំ​២០១៩ ឬ​ចុះ​នៅ​ដើម​ឆ្នាំ២០២០ នៅពេល​ដែល​អ្ន​កបច្ចេកទេស​​បូក​សរុប​បញ្ចូល​ ការ​សង​រំលស់​បំណុល នៅ​ក្នុង​ខែ​តុលា និង​វិច្ឆិកា ដែលសុទ្ធតែ​ជា​ជា​បំណុល​សំខាន់ៗ និង​ច្រើនៗ។ នៅពេល​នោះ ស្ថិតិ​នៃបំណុលសាធារណៈ នឹង​ធ្លាក់​ចុះ​មកវិញ​ជាមិនខាន​។ នេះបើតាម​លោក Gérald Dermanin។

ទោះ​ជា​យ៉ាង​នេះក្តី  ​វិទ្យាស្ថានជាតិស្ថិតិបារាំង Insée បាន​លាតត្រដា​ង​បញ្ជាក់ដែរថា​ បំណុល​សាធារណៈ​របស់​រដ្ឋ​បារាំង សម្រាប់​ចុង​ខែ​កញ្ញា​បាន​កើត​ឡើង​ លើសពីការ​សន្និដ្ឋាន​រំពឹងគិត​ទុក​របស់​រដ្ឋ​បារាំង​។ រដ្ឋាភិបាល​បារាំងបាន​រំពឹង​គិតថា នៅ​ដំណាច់​ឆ្នាំ​២០១៩​ គឺ​បំណុល​​សាធារណៈនេះ កើត​ដល់​៩៨,៨ភាគរយ។ ក៏ប៉ុន្តែ ត្រឹម​តែ​ខែ​កញ្ញា​សោះ បំណុលសាធារណៈ បានហក់​ទៅដល់ ១០០,៤ភាគរយ គឺច្រើន​លើសមុន​ពេល​ដាច់​ឆ្នាំ​ ស្រេច​បាត់​ទៅហើយ។

ការ​កើនឡើងបំណុល​សាធារណៈ​ដល់១០០,៤ភាគរយនេះ គឺនាំឱ្យ​គេ​នឹក​ដល់​បំណុល​កាលពីពេល​មុន គឺឆ្នាំ​២០១៧ ដែលកាលណោះ ​បារាំង មាន​បំណុល​សាធារណៈ ១០០,៥ភាគរយ នៅត្រីមាសទី១ ហើយ​ត្រីមាស​ទី​២ កើនថែមទៀត ដល់​១០០,៨ភាគរយ​​។ របាយការណ៍ស្តី​​ពីការ​កើនឡើង​បំណុលសាធារណៈដែល​ចេញផ្សាយនៅពេល​នេះ គឺ​ជា​ប្រេង​សាំងចាក់​លើ​កំហឹង​តវ៉ាពលរដ្ឋ​​ដែល​កំពុង​តែ​ឆេះ​ក្តៅ​ស្រាប់​ ឱ្យ​ពុះ​កញ្ជ្រោល​ខ្លាំង​ឡើង​​ ហើយនេះ​ក៏​​បាន​ជាមូលដ្ឋាន​រិះគន់​រដ្ឋាភិបាល​បន្តទៅ​ទៀត ពីសំណាក់​អ្នក​ក្រុម​ប្រឆាំង​នឹង​​ដឹក​នាំរបស់​រដ្ឋាភិបាល​​បារាំង សព្វថ្ងៃ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ