អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

យន្តហោះម៉ាឡេស៊ី៖ ការងារ​របស់​ក្រុមអ្នកជំនាញ​អន្តរជាតិ​នៅតែ​ត្រូវ​រំខាន ដោយ​គ្រាប់ផ្លោង

នៅថ្ងៃសៅរ៍ ទី ២​សីហា​ក្រុមអ្នកស៊ើប​អង្កេត​អន្តរជាតិ​បាន​ចាកចេញ​ជា​បន្ទាន់​ពី​កន្លែង​ផ្ទុះ​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី ជាទី​ដែល​ពួកគេ​មាន​បេសកកម្ម​រុករក​បំណែក​សាកសព និង​យន្តហោះ។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ កងទ័ព​អ៊ុយក្រែន និង​ភាគី​រុស្ស៊ី​ដែល​គាំទ្រ​ក្រុម​ឧទ្ទាម​បំបែកទឹកដី​អ៊ុយក្រែន​បាន​យល់ព្រម​ធ្វើ​បទឈប់បាញ់ ក្នុង​រង្វង់ដី ២០​គីឡូម៉ែត្រ​ពី​កន្លែង​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី ពោល​គឺ​ដើម្បី ធានា​សន្តិសុខ​ដល់​ក្រុមអ្នកស៊ើបអង្កេត​អន្តរជាតិ​ដែល​ត្រូវ​ចូល​ទៅធ្វើការ​ស្រាវជ្រាវ​នៅតំបន់​នោះ។ 

មន្រ្តីជំនាញ​អន្តរជាតិ​ពិនិត្យ​កន្លែង​ដែល​យន្តហោះ​ម៉ាឡេស៊ី​ផ្ទុះធ្លាក់​កាលពីថ្ងៃ​សុក្រទី ១​សីហា ២០១៤
មន្រ្តីជំនាញ​អន្តរជាតិ​ពិនិត្យ​កន្លែង​ដែល​យន្តហោះ​ម៉ាឡេស៊ី​ផ្ទុះធ្លាក់​កាលពីថ្ងៃ​សុក្រទី ១​សីហា ២០១៤ ©REUTERS/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

នៅពេល​លឺ​សំឡេង​ផ្ទុះ​អាវុធ គេ​នៅ​មិនទាន់​អាច​ដឹងថា តើ​ភាគី​កងទ័ព​អ៊ុយក្រែន ឬ​ពួក​ឧទ្ទាម​ដែល​ជាអ្នក​រំលោភ​បទ​ឈប់បាញ់​ដែល​គេ​បាន​ប្រកាស កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ។ ប៉ុន្តែ ដើម្បី​បញ្ហា​សុវត្ថិភាព ក្រុម​អ្នកជំនាញ​អន្តរជាតិ ដែល​អមដំណើរ​ដោយ​ប៉ូលិស​អូស្ត្រាលី និង​ហូឡង់ ត្រូវ​បង្ខំចិត្ត​ចាកចេញ ពី​កន្លែង​ស្រាវជ្រាវ​សិន។ តាម​ប្រធាន​ដឹកនាំ​អ្នកជំនាញ​​របស់​អង្គការ​ដើម្បី​សន្តិសុខ និង​សហប្រតិបត្តិការ​អឺរ៉ុប គេ​លឺ​សំឡេង​ស្នូរគ្រាប់​ផ្លោង ដែល​ស្ថិតនៅ​មិន​ឆ្ងាយ គឺ​ប្រមាណ ២ ឬ​បី​គីឡូម៉ែត្រ​ពី​កន្លែង​ដែល​អ្នកជំនាញ​កំពុង​រក​បំណែក​យន្តហោះ​ម៉ាឡេស៊ី​ដែល​ផ្ទុះធ្លាក់។ ចំណែក​នៅកន្លែង​ដែល​គេ​កំពុង​រុករក​បំបែក​សាកសព​របស់​អ្នកដំណើរ ស្នូរអាវុធ​លឺ​សូរ​ជា​ប្រចាំ ប៉ុន្តែ វា​ហាក់​នៅ​ឆ្ងាយ​បន្តិច។

 
តាំងពី​ថ្ងៃ​សុក្រ នៅក្រោម​ក្រសែភ្នែក​ត្រួតពិនិត្យ​របស់​ក្រុមឧទ្ទាម​អ៊ុយក្រែន អ្នកជំនាញ​បាន​រក​ឃើញ​បំណែក​សាកសព​របស់​អ្នកដំណើរ​​មួយចំនួន ដែល​នៅសេសសល់​នៅក្នុង​បរិវេណ​ធ្លាក់​យន្តហោះ។ ចំណែក​បំណែក​សំខាន់​របស់​យន្តហោះ ដូចជា​កន្ទុយ​យន្តហោះ​ក៏ត្រូវ​គេ​ប្រមូល​ដឹកជញ្ជូន​ចេញ​ពី​កន្លែង​ធ្លាក់​យន្តហោះ​ដើម្បី​យក​ទៅធ្វើការ​ស្រាវជ្រាវ​ដែរ។ តាមអ្នកជំនាញ​វិទ្យាសាស្រ្ត​ហូឡង់ ការរុករក​បំណែក​សាកសព ត្រូវ​ចាត់ទុក​ជា​អាទិភាព គឺ​សំខាន់​ជាង​កំណត់​រក​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យន្តហោះ​ផ្ទុះធ្លាក់។

តាម​អាមេរិក និង​អាជ្ញាធរ​អ៊ុយក្រែន ក្រុមឧទ្ទាម​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​ជាអ្នកបាញ់​មីស៊ីល​ប្រភេទ​ប៊ុក​កម្ទេច​យន្តហោះ​ដឹកអ្នកដំណើរ​ម៉ាឡេស៊ីMH ១៧ កាលពី​ថ្ងៃ​ទី ១៧​កក្កដា។ នៅ​សប្តាហ៍នេះ រុស្ស៊ី​ត្រូវ​សហភាព​អឺរ៉ុប និង​អាមេរិក​ដាក់​បន្ថែម​ទណ្ឌកម្ម​សេដ្ឋកិច្ច ដើម្បី​ជំរុញ​ឲ្យ​រុស្ស៊ី​ឈប់​គាំទ្រ​ផ្តល់​អាវុធ​ដល់​ក្រុម​ឧទ្ទាម​ដែល​ទាមទារ​បំបែក​ទឹកដី​ពី​អ៊ុយក្រែន។ ក្រសួង​ការបរទេស​រុស្ស៊ី កាលពី​ថ្ងៃ​សៅរ៍​បាន​ចោទ​ប្រកាន់​សហភាព​អឺរ៉ុប​ថា បានលួច​ដក​ដោយ​ស្ងាត់ៗ បម្រាម​ដែល​ធ្លាប់​ហាម​មិន​ឲ្យ​ដឹក លក់​អាវុធ​ទៅ​ឲ្យ​អ៊ុយក្រែន។ តាម​រុស្ស៊ី អាវុធ​ទាំងនោះ​អាច​ត្រូវ​ទីក្រុង​គៀវ​ប្រើ​ដើម្បី​បង្រ្កាប​អ្នកតវ៉ា​ក្នុង​ស្រុក ដូចជា​ពួក​ឧទ្ទាម​ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ