អានតួអត្ថបទ
អសប-សុខភាព

ពិភព​លោក​នាំ​គ្នា​ឈឺឆ្អាល​ពី​បញ្ហា​មេរោគ​អេបូឡា​

ក្រុម​ប្រឹក្សា​សន្តិសុខ​​របស់​​អ,ស,ប,​ បាន​​​ថ្លែង​ថា “​មេរោគ​​រាតត្បាត​​អេបូឡា ​បាន​​គំរាម​​ដល់​​សន្តិភាព​​​និង​​សន្តិសុខ​​ពិភពលោក”។​ សេចក្តីថ្លែង​​នេះ ​ត្រូវ​​បាន​​ធ្វើ​​ឡើង​​នៅ​​ឱកាស​​នៃ​​សម័យ​​ប្រជុំ​​​ជា​បន្ទាន់​​មួយ​​របស់​​អសប​ ​កាលពី​ថ្ងៃព្រហស្បតិ៍​​១៨​កញ្ញា​ម្សិលមិញ​ ​ក្នុង​​គោលដៅ​​រក​​វិធីសាស្ត្រ​​​ប្រយុទ្ធ​ប្រឆាំង​​ទល់​​នឹង​​មេរោគ​​អេបូឡា​​ដែល​​កំពុង​​រាតត្បាត​​យាយី​​ប្រទេស​​អាហ្វ្រិក​​ខាង​​​លិច។​  

លោកស្រី​Samantha Powerឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ​សហរដ្ឋអាមេរិកនៅពេលប្រជុំរបស់​អ,ស,ប,ស្តីពីមេរោគអេបូឡា (Ebola )ថ្ងៃ១៨កញ្ញា២០១៤
លោកស្រី​Samantha Powerឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ​សហរដ្ឋអាមេរិកនៅពេលប្រជុំរបស់​អ,ស,ប,ស្តីពីមេរោគអេបូឡា (Ebola )ថ្ងៃ១៨កញ្ញា២០១៤ REUTERS/Shannon Stapleton
ផ្សាយពាណិជ្ជកម្ម

សេចក្តី​សម្រេចចិត្ត​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​មេរោគ​អេបូឡា​ ត្រូវ​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ធំធេង​ពី​សំណាក់​ប្រទេស​១៣៤ ដែល​មិន​​ធ្លាប់​មាន​ឡើយ​​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អសប។ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សហរដ្ឋ​អាមេរិក ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អសប មាន​បំណង​ចង់​ឲ្យ​ពិភពលោក យល់​ជ្រួតជ្រាប​ដឹង​ពី ​ទំហំ​ដ៏​ធ្ងន់ធ្ងរ​នៃ​មេរោគ​អេបូឡា​ដែល​រហូត​មក​ទល់​ពេល​នេះ បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ប្រមាណ​​ជាង​​២៤០០​នាក់​ហើយ។

 
ក្នុង​ពេល​ប្រជុំ គិលានុប្បដ្ឋាយិការ​ម្នាក់​នៃ​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​ បាន​ឡើង​ថ្លែង​បន្ត​ផ្ទាល់​តាម​រយៈ​វីដេអូកុងហ្វេរ៉ង់​ពី​ទីក្រុង​Monrovia អំពី​ស្ថានការណ៍​ដ៏​ដុនដាប​នៅ​ប្រទេស Libéria​ដោយ​សារ​មេរោគ​អេបូឡា។

លោក​បាន​រៀប​រាប់​ថា នៅ​ខណៈ​ពេល​ដែល​គាត់​កំពុង​និយាយ​នេះ  មាន​អ្នក​ជម្ងឺ​ នាំ​គ្នា​អង្គុយ​​សំកុក​យ៉ាង​កកកុញ​​នៅ​ពី​មុខ​មាត់​ទ្វារ​នៃ​អង្គកា​រគ្រូពេទ្យ​គ្មាន​ព្រំដែន​​ប្រកប​ដោយ​ទឹក​មុខ​សោកសៅ​បំផុត​និង​ស្រែក​អង្វរករ​​សុំ​ឲ្យ​គ្រូពេទ្យ​ជួយ​ព្យាបាល​ជម្ងឺ​ដល់​ពួក​គាត់ ។ « អ្នក​ជម្ងឺ​ទាំង​អស់​នោះ ច្បាស់​ជា​ត្រូវ​​ស្លាប់​យ៉ាង​អាណោចអាធម​តែ​ម្នាក់​ឯង​គត់ បើសិន​ជា​គ្មាន​អ្នក​ណា​អើពើ។ នោះ​ហើយ​ គឺ​ជា​ការ​ស្លាប់​​ដោយ​គ្មាន​សេចក្តី​ថ្លៃថ្នូរ។លោក​បាន​បន្ត​ទៀត​ថា « យើង​ត្រូវការ​ចាំ​បាច់​នូវ​មន្ទីរ​ព្យាបាល​​ជា​ច្រើន​កន្លែង​ថែម​ទៀត ​ដើម្បី​ឲ្យ​ពួក​អ្នក​ជម្ងឺ​ទាំង​អស់​នោះ​អាច​ទៅ​សំរាក​ព្យាបាល​ដើម្បី​កុំ​ឲ្យ​ពួក​គាត់​ស្ថិត​នៅ​ក្នុង​ផ្ទះរ​បស់​ពួក​គាត់ ​និង ទៅ​ចម្លង​មេរោគ​នេះ​ដល់​អ្នក​ដ៏ទៃ​ទៀត។

ម្យ៉ាងទៀត អង្គការសហប្រជាជាតិ​នឹង​ចាត់វិធានការ ដាក់​ពង្រាយ​បេសកកម្ម​ពិសេស​មួយ​នៅ​អាហ្វ្រិក​ខាង​លិច​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទល់​មេរោគ​អេបូឡា ដោយ​យក​គំរូ​​តាម របៀប​កងទ័ព​មួកខៀវ​។ បេសកកម្ម​នេះ គឺ​មាន​គោលដៅ​ដើម្បី​ចែក​ចាយ ​ជំនួយ​និង​ចូលរួម​ក្នុង​ការ​កសាង​មន្ទីរពេទ្យ​នានា​នៅ​តាម​តំបន់​ដាច់​ស្រយាល ក្នុង​ប្រទេស​លីបេរីយ៉ា -ហ្គីណេ​ឬ​ក៏​នៅ​សេរ៉ាឡេអូន។ ចំណែក អ្នក​សម្របសម្រួល របស់​អសប​វិញ​ បាន​វាយ​តម្លៃ​ថា “​ដើម្បី​ប្រយុទ្ធ​កំចាត់​ទល់​នឹង​មេរោគ​រាតត្បាត​អេបូឡា​នេះ  ជំនួយអន្តរជាតិ ត្រូវ​តែ​បង្កើន​​​​​ឲ្យ​​បាន​ចំនួន​២០​ដង​ថែម​ទៀត​ពី​លើ​កំរិត​ជំនួយ​សព្វថ្ងៃ​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ