អានតួអត្ថបទ
ប្រេងកាត

តម្លៃ​ប្រេង​ឆៅ​កាន់​តែ​ចុះ គូវ៉េត​ អំពាវ​នា​វ​ឲ្យ​OPEP​សហការ​ជាមួយ​ប្រទេស​ផលិត​ប្រេង​ផ្សេង​ទៀត

មួយថ្ងៃ​បន្ទាប់​ពី​កិច្ច​ប្រជុំ​របស់​អង្គការ​ប្រទេស​អ្នក​នាំ​ប្រេង​ចេញ ហៅ​កាត់​ថា ​OPEP ត្រូវ​បាន​បញ្ចប់ ប្រទេស​គូវ៉េត បាន​ចេញ​មុខ​អំពាវនាវ​ ឲ្យ​អង្គការ​នេះ​ធ្វើ​កិច្ច​សហការ​ ជាមួយ​ប្រទេស​ផលិត​ប្រេង​ផ្សេង​ទៀត​ ដែល​មិនមែន​ជា​សមាជិក​អង្គការ OPEP ​ ដើម្បី​គ្រប់គ្រង​ទីផ្សារ​ និង​តម្លៃ​ប្រេង​ ឲ្យ​បាន​ថេរ ចៀសវៀង​កុំឲ្យ​ធ្លាក់​ចុះ​ ជាង​នេះ​ទៀត។

រដ្ឋមន្រ្តី ក្រសួង​ប្រេងឥន្ធនៈអារ៉ាប៊ីសាអ៊ូឌីត ធ្វើសន្និសីទ​​កាសែត ក្រោយកិច្ច​ប្រជុំ​របស់​OPEP ថ្ងៃ ទី​២៨ វិច្ឆិកា ២០១៤
រដ្ឋមន្រ្តី ក្រសួង​ប្រេងឥន្ធនៈអារ៉ាប៊ីសាអ៊ូឌីត ធ្វើសន្និសីទ​​កាសែត ក្រោយកិច្ច​ប្រជុំ​របស់​OPEP ថ្ងៃ ទី​២៨ វិច្ឆិកា ២០១៤ REUTERS/Heinz-Peter Bader
ផ្សាយពាណិជ្ជកម្ម

កិច្ច​ប្រជុំ​របស់​ OPEP អង្គការ​ប្រទេស​អ្នក​ផលិត​ប្រេង​ បាន​បញ្ចាប់​ទៅ​ នៅ​ទី​ក្រុង​វីយែន ប្រទេស​អូទ្រីស ​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ ទី ​២៨ ​វិច្ឆិកា។ ប្រឈម​មុខ​នឹង​តម្លៃ​ប្រេង​ដែល​បាន​ធ្លាក់​ចុះ​ជា​គំហុក ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ហើយ​​ផ្ទុយ​ពី​ការ​ទាមទារ​របស់​សមាជិក​មួយ​ចំនួន ​អង្គការ​នេះ ​បាន​សម្រេច​ថា​នឹង​រក្សា​ចំនួន​នៃ​ការ​ផលិត​ឲ្យ​នៅ​ដដែល។ ពោល​គឺ ៣០លាន​ធុង​បារីល ​ក្នុង​មួយ​ថ្ងៃ​​ សរុប​គ្រប់​បណ្តា​ប្រទេស​សមាជិក​ទាំង​អស់។

សូម បញ្ជាក់ ថា​តម្លៃ​ប្រេងឆៅ​បាន​ចុះ​មក​មិន​ដល់ ៧០​ដុល្លារ​ផង ក្នុង​មួយ​ធុង​បារីល បើ​យោង​តាម​តួលេខ​ទីផ្សារ​ប្រេង​ របស់​ទីក្រុង​ឡុងដ៍​ កាល​ពី​ម្សិលមិញ។ ការ​ធ្លាក់​ចុះ​តម្លៃ​នេះ គឺ​ដោយសា​តែ​ ចំនួន​ប្រេង​ដែល​ផលិត​បាន វា​លើស​ពី​តម្រូវការ​ទីផ្សារ។ មួយ​វិញ​ទៀត មិន​មែន​មាន​តែ​ប្រទេស​សមាជិក​អង្គការ OPEP ទេ ដែលផលិតប្រេងលក់។ អាមេរិក និងរុស្ស៊ី ជា​អ្នក​ផលិត​ប្រេង​ធំ​ពីរ ​ដែល​កំពុង​តែ​ប្រជែង​ ជាមួយ​ប្រទេស​សមាជិក​ OPEP។

ទោះ​បី​ជា​យ៉ាងណា ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ​ដែល​ជា​មេ​ធំ​ជាងគេ​បង្អស់ ​នៅ​ក្នុង​អង្គការ OPEP ​បាន​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់ ​ថា​នឹង​មិន​បន្ថយ​ចំនួន​ផលិត​ជា​ដាច់ខាត។ គូវ៉េត ដែល​ជា​ប្រទេស​សំខាន់​មួយ​ដែរ​ក្នុង OPEP ​បាន​អំពាវនាវ ​ឲ្យ​មាន​ការ​សហការ​ជាមួយ ​ប្រទេស​ផ្សេងទៀត​ ដែល​មិនមែន​ជា​សមាជិក​របស់ OPEP ​ពោល​គឺ​សហរដ្ឋ​អាមេរិក និង​រុស្ស៊ី​ នេះ​តែ​ម្តង។ លោក​រដ្ឋមន្រ្តី​ក្រសួង​ប្រេង​ឥន្ធនៈ​គូវ៉េត ​បាន​ពន្យល់​ថា ការ​សម្រេច​ចិត្ត​របស់ ​OPEP ​ក្នុង​ការ​រក្សា​ចំនួន​ផលិត​ ឲ្យ​នៅ​ថេរ ​ក្នុង​ពេល​នេះ​ ជា​ជម្រើស​ល្អ​មួយ ព្រោះ​ថា​ទីផ្សារ​ នឹង​វិល​ត្រឡប់​មក​រក​សភាពការ​ល្អ​ប្រសើរ​វិញ ក្នុង​ពេល​ខាង​មុខ ​នៅ​ពេល​​ដែល តម្រូវការ​ទិញ​ មាន​ការ​កើនឡើង​ ឡើង​វិញ ហើយ​តម្លៃ​ប្រេង​ប្រាកដ​ជា​ឡើង​មក​វិញ​ដែរ។

តាម​ការ​វិភាគ ​គោល​ជំហរ​របស់​អារ៉ាប៊ីសាអ៊ូឌីត​ ដែល​រឹង​មិន​ព្រម​កាត់​បន្ថយ​ការ​ផលិត ព្រោះ​អារ៉ាប៊ីសាអ៊ូឌីត ​ចង់​វាយ​បំបាក់​ ជំនួញ​ប្រេង​របស់​អាមេរិក។ អាមេរិក​ផលិត​ប្រេង​បាន​ច្រើន​មែន​ ប៉ុន្តែ​ជា​ប្រភេទ​ប្រេង​ម្យ៉ាង​ហៅ​ថា​ ប្រេង​ឈីស្ត៍ (Petrole de Schiste)។ ប្រេង​ប្រភេទ​នេះ គឺ​គេ​យក​ចេញ​ពី​ស្រទាប់​ថ្ម​​ឈីស្ត៍ ដែល​នៅ​ក្នុង​ដី​យ៉ាង​ជ្រៅ។ ការ​បូប​យក​ប្រេង​ឈីស្ត៍​នេះ មិន​ត្រឹម​តែ​បាន​បំពុល​បរិស្ថាន ​និង​ដង្ហើម​ទឹក ​ប៉ុណ្ណោះ​ទេ តែ​វា​ចំណាយ​ថវិកា​ច្រើន​ណាស់។ ដូច្នេះ ​បើ​តម្លៃ​ប្រេង​ថោក​ដូច​សព្វ​ថ្ងៃ​នេះ ក្រុមហ៊ុន​ប្រេង​អាមេរិក ត្រូវ​តែ​បង្ខំ​ចិត្ត​ លក់​ក្នុង​តម្លៃ​ដូចគេ​ដូចឯង ​ហើយ​អាច​នឹង​មិន​រួចខ្លួន​ផង​មើល​ទៅ។ ចំណែក​អារ៉ាប៊ីសាអ៊ូឌីត​វិញ ​មាន​ធនធាន​រ៉ែ​ប្រេង យ៉ាង​មហាសាល ហើយ​តម្លៃ​នៃ​ការ​បូម​យក​ប្រេងឆៅ​ មាន​តម្លៃ​ថោក​ទៀត។ ដូច​នេះ ​អារ៉ាប៊ីសាអ៊ូឌីត​ នៅ​តែ​ចំណេញ​ច្រើន​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ