អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហភាព​អឺរ៉ុប​ធ្វើ​ជា​អន្តរការី​ដោះស្រាយ​វិបត្តិ​អេហ្ស៊ីប

ចុះផ្សាយ​នៅ​ថ្ងៃ៖

សម្ពាធ​តាន​តឹង​ រវាង​សកម្មជន​អ៊ីស្លាម​ជ្រុល​និយម​ អ្នក​គាំទ្រ​អតីត​ប្រធានាធិបតី មរស៊ី និង​កង​កម្លាំង​សន្តិសុខ​ ​ប៉ោង​ឡើង​កាន់​ខ្លាំង​ជា​លំដាប់​។ អំពើ​ហិង្សា​មរណៈ​កាលពី​ចុង​សប្តាហ៍​ និង​ការ​ព្រមាន​របស់​អាជ្ញាធរ មិន​បាន​ធ្វើឱ្យ​សកម្មជន​អ៊ីស្លាម​ភារតបុត្រ​​ ចុះ​ញ៉ម​ទេ ក្រុម​នេះ​បាន​អំពាវនាវ​ធ្វើ​បាតុកម្ម​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ។ ប្រឈម​នឹង​ស្ថានភាព​បែប​នេះ លោកស្រី​ កាទ្រីន​ អាស្តុន​ (Catherine Ashton) ប្រមុខ​ការទូត​សហភាពអឺរ៉ុប បាន​សម្រេច​ពន្យារ​បេសកកម្ម​ នៅក្រុង​គែរ​ ដើម្បីអាច​ជួប​ពិភាក្សា​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​បក្ខដិបក្ខ​ទាំង​អស់​ បូក​ទាំង​លោក​មរស៊ី អតីត​ប្រធានាធិបតី​ធ្លាក់​ពីតំណែង​ផង។

លោកស្រី Catherine Ashton ប្រមុខ​ការទូត​សហភាព​អឺរ៉ុប និង​អនុប្រធានាធិបតី​អេហ្ស៊ី នៅទីក្រុង គែរ ថ្ងៃទី ២៩ កក្កដា ២០១៣
លោកស្រី Catherine Ashton ប្រមុខ​ការទូត​សហភាព​អឺរ៉ុប និង​អនុប្រធានាធិបតី​អេហ្ស៊ី នៅទីក្រុង គែរ ថ្ងៃទី ២៩ កក្កដា ២០១៣ ©Reuters
ផ្សាយពាណិជ្ជកម្ម

លោកស្រី កាទ្រីន អាស្តុន (Catherine Ashton) ត្រូវ​បាន​​ជូន​​ដំណើរ​ដោយ​ឧទ្ធម្ភាគចក្រ​យោធា នៅ​កណ្តាល​អាធ្រាត្រ​យប់​មិញ ទៅ​កាន់​ទី​ដៅ​សម្ងាត់​មួយ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក​អតីត​ប្រធានាធិបតី​ តែ​ពេល​នេះ​ក្លាយ​ជា​ជន​មាន​ទោស។ ជំនួប​បាន​អូស​បន្លាយ​អស់​ពេល​ពីរ​ម៉ោង និង​បាន​អនុញ្ញាត​ឱ្យ​ឥស្សរជន​នយោបាយ​ទាំង​ពីរ​ពិភាក្សា​គ្នា​បាន​យ៉ា​ង​ស៊ីជម្រៅ។ ប៉ុន្តែ​ខ្លឹមសារ​លម្អិត មិន​ត្រូវ​ អ្នក​នាំ​ពាក្យ​​បង្ហើប​បង្ហាញ​ឱ្យ​ដឹង​ជា​សាធារណៈ​។

មុន​នឹង​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​ប្រធានាធិបតី​បាត់​តំណែង​នេះ លោកស្រី​ប្រមុខ​ការទូត​ ក៏​បាន​ជួប​​ពិភាក្សា​ផង​ដែរ​ នៅ​ក្នុង​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ជាមួយ​នឹង​សកម្មជន​នយោបាយ​អេហ្ស៊ីប​គ្រប់​ភាគី​ទាំង​អស់ មាន​ជាអាទិ៍​ ប្រធានាធិបតី​ស្តីទី អនុប្រធានាធិបតី​ទទួល​បន្ទុក​​ទំនាក់ទំនង​អន្តរជាតិ លោក អែល​បារ៉ាដាយ​ និង​បុរស​ខ្លាំង​របស់​អេហ្ស៊ីប​ដែល​ជា​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ឧត្តមសេនីយ៍ អាប់ឌែល ហ្វាតាស អែលស៊ីស៊ី។ ក្រៅ អំពី​ជំនួប​ជាមួយ​អ្នកទទួលខុស​ត្រូវ​នយោបាយសំខាន់ៗនេះ លោកស្រី អាស្តុន ក៏បានជួប​ពិភាក្សា​ជាមួយ​នឹង​តំណាង​ប្រតិភូ​ នៃក្រុម​បក្ស​ប្រឆាំង​ Frère musulman និង​សម្ព័ន្ធ​មិត្ត​ តំណាង​ចលនា​យុវជន តាម៉ារ៉ូដ ដែល​ជា​ដើម​​ហេតុ​ ធ្វើ​បាតុកម្ម នាំ​ដល់​ការ​ធ្វើ​រដ្ឋ​ប្រហារ​​ទម្លាក់​លោក​មរស៊ី និង​តំណាង​គណបក្ស​សាឡាហ្វីស​ ដែល​ពេល​នេះ​កំពុង​រក្សា​ជំហរ​អព្យាក្រិត្យ​ ក្នុង​វិបត្តិ​បច្ចុប្បន្ន​រវាង​ក្រុម​យោធា​និង​ក្រុមអ៊ីស្លាម​ជ្រុលនិយម។

ហើយ​ជា​ថ្មី​ម្តង​ទៀត រាល់​ជំនួប​ទាំង​ឡាយ​នេះ គ្មាន​ព័ត៌មាន​លម្អិត​អ្វី​ធ្លាយ​ចេញ​មក​ក្រៅ​សោះ។ និង​ទំនង​ដើម្បី​សុវត្ថិភាព​លោក​មរស៊ី លោកស្រីអាស្តុន ក្នុង​​​ធ្វើ​សន្និសីទ​កាសែត បាន​ត្រឹម​បញ្ជាក់ថា​លោក មរស៊ី​ មាន​សុខភាព​ល្អ ជា​ធម្មតា និង​ទទួល​បាន​គ្រប់​ព័ត៌មាន។

នេះ​មិនមែនជា​លើក​ទីមួយ​ទេ ដែល​លោកស្រី​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប​ ​ទៅ-​មក​ក្រុង​គែរ តាំង​ពី​អេហ្ស៊ីប​ធ្លាក់​ក្នុង​វិបត្តិ​ ដើម្បី​សាកល្បង​រក​ដំណោះស្រាយ​​ឱ្យ​អេហ្ស៊ីប​។ ​លើក​នេះ​បាន​ប្រសើរ​ជាង​មុន​បន្តិច​ ដោយ​​លោកស្រី​អាច​ជួប​ជាមួយ​នឹង​លោក​មរស៊ីបាន ប៉ុន្តែ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​អឺរ៉ុប​នេះ មិន​ទាន់​បាន​ទទួល​លទ្ធផល​អ្វី​ទេ ក្រុមអ៊ីស្លាម​ជ្រុលនិយម​បដិសេធ​ជា​និច្ច​ មិន​ព្រមធ្វើ​ការ​ចរចា​ឡើយ ដរាប​ណា​លោក​មរស៊ី​មិន​ត្រឡប់​មកកាន់​តំណែង​ជា​ប្រធានាធិបតី​វិញ​ទេ​នោះ។

ក្រុម​អ៊ីស្លាមជ្រុល​និយម ចង់ប្រើ​ឱកាស​នេះ ដើម្បី​បញ្ជាក់​ប្រាប់​សហគមន៍​អន្តរជាតិ ពិសេស​សហភាព​អឺរ៉ុប​នេះ ថា ក្រុម​ Frère musulman មាន​សំឡេង​ច្រើន​ ឬ​ពិត​ជា​មាន​ឆន្ទៈ​មោះ​មុត មិន​ងាយ​ប្តូរ​ជំហរ​ដោយ​ស្រួលៗ​ឡើយ។ ក្រុម​នេះ​បាន​អះអាង​ថា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជូន​ដល់​លោកស្រី​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប អំពី​កម្មវត្ថុ​នេះ​បាតុកម្ម​នៅ​ថ្ងៃ​អង្គារ​នេះ​ ដែល​ជា​បាតុកម្ម​ស្រប​ច្បាប់​ និង​មាន​សកម្មភាព​រហូត​ដល់​ លោក​មរស៊ី​ ប្រធានាធិបតី​អេហ្ស៊ីប​ប្រសូត​ចេញ​ពី​ការ​បោះឆ្នោត​ដំបូង​គេ​បំផុត វិលមក​​កាន់​អំណាច​វិញ រំលាយ​ចោល​ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​ដើម​ខែកក្កដា។

នៅក្នុង​​បាតុកម្ម​លើក​នេះ មាន​ក្បូន​បី​ធំៗ​គ្រោង​ដង្ហែ​ឡើង ៖ ទីមួយ សំដៅ​ទៅកាន់​មុខ​ស្ថានទូត​បរទេស​ ទូត​ដែល​ជិត​ជាងគេ គឺ​ទូត​បារាំង​ និង​អារ៉ាប៊ី សាអ៊ូឌីត។ គ្រោះ​ថ្នាក់​បំផុត​ គឺ​ដំណើរ​ឆ្ពោះ​​ទៅ​កាន់​ស្ថានទូត​អាមេរិក ដែល​ស្ថិត​នៅ​ក្បែរ​ទីលាន​សន្តិភាព តារៀ។ ទីលាន​ដែលកាន់កាប់​ដោយក្រុម​អ្នក​ប្រឆាំង​នឹង​អតីត​ប្រធានាធិបតី។ មួយ​ក្រុម​ទៀត ដែល​អាច​​​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្លាំង​ដែរ​នោះ ដំណើរ​ប្រមូល​ផ្តុំ​ឆ្ពោះ​ទៅ​កាន់​ក្រសួង​មហាផ្ទៃ។

ការ​ប្រកូក​ប្រកាស​ប្រមូល​ បាតុករ​មួយ​លាន​នាក់​ត្រូវ​បាន​គេ​រង់​ចាំ​ចុះ​ថ្នល់​នៅ​ថ្ងៃ​នេះជា​​ក្តី​ព្រួយ​បារម្ភ​ថ្មី​ ខ្លាច​មាន​អំពើ​ហិង្សា​ផ្ទុះឡើង​ទៀត។ ក្នុង​រយៈ​ពេល​តែ​ជាង​មួយ​ខែ​នេះ វិបត្តិ​អេហ្ស៊ីប បាន​សម្លាប់​ជីវិត​មនុស្ស​ជាង​បី​រយ​នាក់។ កាន់តែ​មាន​មនុស្ស​ស្លាប់​ កាន់​តែ​រុញ​ច្រាន​ប្រទេសឱ្យ​ធ្លាក់​កាន់​តែ​ជ្រៅ​ក្នុង​វិបត្តិ ពិបាក​ចេញ​។ តាំង​ពី​ថ្ងៃ​អាទិត្យ​មក ​​អន្តរការី​អឺរ៉ុប លោកស្រី​ កាទ្រីន អាស្តុន បាន​អំពាវនាវ​ ឱ្យមាន​ការ​គោរព និង​ចាប់ផ្តើម​ដំណើរ​ការ​​អន្តរកាល​នយោបាយ​ បញ្ចូល​គ្រប់​និន្នាការ​បក្ស​រាប់ទាំង​ក្រុម​អ៊ីស្លាម​ជ្រុលនិយមផង។ ប៉ុន្តែ​ក្នុង​ដំណាក់​ទ័លច្រក​នេះ​​​ ក្រុមយោធា​បាន​ព្រមាន​ជា​ស្រេច​ ថា​នឹង​ចាត់​ការ​​ប្រើ​ធម៌​ក្តៅ​ ប្រឆាំង​រាល់​ការ​ជ្រុល​ជ្រួសហិង្សា។ ឧទ្ធម្ភាគចក្រ​យោធា​បាន​ឆ្វែល និង​បោះ​ខិត្តបណ្ណ​ព្រមាន​ តាំង​ពី​ម្សិលមិញ​មក​ មិនឱ្យ​បាតុករ ទៅ​ក្បែរ​ទីស្នាក់ការ​ប៉ូលិស ឬ​យោធា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ