អានតួអត្ថបទ
អេហ្ស៊ីព្ទ

វិបត្តិ​អេហ្ស៊ីព្ទ៖ កងទ័ព​មិនព្រម​ប្រើ​កម្លាំង​បង្រ្កាប​បាតុកម្ម

នៅថ្ងៃ​អាទិត្យ​ ៣០ មករា ២០១១​នេះ ប្រជាជន​អេហ្ស៊ីព្ទ​នៅតែ​បន្ត​នាំគ្នា​ចេញ​មក​ធ្វើ​បាតុកម្ម ៦ថ្ងៃ​ជាប់ៗគ្នា ដើម្បី​ទាមទារ​ឲ្យ​​លោក​មូបារ៉ាក់​ចុះចេញ​ពីតំណែង។ លោក​មូបារ៉ាក់​បាន​បញ្ជា​ឲ្យ​​ដាក់​ពង្រាយ​កងទ័ព រួមមាន​ទាំង​រថក្រោះ និង​រថពាសដែក​ផង ​នៅ​ពេញ​តាមផ្លូវ នៅ​ក្រុង​គែរ ដើម្បី​ទប់ទល់​នឹង​បាតុករ។ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ ទាហាន​អេហ្ស៊ីព្ទ​មិន​បាន​ប្រើ​កម្លាំង​បំបែក​បាតុករ​នោះទេ។

បាតុករ​នាំគ្នា​ជិះលើ​រថក្រោះ​ទាហាន​ដែលលោក​មូបារ៉ាក់​ដាក់ពង្រាយ​ទុក​បង្រ្កាប​បាតុកម្ម​ប្រឆាំង
បាតុករ​នាំគ្នា​ជិះលើ​រថក្រោះ​ទាហាន​ដែលលោក​មូបារ៉ាក់​ដាក់ពង្រាយ​ទុក​បង្រ្កាប​បាតុកម្ម​ប្រឆាំង ©Reuters
ផ្សាយពាណិជ្ជកម្ម

តើ​លោក​មូបារ៉ាក់​កំពុង​រៀបចំ​ផ្ទេរ​អំណាច​ឬ?
05:11

បទវិភាគ​របស់ សេង ឌីណា

លោក​មូបារ៉ាក់​បាន​សម្រេច​ដាក់​ពង្រាយ​កងទ័ព នៅ​ល្ងាច​ថ្ងៃ​សុក្រ គឺ​មក​ពី​កម្លាំង​ប៉ូលិស​មិន​អាច​ទប់ទល់​នឹង​ពួក​បាតុករ​បាន។ ក៏ប៉ុន្តែ រហូតមកទល់​ថ្ងៃ​អាទិត្យ​នេះ ទាហាន​អេហ្ស៊ីព្ទ​មិន​បាន​​ប្រើ​កម្លាំង​ទៅលើ​បាតុករ​នោះទេ។ រហូតមកទល់ពេលនេះ ការប៉ះទង្គិច​​គ្នា គឺ​កើតមាន​ឡើង​តែ​រវាង​បាតុករ និង​ប៉ូលិស​ប៉ុណ្ណោះ។ នៅ​រៀងរាល់​យប់ ទោះបី​ជា​មាន​បាតុកម្ម​រាប់​ម៉ឺន​នាក់​ចេញ​ធ្វើ​បាតុកម្ម រំលោភ​លើ​បម្រាម​គោចរ ក៏​គេ​មិនឃើញ​មាន​​ក្រុមទាហាន​បញ្ចេញ​សកម្មភាព​ទប់ស្កាត់​បាតុកម្ម​នេះ​ដែរ។

ផ្ទុយទៅវិញ គេបែរជាឃើញ​​តែ​រូបភាព​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​រវាង​ទាហាន និង​បាតុករ។​ ​ទាហាន និង​បាតុករ​ខ្លះ​ឈរជជែកគ្នា ចាប់ដៃគ្នា ថតរូបជាមួយ​គ្នា ។ ពេលខ្លះ គេឃើញ​រថក្រោះ និង​រថពាសដែក​ ជាច្រើន​គ្រឿង បើក​តាមផ្លូវ​ជាមួយ​ក្បួន​បាតុកម្ម ដែល​មើលទៅ ដូចជា ចូលរួម​ធ្វើ​បាតុកម្ម​ច្រើន​ជាង​​មក​បង្រ្កាប​បាតុកម្ម។ ពេលខ្លះទៀត ពួក​បាតុករ​​ឡើង​ជិះ​រថក្រោះ​ជាមួយ​ទាហាន។ ខ្លះ​ថែម​ទាំង​ឈរលើ​រថក្រោះ គ្រវី​ទង់ជាតិ ហើយ​ស្រែក​បណ្តេញ​លោក​មូបារ៉ាក់​ឲ្យ​ចេញ​ពី​តំណែង​ទៀត​ផង។

កាល​ពី​ថ្ងៃ​សៅរ៍ ម្សិលមិញ លោក​មូបារ៉ាក់​បាន​តែងតាំង​ឧត្តមសេនីយ៍​កងទ័ព​ម្នាក់ គឺ​លោក​អូម៉ា ស៊ូលេម៉ាន់ (Omar Souleimane) ឲ្យ​ធ្វើ​ជា​អនុប្រធានាធិបតី។ តំណែង​នេះ ត្រូវ​លោក​មូបារ៉ាក់​ទុក​ឲ្យ​ទំនេរ​ចោល​អស់រយៈពេល ៣០​ឆ្នាំ​កន្លងមកហើយ។ ការតែងតាំង​ឧត្តមសេនីយ៍​កងទ័ព​ឲ្យ​កាន់តំណែង​អនុប្រធានាធិបតី នៅពេលនេះ ធ្វើ​ឲ្យ​គេគិតថា លោក​មូបារ៉ាក់​ទំនង​ជា​កំពុង​រៀបចំ​ផ្ទេរ​អំណាច​ទៅ​ឲ្យ​កងទ័ព។

1月30号,开罗街头,一个民众与坦克车上的士兵握手。
1月30号,开罗街头,一个民众与坦克车上的士兵握手。 路透社

លោក​មូបារ៉ាក់​បានតែងតាំង​ឧត្តមសេនីយ៍​កងទ័ព​ម្នាក់​ផ្សេង​ទៀត ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​ ដើម្បី​រៀបចំ​សមាសភាព​គណៈរដ្ឋមន្រ្តី​ថ្មី ក្រោយ​ពី​រដ្ឋាភិបាល​ចាស់​ត្រូវ​បាន​រំលាយ​ចោល កាល​ពី​យប់​ថ្ងៃ​សុក្រ។

ក៏ប៉ុន្តែ ការតែងតាំង​អនុប្រធានាធិបតី និង​ការ​រៀបចំ​រដ្ឋាភិបាល​ថ្មី​នេះ មិនបាន​ធ្វើ​ឲ្យ​បាតុករ​ប្រឆាំង​បន្ថយកំហឹង​នោះទេ។ កាលពីយប់​​ថ្ងៃសៅរ៍ មនុស្ស​រាប់​ម៉ឺន​នាក់​បាន​នាំគ្នា​ចេញ​មក​ធ្វើ​បាតុកម្ម​ ដោយ​មិនខ្លាច​ញញើត​នឹង​បម្រាម​គោចរ។ ពួកគេ​នៅតែ​បន្ត​ទាមទារ​ឲ្យ​លោក​មូបារ៉ាក់​ចុះចេញ​ពីតំណែង ហើយថែមទាំង​ស្រែក​ប្រឆាំង​នឹង​លោក​ស៊ូលេម៉ាន់ ដែល​ទើប​នឹង​ត្រូវ​តែងតាំង​ជា​អនុប្រធានាធិបតី​ទៀតផង។

នៅថ្ងៃ​អាទិត្យ​នេះ បាតុកម្ម​ប្រឆាំង​លោក​មូបារ៉ាក់​បាន​​ឈាន​ចូល​ដល់​ថ្ងៃ​ទី៦។ ចំនួន​អ្នកស្លាប់ ក្នុង​ការបង្រ្កាប​បាតុកម្ម ​បាន​កើនឡើង​រហូតដល់​ជាង​១០០នាក់។ ប្រព័ន្ធ​អ៊ីនធ័រនែត​នៅតែ​កាត់ផ្តាច់។ បន្ថែម​ពីលើ​នេះ​ទៀត ការផ្សាយ​របស់​ទូរទស្សន៍​អាល់ហ្សាហ្សេរ៉ា នៅ​អេហ្ស៊ីព្ទ​ត្រូវ​បាន​កាត់ផ្តាច់​ដែរ នៅថ្ងៃ​អាទិត្យ​នេះ។

ជើង​ហោះហើរ​ភាគច្រើន​​ចេញ​ពី​អេហ្ស៊ីព្ទ​ត្រូវគេ​លុបចោល ធ្វើ​ឲ្យ​​​អ្នកទេសចរ​បរទេស​ត្រូវ​​គាំង​ដំណើរ​មិន​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​ បាន។ រដ្ឋាភិបាល​ជប៉ុន​កំពុង​តែ​ស្វះស្វែង​ឲ្យ​រដ្ឋាភិបាល​អេហ្ស៊ីព្ទ​ធ្វើ​ យ៉ាងណា​ជួយ​ជនជាតិ​ជប៉ុន​ប្រមាណ ៥០០​នាក់ ឲ្យ​បាន​ចេញ​ពី​អេហ្ស៊ីព្ទ ត្រឡប់​ទៅ​ជប៉ុន​វិញ។

អ៊ីស្រាអែល​បាន​ជម្លៀស​ក្រុមគ្រួសារ​មន្រ្តី​ទូត​របស់​ខ្លួន​ចេញ​ពី​ អេហ្ស៊ីព្ទ។ ទួរគី​បាន​បញ្ជូន​យន្តហោះ​ទៅ​ជម្លៀស​ពលរដ្ឋ​របស់គេ​ ហើយ​អាមេរិក​ក៏គ្រោង​នឹង​ធ្វើ​ដូចគ្នា​នេះដែរ។ ប្រទេស​កាន់តែ​ច្រើន​ឡើង បាន​ចេញ​សេចក្តី​ប្រកាស​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ចៀសវាង​ការធ្វើ​ដំណើរ​ទៅ​ កាន់ប្រទេស​អេហ្ស៊ីព្ទ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ