អានតួអត្ថបទ
រុស្ស៊ី-តួកគី

ប្រអប់ខ្មៅ នៃយន្តហោះរុស្ស៊ីបាញ់ធ្លាក់ដោយតួកគី បានមកដល់ក្រុងម៉ូស្គូ

រុស្ស៊ីចេះ​យក​បាន​វិញ ប្រអប់​ខ្មៅ​នៃ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​រុស្ស៊ី​ធុន Su-24 បាញ់​ធ្លាក់កន្លះ​ខែ​មុន ដោយ​តួកគី​នៅ​ត្រង់​ព្រំដែន​ស៊ីរី ហើយ​ខ្លឹមសារ​សម្ងាត់​នៃ​អ្វីៗ​ដែល​មាន ថត​ជាប់​ក្នុង​ប្រអប់នេះ នឹង​ត្រូវ​ធ្វើ​វិភាគ គឺ​ដោយ​រួម​ជាមួយ​ពួក​អ្នក​ជំនាញ​បរទេស - សេចក្តីនេះ ថ្លែង​យប់មិញ នៅ​វិមាន​ក្រេមឡាំង ដោយ​លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន។

Russian Defence Minister Shoigu presents to President Putin the parametric flight recorder of the downed SU-24 jet at the Novo-Ogaryovo state residence outside Moscow
Russian Defence Minister Shoigu presents to President Putin the parametric flight recorder of the downed SU-24 jet at the Novo-Ogaryovo state residence outside Moscow © Reuters
ផ្សាយពាណិជ្ជកម្ម

គឺនៅវេលាម៉ោង១០យប់ថ្ងៃអង្គារទី៨ធ្នូ​ម្សិលមិញ ដែល​លោក​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី Serguei Shoigu បាននាំយក​ប្រអប់​ខ្មៅ​នោះ ទៅ​បង្ហាញ​ជូន​លោក​ប្រធានាធិបតី​ពូទីន ក្នុង​ការិយាល័យ​ការងារគាត់​នៅ​វិមាន​ក្រេមឡាំង។

 
ដោយឈរ​នៅពី​មុខ​ប្រអប់​ខ្មៅ​នោះ លោកពូទីន​មាន​ប្រសាសន៍​ទៅ​លោក​រដ្ឋមន្ត្រី Shoigu ៖
ក្នុង​ដំណាក់​ឥឡូវ ខ្ញុំ​សូម​លោក​កុំ​បើក​វា​ឲ្យ​សោះ។ បើបើកវា គឺលុះណា​តែ​នៅពី​មុខ​ពួក​អ្នកជំនាញ បរទេស។
 
លោកShoigu បានរៀបរាប់​ជូន​លោក​ពូទីន​ថា ដែនដី​ដែល​យន្តហោះ​ចម្បាំង​រុស្ស៊ី​ធ្លាក់​ទៅ​លើ ក្រោយ​ពីរង​ការបាញ់​ប្រហារ​ដោយ​តួកគី ត្រូវ​បាន “រំដោះ” រួចដោយ កងកម្លាំង​ពិសេស​របស់​ស៊ីរី ហេតុ​ដែលអនុញ្ញាត​ឲ្យ​គេ​រក​ឃើញ​ប្រអប់​ខ្មៅ​នោះ នៅ​ត្រង់​តំបន់​ដែល​មក​ទល់​ពេលនោះ​ឯង គឺ​បាន​ស្ថិត​នៅ​ក្រោមការកាន់​កាប់​ពួក​ឧទ្ទាម​ភេរវជន។
 
លោកប្រធានាធិបតី​ពូទីន បានថ្លែងថា ការធ្វើវិភាគ​ប្រអប់​ខ្មៅ​នោះ​នឹង​អនុញ្ញាត​ឲ្យ​កំណត់ ផ្លូវហោះហើរ ល្បឿន កំពស់​ហោះ និង​កន្លែង​ស្ថិត​នៅ​ក្នុង​អាកាស​នៃ​យន្តហោះ​រុស្ស៊ី ពេលវា​ត្រូវ បាន​បាញ់​បំផ្លាញ ដោយ​កង​អាកាស​តួកគី។
 
លោកពូទីនព្រមានថា ដោយ​មិន​អាស្រ័យ​នឹង​លទ្ធផល​នៃ​ការធ្វើ​វិភាគ​ប្រអប់​ខ្មៅ​នោះ ក្រុងម៉ូស្គូ នឹង​ពុំ​កែប្រែ ឥរិយាបថ​ខ្លួន​ឡើយ ចំពោះ​ទង្វើ​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​តួកគី​ទល់​នឹង​រុស្ស៊ី ​ដ្បិត​រុស្ស៊ី​តែង​បាន​ចាត់ទុក តួកគី​មិន​គ្រាន់​តែ​ជា​មិត្ត​ប៉ុណ្ណោះ​ទេ តែ ក៏​ជា​សម្ព័ន្ធមិត្ត​ទៅផង ក្នុង​ការប្រយុទ្ធ ទល់​នឹង​ភេរវនិយម ហើយមិនបាន​នឹក​ស្មាន​ទាល់​តែ​សោះ ថា តួកគី​ស្រាប់​តែ​ក្បត់​នឹង​រុស្ស៊ី ដោយ​ចាក់​យើង​ចំ​ពី​ក្រោយ​ខ្នង​តែ​ម្តង។
 
ដោយឡែក ប្រភពការទូត បាន​ឲ្យ​ដឹងថា នៅឯ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប. រុស្ស៊ី បាន​សុំ​ឲ្យ លើក​យកទៅពិនិត្យ​មើល​ក្រៅ​ផ្លូវការ បញ្ហា​ពាក់ព័ន្ធ​នឹង​អន្តរាគមន៍​យោធា​នៃ​កងទ័ព​តួកគី ចូល​ក្នុង​ដែនដី ស៊ីរី និង អ៊ីរ៉ាក់។ ជាការកត់សម្គាល់ រាល់តែ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​នេះ គឺ ត្រូវ​ប្រព្រឹត្ត​ទៅ ក្រោម​អធិបតីភាព របស់​ស.រ.អា. ដែល​ឡើង​ធ្វើ​ជា​ប្រធាន​ផ្លាស់​វេន​ក្រុមប្រឹក្សា ពេញ​មួយ​ខែ​ធ្នូ​នេះ។ ដូចគេ​ដឹង​ស្រាប់ អាមេរិក ជាសម្ព័ន្ធ​មិត្ត​តួកគី​តែម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ