អានតួអត្ថបទ
រុស្ស៊ី

FMI ចាប់មាន​សុទិដ្ឋនិយម​ខ្លះៗ លើសេដ្ឋកិច្ចរុស្ស៊ី

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ FMI មិនសូវ​ទុទិដ្ឋិនិយម​ទេ ក្នុង​រយៈពេលខ្លី​ខាងមុខ សម្រាប់​សេដ្ឋកិច្ចរុស្ស៊ី ដែល​ដើរថយក្រោយ អស់ពេលយូរ​មិនធ្លាប់​មានដូច បើគិតតាំង​ពី លោក ពូទីន ឡើង​កាន់អំណាច ជាប្រធានាធិបតី​រុស្ស៊ី ជាង១០ឆ្នាំ​មកហើយ ប៉ុន្តែ​មូលនិធិនេះ បារម្ភ ខ្លាចក្រែង កំណើន​សេដ្ឋកិច្ច​រុស្ស៊ី បន្ត​មានកម្រិតទាប​យ៉ាងយូរ មកពីរុស្ស៊ី​មិនធ្វើកំណែ​ទម្រង់ សំដៅ​ដាក់សេដ្ឋកិច្ច​ខ្លួន ឲ្យ​អាស្រ័យ​តិចទៅៗ នឹង​ចំណូល​បានមក ពី​ការលក់​ប្រេងឆៅ។

ស្រ្តី​ជាតិ​បេឡុរុស្ស៊ី កាន់លុយ​រូប្ល​របស់​រុស្ស៊ី
ស្រ្តី​ជាតិ​បេឡុរុស្ស៊ី កាន់លុយ​រូប្ល​របស់​រុស្ស៊ី REUTERS/Vasily Fedosenko
ផ្សាយពាណិជ្ជកម្ម

ក្នុង​របាយការណ៍ ចេញ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បេសកកម្ម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ FMI ដែលប្រចាំ នៅរុស្ស៊ី ព្យាករ​ថា ផលិតផល​សរុប ក្នុង​ប្រទេស​រុស្ស៊ី ហៅ​កាត់​ថា PIB នឹង​រួញ ខើច​អស់១,៥% ក្នុង​ឆ្នាំ២០១៦​នេះ​ ហើយ​នឹង​កើន​ឡើង ១% ក្នុង​ឆ្នាំ​ក្រោយ ឆ្នាំ២០១៧។ កាលពី ខែមេសា FMI​ បានព្យាករថា ទៅទល់ដំណាច់​ឆ្នាំនេះ PIB រុស្ស៊ី នឹងស្រុត​ចុះដល់ ១,៨% ហើយ​កំណើន ក្នុង​ឆ្នាំ​ក្រោយ គឺតែ​ក្នុង​កម្រិត ០,៨%។ ចំណែក​ដំណើរ​ដើរ​ថយ​ក្រោយ នៃ សេដ្ឋកិច្ច​រុស្ស៊ី នឹង​បន្តទៅ ដោយ​មកពី ប្រេងឆៅ​ស្ថិត​ក្នុង​តម្លៃទាប នៅលើ​ទីផ្សារ​ពិភពលោក , ដោយមក​ពី​ចំណូល​គ្រួសារ​រុស្ស៊ី ស្ថិតនៅ​ខ្សោយ ដោយ​មកពី ការសន្សំ​សំចៃ​ថវិកា​ជាតិ។

 
តាមយោបល់ FMI​ សេដ្ឋកិច្ច​រុស្ស៊ី នឹងកើន​ឡើងវិញ ក្នុងឆ្នាំក្រោយ គឺ លុះណា តម្លៃ​ប្រេងឆៅ លើ​ទីផ្សារ មាន​ស្ថិរភាព ហើយរុស្ស៊ី​មានស្ថានភាព​ហិរញ្ញវត្ថុ​ប្រសើរឡើង។ របាយការណ៍ FMI​ ចែងថា ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​រុស្ស៊ី គឺស្រាប់តែ មានកម្រិតទាប ជាងលើកមុនៗ ដោយសារ ចង្កោម​វិធានការ​ចាត់ឡើង​ដោយ អាជ្ញាធរ ក្នុងនោះ​មានការឆ្លង​ទៅកាន់ របប​ដូរប្រាក់​តាម​អត្រា បត់បែន , ការបង្កើន​ទុន​បម្រុង​នៃធនាគារ​ជាដើម។

ស្របនឹងស្ថិតិ​ផ្លូវការ​ចេញផ្សាយ ដើមសប្តាហ៍នេះ សេដ្ឋកិច្ចរុស្ស៊ី ក្នុងត្រីមាសទី១ កន្លងទៅ បើគិត​សម្រាប់ពេញ​មួយឆ្នាំនេះ គឺនឹង​ធ្លាក់ចុះតែ ១,២% បានន័យ​ថា តិចជាង ការប្រមើល​ទុក ដោយ​​រដ្ឋាភិបាល។

ជាការកត់​សម្គាល់ ប្រទេសរុស្ស៊ី​កំពុងឆ្លងកាត់ ដំណើរ​ដើរថយក្រោយ យ៉ាងជ្រៅ​តែម្តង នៃ សេដ្ឋកិច្ច​ខ្លួន ដោយមក​ពី​ការធ្លាក់ចុះ​ខ្លាំង​នៃ​តម្លៃប្រេង ដែលតែងនាំ​ចំណូល​ក្រាស់ក្រែល ដល់ ថវិកា និង​ដោយ​មក​​ពី​ទណ្ឌកម្ម​បស្ចិមលោក ពាក់ព័ន្ធ​នឹង​វិបត្តិ នៅអ៊ុយក្រែន។

FMI​ សង្កេតឃើញ​ថា អតិផរណា នៅរុស្ស៊ី ក្នុង​ខែមីនា ក៏ដូចជា​ក្នុងខែ​មេសា តាមស្ថិតិ​ផ្លូវការ បាន​ស្ថិត​ក្នុង​កម្រិត ៧,៣% គិតសម្រាប់ពេញ​មួយឆ្នាំ គឺ​យឺតចង្វាក់​ទៅវិញ ដោយមកពី មិនសូវ​មាន ភាពសកម្ម​​សេដ្ឋកិច្ច និង​មកពីរដ្ឋាភិបាល រឹតត្បិត​នយោបាយ​ហិរញ្ញវត្ថុ។ ដូច្នេះ ​តាមការប្រមាណ​ឃើញ របស់ FMI​ បើប្រៀបទៅនឹង​ឆ្នាំមុន ដែលអតិផរណា មានកម្រិត ជាទូទៅ ដល់ ១៥% គឺវាត្រូវ​ធ្លាក់ចុះមកនៅ ម្តុំ ៦,៥% ទៅទល់ដំណាច់ឆ្នាំនេះ ហើយ ក្នុងឆ្នាំ ក្រោយ វានឹងរឹតតែធ្លាក់​ចុះទៅទៀត។

កម្រិតខ្ពស់​នៃអតិផរណា បានបន្សោយតែម្តង សមត្ថភាពទិញ​របស់គ្រួសារ​រុស្ស៊ី ហេតុដែល បន្ត​ក្តោបក្តាប់​ប្រទេសរុស្ស៊ី នៅផុងខ្លួន ក្នុងវិបត្តិ​សេដ្ឋកិច្ច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ