អានតួអត្ថបទ
បារាំង

នគរបាល​បារាំង បដិសេធ​មិនឲ្យ​មាន​បាតុកម្ម​របស់​សហជីព​នៅថ្ងៃ​២៣ មិថុនា

បន្ទាប់​ពី​មាន​ការ​រារែក​ អស់រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ អាជ្ញាធរ​បារាំង​ក្រុង​ប៉ារីស ​បាន​សម្រេច​មិនឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម ​ដែល​ក្រុម​សហជីព​ទាំង​៧​របស់​បារាំង ​បាន​មាន​គម្រោង​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​ ២៣​ មិថុនា។ មូលហេតុ​នៃ​ការ​បដិសេធ​នេះ ​ គឺ​មួយផ្នែក​ដោយសារ​តែ​ក្បួន​បាតុកម្ម​កាល​ពី​សប្តាហ៍​មុន ​ក្រុម​បាតុករ​បាន​បង្ករ​អំពើ​ហិង្សា ​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ ​ហើយ​មួយផ្នែក​ទៀត ​ដោយសារ​នគរបាល​បារាំង​ មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​សន្តិសុខ ​និង​សុវត្ថិភាព ​ស្រប​ពេល​ដែល​បារាំង​កំពុងតែ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​អឺរ៉ូ​២០១៦។

ក្រុុម​បាតុករ​បិទមុខ បង្ករអំពើហិង្សា​ ក្នុងពេល​ធ្វើបាតុកម្ម នៅក្រុងប៉ារីស ​ថ្ងៃទី​១៤ មិថុនា ២០១៦
ក្រុុម​បាតុករ​បិទមុខ បង្ករអំពើហិង្សា​ ក្នុងពេល​ធ្វើបាតុកម្ម នៅក្រុងប៉ារីស ​ថ្ងៃទី​១៤ មិថុនា ២០១៦ REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

ពីរថ្ងៃ​មកហើយ ​ដែល​អាជ្ញាធរ​នគរបាល​ក្រុង​ប៉ារីស ​ព្យាយាម​ចរចា​ជាមួយ​ក្រុម​សហជីព​ទាំង​៧​របស់​បារាំង ​ក្នុងការ​រៀបចំ​ក្បួន​បាតុកម្ម​ ដែល​សហជីព​មាន​គម្រោង​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក។ អាជ្ញាធរ​បារាំង​ បាន​សំណូមពរ​ឲ្យ​បាតុកម្ម​ ត្រូវ​រៀបចំ​ឡើង​ ជា​ការ​ជួបជុំ ​នៅតែ​មួយ​កន្លែង ​ ដោយ​មិន​ចាំបាច់​មាន​ការ​ដង្ហែរ​ក្បួន​ទេ។ ធ្វើ​ដូចនេះ ​គឺ​ដើម្បី​ងាយស្រួល​ដល់​ការ​ដាក់​កម្លាំង​ការពារ​សន្តិសុខ​ ហើយ​ចៀសវាង ​ការ​ប្រឈម​មុខ​ដាក់គ្នា ​បង្ករ​ជា​អំពើ​ហិង្សា។ មួយវិញ​ទៀត ​កម្លាំង​នគរបាល​បារាំង​ សឹងតែ​ទាំង​ស្រុង ​កំពុង​ជាប់​រវល់ ​ក្នុង​ការ​ការពារ​សន្តិសុខ ​ក្នុង​ឱកាស​ប្រកួត​កីឡា​បាល់ទាត់​ទៀតផង​ ហើយ​មិន​មាន​កម្លាំង​គ្រប់គ្រាន់​ ដើម្បី​មក​ដាក់​ពង្រាយ ​ការពារ​ក្បួន​បាតុកម្ម​ទេ។

 
ក៏ប៉ុន្តែ​ ក្រុម​សហជីព​ទាំង៧ ​មិនបាន​ត្រូវរូវ​គ្នា ​ស្របទៅ​តាម​សំណើរ​របស់​អាជ្ញាធរ​នគរបាល​ទេ ​ហើយ​នៅ​តែ​ទាមទារ​ធ្វើ​ការ​ដង្ហែរ​ក្បួន​តាម​វិថី​ធំៗ​នាៗ ​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ដដែល។ ទីបំផុត​ទៅ​ អាជ្ញាធរ​នគរបាល​ក្រុង​ប៉ារីស​ បាន​សម្រេច​ហាមឃាត់ ​មិន​ឲ្យ​មាន​បាតុកម្ម​តែម្តង ​ដោយ​សំអាង​ថា ​នគរបាល​គ្មាន​ជំរើស​អ្វី​ផ្សេង​ទេ។

បាតុកម្មថ្ងៃទី​​១៤ មិថុនា​២០១៦
បាតុកម្មថ្ងៃទី​​១៤ មិថុនា​២០១៦ RFI/Altin Lazaj

 
សូម​បញ្ជាក់​ថា ​កាលពី​ថ្ងៃ​ទី​១៤ ​មិថុនា ​មហា​ក្បួន​បាតុកម្ម​មួយ​បាន​រៀបចំ​ឡើង​ ដោយ​ក្រុម​សហជីព​បារាំង​ ដើម្បី​ប្រឆាំង​នឹង​សេចក្តី​ព្រៀងច្បាប់​ថ្មី​ស្តី​ពី​ច្បាប់​ការងារ​ ដែល​រដ្ឋសភា​បារាំង​កំពុង​តែ​ពិភាក្សា។ បាតុកម្ម​នេះ ​បាន​ក្លាយ​ជា​អំពើ​ហិង្សា ​យ៉ាង​អាម៉ាស ​ព្រោះ​ក្រុម​ជ្រុល​និយម​ដែល​ជា​បាតុករ​ បាន​ប្រើ​អំពើ​ហិង្សាទៅ​លើ​កម្លាំង​នគរបាល ​ហើយ​បន្ទាប់​មក​បាន​វាយ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯកជន​ និង​សាធារណៈ ​មាន​ដូច​ជា​ហាង​ទំនិញ ​ ធនាគារ ​និង​ជា​ពិសេស​មន្ទីរ​ពេទ្យ​កុមារ​មួយ​ផងដែរ។

អំពើ​ហិង្សា​នេះ ​បាន​ធ្វើ​ឲ្យ​មតិ​សាធារណៈ ​មាន​ការ​ខឹង​សម្បារ​និង​ក្រុម​បាតុករ​ហិង្សា​ជាខ្លាំង។ លោក​នាយករដ្ឋមន្ត្រី ​ម៉ានុយអ៊ែល វ៉ាលស៍ ​បាន​មាន​ប្រសាសន៍​ថា ​ក្នុង​ករណី​ចាំបាច់ ​ដើម្បី​ចៀសវាង​ការ​ប្រើ​អំពើ​ហិង្សា​របៀប​នេះ​ទៀត ​ហើយ​ជា​ពិសេស​ ដើម្បី​រក្សា​សន្តិសុខ ​និង​សណ្តាប់​ធ្នាប់ ​អាជ្ញាធរ​នឹង​ត្រូវ​តែ​បង្ខំ​ចិត្ត ​ហាមឃាត់​ក្បួន​បាតុកម្ម។ ចំណែក​លោក​ ប៊ែកណា កាហ្សឺណូវ ​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង ​បាន​ថ្លែង​ថា ​ក្រុម​សហជីព ​ត្រូវតែ​មាន​ការ​ទទួល​ខុសត្រូវ​ ចំពោះ​អំពើហិង្សា​កន្លងមក​ ហើយ​សហជីព​ក៏​ត្រូវ​យល់ ​ពី​ការ​លំបាក​របស់​អាជ្ញាធរ​នគរបាល ​ក្នុង​ការ​ការពារ​សន្តិសុខ ​ក្នុង​ខណៈ​ដែល​អំពើ​ភេរវកម្ម​ អាច​កើត​មាន​ឡើង​គ្រប់​ពេល​វេលា ​ជា​ពិសេស ​ក្នុង​ឱកាស​ប្រកួត​បាល់ទាត់។

យ៉ាងណា​ក៏ដោយ​ ប្រធាន​សហជីព​ធំៗ​ទាំង២​របស់​បារាំង ​បាន​សំណូមពរ​ចូល​ជួប​លោក​រដ្ឋមន្ត្រី​មហាផ្ទៃ ​ដើម្បី​ទទួល​បាន​ការ​ពន្យល់ ​ស្តីពី​ការ​បដិសេធ​មិន​ឲ្យ​ធ្វើ​បាតុកម្ម។​ អ្នក​នយោបាយ​បារាំង​ មួយ​ចំនួន​ បាន​ឆ្លៀត​ឱកាស​នេះ​ វាយ​ប្រហារ​រដ្ឋាភិបាល​របស់​លោក​ហូឡង់ ​ថា​ជា​រដ្ឋាភិបាល​ឆ្វេង​និយម ​តែ​បែរ​ជា​មក​ហាម​ឃាត់​ការ​ធ្វើ​បាតុកម្ម​ទៅ​វិញ។ បើគិត​ពី​ឆ្នាំ​១៩៥៨​មក ​នេះ​គឺ​ជា​លើក​ទីមួយ​ហើយ ​ដែល​អាជ្ញាធរ​បារាំង ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​បាតុកម្ម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ