អានតួអត្ថបទ
អង់គ្លេស-សហភាពអឺរ៉ុប

ប្រមុខការទូត​អង់គ្លេស ​ទទួល​បន្ទុក​ចរចា​Brexit ​ជាមួយ​អឺរ៉ុប លាលែង​ចេញ​ពី​តំណែង

កាលពី​ព្រឹក​ថ្ងៃ​ទី​៤​មករា ​ សហភាព​អឺរ៉ុប​មួយ​ទាំង​មូល ​បាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​ ដោយសារ​លោក ​Ivan Rogers ​អគ្គរាជទូត​អង់គ្លេស​ប្រចាំ​សហភាព​អឺរ៉ុប ​បាន​លាលែង​ពី​តំណែង។ គឺ​លោក​ប្រមុខ​ការទូត​រូប​នេះ​ហើយ ​ដែល​មាន​តួនាទី​ចរចា​ជាមួយ​សហភាព​អឺរ៉ុប ​ ក្នុង​សំណុំ​រឿង​នៃ​ការ​ដក​សមាជិក​ភាព ​របស់​អង់គ្លេស ​ចេញ​ពី​សហភាព​អឺរ៉ុប។ សូម​បញ្ជាក់​ថា ​នៅតែ​ជាង​២ខែ​ទៀត​ប៉ុណ្ណោះ ​រដ្ឋាភិបាល​អង់គ្លេស ​ត្រូវ​តែ​ចាប់​ផ្តើម​នីតិវិធី​ផ្តាច់ខ្លួន​ ចេញ​ពី​សហភាព​អឺរ៉ុប​ ហើយ​ការ​ចរចា​គ្នា​ដ៏​ស្មុគស្មាញ​ ដ៏ច្រើន​ជំពូក​កំពុង​តែ​រងចាំ។

លោក Ivan Rogers ប្រមុខ​ការទូត​អង់គ្លេស​​ប្រចាំ​​សហភាព​អឺរ៉ុប
លោក Ivan Rogers ប្រមុខ​ការទូត​អង់គ្លេស​​ប្រចាំ​​សហភាព​អឺរ៉ុប Reuters/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

លោកIvan Rogers ​បាន​ចូល​កាន់​តំណែង ​ជា​ប្រមុខ​ការទូត​ចក្រភព​អង់គ្លេស​ ប្រចាំ​សហភាព​អឺរ៉ុប ​នៅខែ​វិច្ឆិកា​ ឆ្នាំ​២០១៣។ គ្រប់គ្នា​បាន​ទទួល​ស្គាល់​ពី​សមត្ថភាព​ និង​ថ្វី​មាត់​ក្នុង​ការ​ចរចា​របស់​លោក។ តាមធម្មតា ​គឺ​លោក​នេះ​ហើយ ​ ដែល​ត្រូវ​ទទួល​បន្ទុក​ ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ ស្តីពី​នីតិវីធី​ផ្តាច់ខ្លួន​ របស់​អង់គ្លេស ​ចេញពី​សហភាព​អឺរ៉ុប។

 
ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី ​៤ ​មករា ​ គ្រប់គ្នា​មាន​ការ​ភ្ញាក់ផ្អើល ​បន្ទាប់​ពី​បាន​ឮ​ដំណឹង​ថា ​លោក ​Ivan Rogers ​បាន​សម្រេច​ចិត្ត​លាលែង​ពី​តំណែង។ លោក​បាន​សរសេរ​សារអ៊ីមែល ​ដ៏វែង ​ ផ្ញើរ​ទៅ​កាន់​បុគ្គលិក ​និង​ក្រុម​ការងារ​លោក​ ប្រចាំ​នៅ​សហភាព​អឺរ៉ុប។ តាម​រយៈ​សារអ៊ីមែល​នេះ ​គឺ​អាច​យល់​យ៉ាង​ច្បាស់ ​ពី​ហេតុផល​នៃ​ការ​លាលែង​ពី​តំណែង​របស់​លោក។ នោះគឺ​ភាព​មិន​ត្រូវ​គ្នា ​ ការ​មាន​ទស្សនៈ​វិស័យ​ផ្សេងគ្នា ​ រវាង​លោក ​ និង​រដ្ឋាភិបាល​ថ្មី​របស់​អង់គ្លេស ​ដែល​ដឹកនាំ​ដោយ​លោកស្រី ​​Theresa May ​ស្តីពី​ការ​ផ្តាច់ខ្លួន​របស់​អង់គ្លេស។

លោក​ បាន​សរសេរ​ជា​អាទិ៍​ថា ​ “នៅ​ក្នុង​ចំណោម​សមាជិក​គណរដ្ឋមន្ត្រី​អង់គ្លេស ​លោក​មិន​ឃើញ​មាន​នរណា​ម្នាក់​ ដែល​មាន​បទ​ពិសោធន៍ ​និង​សមត្ថភាព​គួរ​ឲ្យ​ទុកចិត្ត​បាន​ទេ ​ ជុំវិញ​ការ​ចរចា​អន្តរភាគី​ ក្នុង​សំណុំ​រឿង​ផ្តាច់​បេក្ខភាព​របស់​អង់គ្លេស​ ចេញ​ពី​សហភាព​អឺរ៉ុប”។ លោក​បន្តថា ​“រហូត​មក​ទល់​ពេល​នេះ ​សូម្បីតែ​លោក​ខ្លួនឯង ​ដែល​ជា​អ្នក​ទៅ​ចរចា ​មិន​ទាំង​ដឹង​ថា ​តើ​អ្វី​ទៅ​ជា​ទស្សនៈវិស័យ ​ជា​កម្មវត្ថុ​ពិតប្រាកដ​​របស់​រដ្ឋាភិបាល​អង់គ្លេស ​ស្តី​ពី​ទំនាក់​ទំនង​រវាង​អង់គ្លេស ​និង​សហភាព​អឺរ៉ុប​ បន្ទាប់​ពី​ផ្តាច់​ខ្លួន​ចេញ​ហើយ”

ដោយឡែក ​បើផ្អែក​តាម​ការ​ផ្សាយ​របស់​កាសែត ​The Telegraph ​បាន​ឲ្យដឹង​ថា ​ប្រភព​ពី​រដ្ឋាភិបាល​​អង់គ្លេស ​គឺ​គេ​មិន​មាន​អ្វី​ភ្ញាក់ផ្អើល ​និង​ការ​ចុះចេញ​ពី​តំណែង​របស់​លោក​ Ivan Rogers  ​ទេ។ ការ​លាលែង​នេះ ​ ត្រូវ​បាន​គណរដ្ឋមន្ត្រី​អង់គ្លេស​ត្រៀម​ទុក​មុន​រួច​ហើយ ​ព្រោះ​រដ្ឋាភិបាល​អង់គ្លេស ​ដឹង​ថា​Ivan Rogers ​មិន​ចង់​ឲ្យ​អង់គ្លេស​ដើរ​ចេញ​ពី​អឺរ៉ុប។ រដ្ឋាភិបាល​លោកស្រី Theresa May ​ចង់​ដាក់​មនុស្ស​ថ្មី ​ ដែល​មាន​និន្នាកា​ជឿ​ទុកចិត្ត​លើ​កម្លាំង​របស់​អង់គ្លេស ​ក្រោយ​ពេល​ដក​ខ្លួន​ពី​សហភាព​អឺរ៉ុប ​ ជា​អ្នក​ចរចា​វិញ​ ទើប​ប្រសើរ។

ក្នុងន័យ​នេះ ​គឺ​អាច​មាន​ន័យ​ថា ​គឺ​រដ្ឋាភិបាល​អង់គ្លេស ​ដែល​ជា​អ្នក​ធ្វើ​គ្រប់​យ៉ាង ​ដើម្បី​បង្ខំ​ឲ្យ​លោក ​Ivan Rogers ​លាលែង​ពី​តំណែង។ យ៉ាង​ណាមិញ ​លោក​ Nick Clegg​ អ្នក​នយោបាយ​អង់គ្លេស​មួយ​រូប ​ បាន​បញ្ជាក់​ថា ​លោក​គ្មាន​អ្វី​ចំលែក​ក្នុង​ចិត្ត​ទេ ​ ព្រោះ​លោក​សម្លឹង​ឃើញ​ថា ​ អ្នកណា​ដែល​មិន​ពេញចិត្ត​នឹង​ការ​ដកខ្លួន​របស់​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប ​គឺ​ត្រូវ​រដ្ឋាភិបាល​អង់គ្លេស ​កំចាយ​ចោល ​មិន​ឲ្យ​មាន​មុខ​ក្នុង​ការ​ចរចា​ទេ។

សូម​បញ្ជាក់ថា​ នៅចុង​ខែ​មីនា​ខាង​មុខ​នេះ ​គឺ​ជា​ឱសានុវាទ​ចុងក្រោយ ​ ដែល​រដ្ឋាភិបាល​អង់គ្លេស ​ត្រូវ​ប្រកាស​ចាប់ផ្តើម​នីតិវិធី​ដកខ្លួន។ បន្ទាប់​មក​ អង់គ្លេស ​និង​សហភាព​អឺរ៉ុប​មាន​ពេល​២ឆ្នាំ​ដើម្បី​ចរចា​គ្នា។ បញ្ហា​ជា​ច្រើន​ជំពូក​ដែល​ត្រូវ​ដោះស្រាយ ​ជា​ពិសេស​ទាក់ទិន​ទៅនឹង​បញ្ហា​សេដ្ឋកិច្ច ​ទីផ្សារ​ដោះដូរ​ពាណិជ្ជកម្ម ​រវាង​អឺរ៉ុប​ និង​អង់គ្លេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ