អានតួអត្ថបទ
បែលហ្ស៊ិក-ភេរវកម្ម

ភេរវកម្មនៅ​ព្រុចសែល៖ ដល់ពេល​ត្រូវ​បន្ទោស​គ្នា​ទៅវិញ​ទៅមក

ភេរវកម្ម​ដែល​បាន​កើតឡើង​នៅ​ក្រុង​ព្រុចសែល ​កាល​ពី​ថ្ងៃ​ទី​២២ ​មីនា ​បាន​ធ្វើឲ្យ​រញ្ជួយ​ប្រទេស​បែលហ្ស៊ិក ​និង​សហភាព​អឺរ៉ុប​ទាំងមូល។ ភេរវកម្ម​នេះ ​បាន​បង្ហាញ​ពី​ភាព​ខ្វះ​ចន្លោះ ​ការ​ធ្វើការ​មិន​ប្រទាក់ក្រឡា​គ្នា ​រវាង​អាជ្ញាធរ​មាន​សមត្ថកិច្ច ​ ទាំង​បែលហ្ស៊ិក ​ទាំង​បារាំង ​និង​ទាំង​សហភាព​អឺរ៉ុប​ទាំងមូល​តែម្តង។ លោក​នាយករដ្ឋមន្ត្រី​បារាំង​ខំ​សម្តែង​ការ​សហការ​ជាមួយ​បែលហ្ស៊ិក ​ក្នុង​កិច្ច​ការ​ស៊ើបអង្កេត​ ខណៈ​ដែល​មន្រ្តី​ធំៗ​មួយ​ចំនួន​របស់​ប្រទេស​ទាំងពីរ​បាន​បន្ទោស​គ្នា​ទៅវិញ​ទៅមក។ ក្រុម​ស៊ើបអង្កេត​ប្រឆាំង​ភេរវកម្ម​បែលហ្ស៊ិក​ កំពុងតែ​ត្រូវ​គេ​រិះគន់ ​ថា​ធ្វើការ​ធ្វេស​ប្រហែស។

ទីលាន Bourse នៅ​កណ្តាល​ក្រុងព្រុុចសែល​ ក្លាយ​ជាទី​គោរព​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​ ដោយ​អំពើភេរវកម្ម​ថ្ងៃ​ទី​២២ មីនា ២០១៦
ទីលាន Bourse នៅ​កណ្តាល​ក្រុងព្រុុចសែល​ ក្លាយ​ជាទី​គោរព​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​ ដោយ​អំពើភេរវកម្ម​ថ្ងៃ​ទី​២២ មីនា ២០១៦ REUTERS/Christian Hartmann
ផ្សាយពាណិជ្ជកម្ម

លោក​ Michel Sapin​ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​បារាំង​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​ ២៣​មីនា ​ ថា​ភេរវកម្ម​នៅ​ព្រុចសែល ​​គឺ​ដោយសារ​តែ​កន្លង​មក​ បែលហ្ស៊ិក​មាន​ការ​ធ្វេស​ប្រហែស​ពេក ​មើល​ស្រាស​ពួក​ជ្រុល​និយម​អ៊ីស្លាម​ ទុកឲ្យ​ពួកនេះ​ធ្វើ​សំបុក​ក្នុង​សង្កាត់​ម៉ូលិនបិក។ ភ្លាមៗ​នោះ ​ស្រប​ពេល​ដែល​ប៊ែលហ្ស៊ិក ​កំពុងតែ​កាន់ទុក្ខ​ មន្រ្តី​មួយ​ចំនួន​របស់​បែលហ្ស៊ិក ​បាន​ឆ្លើយ​មក​វិញ​ថា ​ បារាំង​មុន​នឹង​មក​ផ្តល់​មេរៀន​ឲ្យ​គេ ​ គួរមើល​ចំណុច​អសកម្ម​របស់​ខ្លួនឯង​ ជាមុន​សិនទៅ។

 
ការ​បន្ទោស​គ្នា​ទៅវិញ​ទៅមក ​ មិនមែន​ធ្វើឡើង​តែ​រវាង​បារាំង​និង​បែលហ្ស៊ិក​ទេ សូ​ម្បីតែ​នៅ​ក្នុង​ផ្ទៃក្នុង​រដ្ឋាភិបាល​បែលហ្ស៊ិក ​ក៏​មាន​ការ​ស្តី​បន្ទោស​គ្នា​ដែរ ​ជុំវិញ​ចំណាត់ការ​បង្រ្កាប​បណ្តាញ​ភេរវកម្ម។ ទោះចង់​មិនចង់​ ហេតុការណ៍​ភេរវកម្ម​បាន​កើតឡើង​ ​វា​បង្ហាញ​ពី​ចំណុច​ខ្វះ​ចន្លោះ​ក្នុង​បេសកកម្ម​របស់​អាជ្ញាធរ​បែលហ្ស៊ិក។ ជាក់ស្តែង ​កាល​ពី​ថ្ងៃ​ទី ​២៣​ មីនា ​ក្រោយ​ភេរវកម្ម​មួយ​ថ្ងៃ ​មាន​ការ​ផ្តល់​ដំណឹង​ដោយ​ភ័នច្រឡំ ​ជុំវិញ​អត្តសញ្ញាណ​ភេរវករ​ ដែល​ដាក់​គ្រាប់បែក​បំផ្ទុះ​នៅ​ព្រលាន​យន្តហោះ ​និង​នៅ​ក្នុង​រថភ្លើង​ក្រោមដី​នៅ​ព្រុចសែល។
 

Ibrahim El Bakraoui (ខាងស្តាំ)  Najim Laachraoui (កណ្តាល) និង​​ជន​ទីបី​​ដែល​​កំពុងតែ​គេចខ្លួន
Ibrahim El Bakraoui (ខាងស្តាំ) Najim Laachraoui (កណ្តាល) និង​​ជន​ទីបី​​ដែល​​កំពុងតែ​គេចខ្លួន DR.

សូមបញ្ជាក់​ថា ​យោងតាម​ការ​ស៊ើបអង្កេត​ចុង​ក្រោយ ​ភេរវជន​ពីរ​នាក់​ដែល​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ព្រលាន​យន្តហោះ​ឈ្មោះ ​Ibrahim El BakraouiនិងNajim Laachraoui  ​ចំណែក​ជន​ទីបី​ ដែល​ពាក់​អាវ​ស​ប្រផេះ ​បាន​យក​គ្រាប់បែក​ទៅ​បំផ្ទុះ​ចោល ​នៅ​ក្បែរ​នោះ​ដែរ​ ​តែក្រោយ​ពេល​បន្តិច​ មុន​នឹង​គេច​ខ្លួន​បាត់។ ចំណែក​ភេរវជន​នៅ​ក្នុង​រថភ្លើង​ក្រោមដី​ឈ្មោះ ​Khalid El Bakraoui។ដោយឡែក​នគរបាល​កំពុង​តាម​ចាប់​ជន​ម្នាក់​ទៀត ​ ដែល​គេ​សង្ស័យ​ថា​បាន​ជូន​ជន​ឈ្មោះ ​Khalid El Bakraoui ​ជិះ​រថភ្លើង​ក្រោមដី​ដើម្បី​ធ្វើ​ភេរវកម្ម។

ទាក់ទង​ទៅនឹង​ជន​ឈ្មោះ ​Ibrahim ​El Bakraoui ​ខាង​អាជ្ញាធរ​តួកគី ​បាន​ផ្តល់​ដំណឹង​ថា​គេ​បាន​បណ្តេញ​ជន​នេះ​ ចេញពី​តួកគី​ពីរដង​រួច​មក​ហើយ ​ដោយ​គេ​សង្ស័យ​ថា​ជន​នេះ​ មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម។ តួកគី​ ថែមទាំង​បាន​ផ្តល់​ដំណឹង​នេះ ​ទៅ​ឲ្យ​អាជ្ញាធរ​បែលហ្ស៊ិក​ទៀតផង ​ប៉ុន្តែ​នគរបាល​បែលហ្ស៊ិក​ជា​អ្នក​ដោះលែង​ជននេះ។

ដំណឹង​ទាំងអស់​នេះ ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ងឿងឆ្ងល់​ ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​របស់​បែលហ្ស៊ិក។ នៅថ្ងៃ​ទី​២៤ ​មីនា ​ម្សិលមិញ ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បែលហ្ស៊ិក ​ បាន​ដាក់​ពាក្យ​សុំ​ចុះចេញ​ពី​តំណែង។ ប៉ុន្តែ​សំណូមពរ​នេះ ​ត្រូវ​បាន​លោក​ Charles Michel ​នាយករដ្ឋមន្ត្រី​បែលហ្ស៊ិក​បដិសេធ ​ដោយ​បាន​សន្យា​ថា ​នឹង​រក​ការពិត​ជុំវិញ​ចំណុច​នេះ​ឲ្យ​ឃើញ។

ជាការពិត​ពេល​នេះ ​មិនមែន​ជា​ពេល​ត្រូវ​បន្ទោស​គ្នា​ទេ។ បារាំង​និង​បែលហ្ស៊ិក ​ត្រូវ​ខិតខំ​ចាប់ដៃគ្នា​ធ្វើ​កិច្ចការ​នេះ​រួមគ្នា ​ដើម្បី​បំបែក​បណ្តាញ​ភេរវកម្ម​អ៊ីស្លាម។ ឆ្លងតាម​ការ​ស៊ើបអង្កេត​ ភេរវកម្ម​នៅ​ក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​ទី​១៣​វិច្ឆិកា ​២០១៥ ​និង​ភេវរវកម្ម​នៅ​ព្រុចសែល​ គឺ​ធ្វើ​ឡើង​ដោយ​ក្រុម​មនុស្ស​តែ​មួយ។ ដោយឡែក ​ជន ​សាឡា អាបដេស្លាម​ ដែល​កំពុង​តែ​ជាប់ឃុំ​ បាន​ប្តូរចិត្ត​សុំ​ឲ្យគេ​ឆាប់​បញ្ជូន​ខ្លួន​ទៅ​កាន់​បារាំង ​ ឲ្យ​បាន​ឆាប់​ជា​ទី​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ