អានតួអត្ថបទ
សហភាពអឺរ៉ុប

ស្វែងយល់ ពីនីតិវិធី​សម្រេច​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​ណាមួយ ពី​សំណាក់​សហភាព​អឺរ៉ុប

យើងតែងតែឮថា សហភាពអឺរ៉ុប ដាក់ទណ្ឌកម្ម លើប្រទេសនេះ លើប្រទេសនោះ ដើម្បីជាការសម្តែងការថ្កោលទោសណាមួយ ចំពោះទង្វើដែលសហភាពអឺរ៉ុប គិតថាមិនត្រឹមត្រូវ មិនស្របនឹងគោលការណ៍គ្រិះរបស់សហភាពអឺរ៉ុប។ ឧទាហរណ៍ គោលការណ៍គ្រិះនៃលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិសេរីភាពជាដើម។ តើសហភាពអឺរ៉ុប មាននីតិវិធីច្បាប់អ្វីខ្លះ មុននឹងឈានទៅសម្រេចដាក់ទណ្ឌកម្ម លើប្រទេសណាមួយ?

ក្រុមប្រឹក្សាអឺរ៉ុប ដែលជាស្ថាប័នកំពូល មានតូួនាទី សម្រេចអនុម័ត ដាក់ទណ្ឌកម្ម​ ទៅលើ​​ប្រទេស​ណាមួយ ដោយយោង​តាម​ការ​ស្នើ របស់​​សភាអឺរ៉ុប និង​គណកម្មការអឺរ៉ុប
ក្រុមប្រឹក្សាអឺរ៉ុប ដែលជាស្ថាប័នកំពូល មានតូួនាទី សម្រេចអនុម័ត ដាក់ទណ្ឌកម្ម​ ទៅលើ​​ប្រទេស​ណាមួយ ដោយយោង​តាម​ការ​ស្នើ របស់​​សភាអឺរ៉ុប និង​គណកម្មការអឺរ៉ុប RFI
ផ្សាយពាណិជ្ជកម្ម

ការចាប់លោកកឹម សុខា ដាក់ឃុំ និងការរំលាយគណបក្សសង្រ្គោះជាតិ ត្រូវបានសមាជិកសភាអឺរ៉ុបចាត់ទុកថា ជាការរំលោភបំពានលើសិទ្ធិធ្វើនយោបាយ ព្រមទាំងបានប៉ះពាល់ធ្ងន់ធ្ងរ ដល់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលទើបតែមានពន្លកនៅកម្ពុជា។ ក្នុងសេចក្តីសម្រេចចិត្ត របស់សភាអឺរ៉ុប កាលពីថ្ងៃទី១៤ធ្នូ មានកំណត់នូវទណ្ឌកម្ម ដូចជាការដកចេញនូវសិទ្ធិទទួលបានការអនុគ្រោះពន្ធដារ លើផលិតផលនាំចេញពីកម្ពុជា ព្រមទាំងការកាត់ផ្តាច់ជំនួយថវិកាទៀតផង។​

ក្រៅពីនេះ សភាអឺរ៉ុប មានគំរោងធ្វើបញ្ជីរាយឈ្មោះបុគ្គល ឬឥស្សរជនកម្ពុជា ដែលបានចូលរួម ធ្វើការរំលាយគណបក្សប្រឆាំង។ បុគ្គល ឬឥស្សរជនទាំងនោះ អាចនឹងត្រូវសហភាពអឺរ៉ុបហាមឃាត់ មិនឲ្យធ្វើដំណើរទៅអឺរ៉ុប ហើយនឹងអាចត្រូវបង្កកទ្រព្យសម្បត្តិ ដែលមាននៅតាមធនាគារអឺរ៉ុបទៀតផង។

តែយ៉ាងណា នេះគឺជាសេចក្តីសម្រេ​ចចិត្តរបស់សភាអឺរ៉ុប ដែលពុំមានលក្ខណៈចាប់បង្ខំនៅឡើយទេ ហើយទណ្ឌកម្មពិតប្រាកដ ដែលដាក់មកលើកម្ពុជា ក៏មិនទាន់បានសម្រេច ជាផ្លូវការដែរ។

វិធានច្បាប់ ក្នុងក្របខណ្ឌសហភាពអឺរ៉ុប មានលក្ខណៈស្មុគស្មាញបំផុត ព្រោះត្រូវឆ្លងកាត់នីតិវិធីដ៏សាំញ៉ាំ ពីស្ថាប័នមួយទៅស្ថាប័នមួយ​ អមដោយការព្រមព្រៀង យល់ព្រមពីប្រទេសសមាជិកសហភាពអឺរ៉ុប ទាំងអស់  មុននឹងឈានទៅសម្រេចបោះឆ្នោតជាផ្លូវការ។ បទបញ្ញត្តិរបស់អឺរ៉ុប មានច្រើនសណ្ឋាន ហើយអាចសម្រេចអនុម័តបាន ដោយស្ថាប័នធំៗ របស់សហភាពអឺរ៉ុប មានជាអាថទិ៍ សភាអឺរ៉ុប  គណៈកម្មការអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុប ដែលស្ថាប័នកំពូលធំបំផុត មានតួនាទីធ្វើបទបញ្ញត្តិធំនានា។

ទាក់ទិន ទៅនឹងការសម្រេចដាក់ទណ្ឌកម្មលើប្រទេសណាមួយនេះ គឺវាស្ថិតនៅក្នុងវិស័យកិច្ចការបរទេសរបស់សហភាពអឺរ៉ុប។ ក្នុងកិច្ចការនេះ អឺរ៉ុប មានមន្ត្រីម្នាក់ ដែលមានតំណែងជា អនុប្រធានគណៈកម្មការអឺរ៉ុប និងជាអ្នកតំណាងជាន់ខ្ពស់ឲ្យសហភាពអឺរ៉ុប ក្នុងកិច្ចការបរទេស និងនយោបាយសន្តិសុខ PESC។ តំណែងនេះគឺបៀបបីដូចជារដ្ឋមន្ត្រីក្រសួងការបរទេស នៅតាមប្រទេសធម្មតាដែរ។ បច្ចុប្បន្ន គឺលោកស្រី Federica Moguerini ដែលកាន់មុខតំណែងនេះ។

យោងតាមនីតិវិធីច្បាប់ សភាអឺរ៉ុប ពុំអាចសម្រេចអនុម័តបទបញ្ញាត្តិណាមួយ ដែលមានលក្ខណៈចាប់បង្ខំដោយផ្ទាល់ទេ។ សភា អឺរ៉ុប អាចចេញលិខិតមួយ ដែលគេហៅថា ជាសេចក្តីសម្រេចចិត្តRésolution ដើម្បីប្រកាសគោលជំហរ អំពាវនាវ ឲ្យមានការដាក់ទណ្ឌកម្ម ទៅលើប្រទេសណាមួយ។ គឺដោយយោងលើ សេចក្តីសម្រេចចិត្តរបស់​សភា​អឺរ៉ុប​នេះហើយ ទើបគណៈកម្មការអឺរ៉ុបឈានទៅបើកការប្រជុំ រៀបចំសំណើ​ទណ្ឌកម្ម បញ្ជូនទៅក្រុមប្រឹក្សាអឺរ៉ុប ជាអ្នកសម្រេចអនុម័តចុងក្រោយ។

ជាធម្មតា ក្រោយសភាអឺរ៉ុបធ្វើសេចក្តីសម្រេចចិត្ត ដាក់ទណ្ឌកម្មលើប្រទេសមួយហើយ អ្នកតំណាងជាន់ខ្ពស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងយកសំណើនេះ ទៅពិនិត្យមើលលំអិត។ បន្ទាប់មក តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនេះ ត្រូវបញ្ជូនសំណើនេះ ទៅកាន់អង្គភាពត្រៀមមួយចំនួន ដើម្បីជជែកពិភាក្សាគ្នា។

អង្គភាពត្រៀម (Instances préparatoires) នោះ មានតាមលំដាប់លំដោយ៖

-ទីមួយ ក្រុមការងារពិភាក្សា ជំនាញតាមតំបន់ភូមិសាស្ត្រ​ នៃប្រទេសដែលរងទណ្ឌកម្ម។ ឧទាហរណ៍ ក្រុមការងារជំនាញតំបន់អាស៊ី អូសេអានី សម្រាប់ប្រទេសនៅទ្វីបអាស៊ី និងអូសេអានី។

-ទីពីរ ក្រុមអ្នកប្រឹក្សាយោបល់ ស្តីពីទំនាក់ទំនងអន្តរជាតិ ហៅកាត់ថាRelex

-ទីបី គឺត្រូវឆ្លងកាត់គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ Coreper II ដែលសុទ្ធតែជាអគ្គរដ្ឋទូតតំណាងប្រទេសមាជិកអឺរ៉ុបទាំងអស់។​

-ហើយចុងក្រោយ បើចាំបាច់ គឺត្រូវឆ្លងកាត់ គណៈកម្មាធិការនយោបាយ និងសន្តិសុខ ហៅកាត់ថា COPS

បន្ទាប់ពីឆ្លងកាត់ ការជជែកពិភាក្សា ក្នុងក្រុមការងារ និងគណៈកម្មាធិការទាំងនេះហើយ សំណើទណ្ឌកម្ម ចុងក្រោយ នឹងត្រូវបញ្ជូនទៅ ក្រុមប្រឹក្សាអឺរ៉ុប ដែលជាអ្នកសម្រេចចុងក្រោយ។ សមាជិក ក្រុមប្រឹក្សាអឺរ៉ុប មាន ដូចជាលោកប្រធានក្រុមប្រឹក្សាអឺរ៉ុបផ្ទាល់ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកទាំង២៧ លោកប្រធានគណៈកម្មការអឺរ៉ុប និងអ្នកតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស។ ទាំងអស់គ្នានេះ  ត្រូវបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីអនុម័តលើសំណើទណ្ឌកម្ម។

ដោយឡែក ក្នុងករណី ដែលទណ្ឌកម្មនេះ មានភ្ជាប់មកជាមួយ នូវទណ្ឌកម្មសេដ្ឋកិច្ច ការដាក់កំហិត ឬការបង្កកទ្រព្យសម្បត្តិ របស់បុគ្គលពាក់ព័ន្ធណាមួយ នោះ អ្នកតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស អឺរ៉ុប ត្រូវធ្វើសំណើមួយដាច់ដោយឡែក ផ្សេងទៀត ភ្ជាប់មកជាមួយ សំណើដាក់ទណ្ឌកម្មខាងលើ តាំងតែពីពេលចាប់ផ្តើមនីតិវិធី។

សំណើដាក់ទណ្ឌសេដ្ឋកិច្ចភ្ជាប់បន្ថែម ត្រូវឆ្លងកាត់ ការជជែកដេញដោល របស់ក្រុម​ទីប្រឹក្សា​ទំនាក់ទំនង​អន្តរជាតិ Relex ហើយនិងគណៈកម្មាធិការនយោបាយ និងសន្តិសុខ។ បន្ទាប់មក សំណើនេះ នឹងបញ្ជូនបន្តទៅក្រុមប្រឹក្សាអឺរ៉ុបជាអ្នកសម្រេច ធ្វើបទបញ្ញត្តិមួយ (Règlement du Conseil) ដើម្បីចែងពីដែនវិសាលភាព វិធាន និងនីតិវិធីអនុវត្ត នៃទណ្ឌកម្មសេដ្ឋកិច្ច​ដែលមានចែង។ វិធានទាំងនេះ នឹងចាប់បង្ខំ ប្រទេសសមាជិកអឺរ៉ុបទាំងអស់ ឲ្យគោរពអនុវត្ត មិនថាអាជ្ញាធររដ្ឋ ឬភ្នាក់ងារ ក្នុងវិស័យឯកជនទេ។

ក្រោយការសម្រេចអនុម័តទណ្ឌកម្ម និង បទបញ្ញត្តិពិសេស បន្ថែមទណ្ឌកម្មសេដ្ឋកិច្ចនេះ ក្រុមប្រឹក្សាអឺរ៉ុប ត្រូវជូនដំណឹងនេះទៅសភាអឺរ៉ុប។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអឺរ៉ុប ចូលជាធរមាន មានសុពលភាព បន្ទាប់ពីត្រូវបានចុះផ្សាយ ក្នុងសៀវភៅបទបញ្ញតិ្តផ្លូវការនៃសហភាពអឺរ៉ុប Journal Officiel de l’Union Européenne

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ