អានតួអត្ថបទ
ស្វីស

ស្វីស៖ ក្រោយការ​វាយប្រហារ​លើ​រថភ្លើង អាជ្ញាធរ​មិន​ជឿថា​វា​ជា​អំពើ​ភេរវកម្ម

កាលពី​រសៀល​ថ្ងៃ​សៅរ៍​ទី​១៣​សីហា ​មាន​ករណី​វាយ​ប្រហារ​មួយ​បាន​កើតឡើង ​ ក្នុង​ទូរ រថភ្លើង​មួយ​ខ្សែរ​ក្នុង​ប្រទេស​ស្វីស​ ដោយ​បុរស​ម្នាក់​បាន​យក​សាំង​ទៅ​ចាក់​បង្ក​ជា​អគ្គីភ័យ ​និង​បាន​យក​កាំបិត​ចាក់​អ្នក​ដំណើរ​ជា​ច្រើន​នាក់។ អ្នក​ធ្វើ​ដំណើរ​ម្នាក់ ​រួមទាំង​ជន​ដៃដល់ ​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​នេះ។ ឆ្លង​កាត់​ការ​ស៊ើបអង្កេត ​អាជ្ញាធរ​ស្វីស ​ បាន​ទាត់​ចោល​មូលហេតុ​ដែល​ថា​អំពើ​នេះ ​ ជា​អំពើ​ភេរវកម្ម​ធ្វើឡើង​ដោយ​ជន​ជ្រុល​និយម​អ៊ីស្លាម។

ស្ថានីយ៍ Salez​ភាគឦសានប្រទេសស្វីស ដែលបុរស​ម្នាក់​​បានបង្ក​អគ្គីភ័យ​សម្លាប់​​មនុស្ស​​ម្នាក់ នឹង​ចាក់​អ្នក​ដំណើរ​ច្រើននាក់ឲ្យរបួស
ស្ថានីយ៍ Salez​ភាគឦសានប្រទេសស្វីស ដែលបុរស​ម្នាក់​​បានបង្ក​អគ្គីភ័យ​សម្លាប់​​មនុស្ស​​ម្នាក់ នឹង​ចាក់​អ្នក​ដំណើរ​ច្រើននាក់ឲ្យរបួស AFP
ផ្សាយពាណិជ្ជកម្ម

 
ករណី​វាយប្រហារ​ក្នុង​រថភ្លើង  ​គឺ​ជា​ករណី​ដ៏​កម្រ​ក្នុង​ប្រទេស​ស្វីស​  ហើយ​ការ​វាយប្រហារ​បែប​ភេរវកម្ម ​រឹតតែ​កម្រ​ទៅទៀត​ក្នុង​ប្រទេស​នេះ។ កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ​ទី១៣​ សីហា ​ក្នុង​រថភ្លើង​ស្វីស​មួយ​ខ្សែរ ​ពេលដែល​រថភ្លើង​ធ្វើ​ដំណើរ​ជិតទៅ​ដល់​ស្ថានីយ៍ ​Salez​ ក្នុង​តំបន់​Saint-Gall​ ភាគ​ឦសាន​ស្វីស ​ស្រាប់​តែ​មាន​បុរស​ម្នាក់ ​យក​ប្រេង​សាំង​មក​ជះ​ទៅ​លើ​អ្នក​ដំណើរ​ នៅ​ក្នុង​ទូរថភ្លើង​ ​ ហើយ​បាន​កេះ​ដែក​កេះ​បង្ក​ជា​អគ្គីភ័យ។ បន្ទាប់​មកទៀត ​ជន​ដៃដល់  ​បាន​ស្ទុះយក​កាំបិត ​ទាំង​ខ្លួន​ត្រូវ​ភ្លើងឆេះ ​ទៅ​ចាក់​អ្នក​ដំណើរ​ជា​ច្រើន​នាក់​ ឲ្យ​របួស។

តាម​ការ​ផ្តល់​ដំណឹង​ពី​នគរបាល​ស្វីស  ​ស្ត្រីអ្នក​ដំណើរ​ម្នាក់ ​អាយុ​៣៤​ឆ្នាំ ​បាន​ទទួល​មរណភាព ​ដោយសារ​ភ្លើងឆេះ ​រឺ​ឯ​ជន​ដៃដល់​ត្រូវ​បាន​អ្នក​ដំណើរ​ម្នាក់​ដែល​ឈរ​ចាំ​រថភ្លើង​នៅ​ស្ថនីយ៍​ បាន​ស្ទុះ​ទៅទាញ​ចេញ​មក​ខាង​ក្រៅ ​បន្ទាប់​ពី​បាន​ឃើញ​ភ្លើង​ឆេះ​សន្ធោសន្ធៅ​ ពេញខ្លួន។ ជន​ដៃដល់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី១៤​សីហា។ យ៉ាង​ហោចណាស់ ​មាន​អ្នក​របួស​ចំនួន​៥នាក់ ​ដែល​ក្នុង​នោះ​មាន​កុមារី​ម្នាក់​អាយុ​៦ឆ្នាំ ​ដែល​រងរបួស​ធ្ងន់​ដោយ​ភ្លើងឆេះ​  និង​ដោយ​ស្នាម​ចាក់​នឹង​កាំបិត។

ឆ្លងកាត់​ការ​ស៊ើបអង្កេត  ​នគរបាល​ស្វីស​បាន​ឈាន​ទៅ​ឆែកឆេរ​ផ្ទះ​របស់​ជន​ដៃដល់។ ជន​ដៃដល់​ភេទ​ប្រុស ​អាយុ​២៧ឆ្នាំ ​ជា​ជនជាតិ​ស្វីស ​ហើយ​មិនមាន​ដើម​កំណើត​បរទេស​ទេ។ នគរបាល​ស្វីស​បាន​បញ្ជាក់​ផងដែរ​ថា​ ជននេះ​មិន​ដែល​ធ្លាប់​ប្រព្រឹត្តិ​បទល្មើស​អ្វី​ទេ​ពី​មុន​មក។ ដោយ​​បាន​ពិនិត្យ​ទៅ​ក្នុង​រូបភាព​កាមេរ៉ា​សុវត្ថិភាព​ក្នុង​រថភ្លើង​  ជន​នេះ​បាន​ធ្វើ​សកម្មភាព​តែ​ម្នាក់​ឯង ​ ហើយ​ទំនង​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ជ្រុលនិយម​ណា​ទេ។ មក​ដល់​ដំណាក់​កាល​នេះ ​ នគរបាល​ស្វីស ​បាន​ទាត់ចោល ​ហេតុផល​ភេរវកម្ម​  ហើយ​សន្និដ្ឋាន​ថា ​ជន​ដៃដល់​មិន​មាន​បំណង​សម្លាប់​អ្នក​ដំណើរ​ណាម្នាក់ ​ដោយ​ចំពោះ​នោះ​ទេ។

លោក​ Bruno Metzger ​អ្នក​នាំពាក្យ​នគរបាល​ជាតិ​ស្វីស ​បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​ក្រុម​ស៊ើបអង្កេត ​ មិន​ជឿ​ថា​រឿង​នេះ​ជា​អំពើ​ភេរវកម្ម​ទេ។ ផ្ទុយទៅ​វិញ ​ក្រុម​ការងារ​កំពុង​ផ្តោត​ការ​ចាប់​អារម្មណ៍ ​ទៅលើ​កត្តា​ចិត្តសាស្ត្រ ​សុខភាព​ផ្លូវ​ចិត្ត ​និង​ប្រវតិ្ត​របស់​ជន​ដៃដល់ ​ដែល​ជម្រុញ​ឲ្យ​ជន​នេះ ​ ឈាន​ទៅ​ធ្វើ​អំពើ​វាយ​ប្រហារ​បែបនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ