អានតួអត្ថបទ
បារាំង

បារាំង៖ ​អ៊ីស្លាម​និង​កាតូលិក​សូត្រធម៌​រួមគ្នា​រំឭក​ដល់​ជនរងគ្រោះ​ដោយ​ភេរវកម្ម​អ៊ីស្លាម​ជ្រុលនិយម

នៅថ្ងៃ​អាទិត្យ​នេះ ៥ថ្ងៃក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​​អ៊ីស្លាម​ជ្រុលនិយម ទៅលើ​វិហារ​កាតូលិក​បារាំង ពិធី ជួបជុំ​សាសនា និង​សូត្រ​ធម៌ ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ឡើង នៅ​តាម​វិហារ​សាសនា​កាតូលិក នៅ​ទូទាំង​ប្រទេស​បារាំង ដើម្បី​រំឭក​វិញ្ញានក្ខន្ធ​ដល់​បុព្វជិត​កាតូលិក ដែល​ត្រូវ​ភេរវជន​អារ ក សម្លាប់។ នៅ​ក្នុង​ពិធី​សូត្រធម៌​នេះ អ្នក​កាន់​សាសនា​អ៊ីស្លាម​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម ដើម្បី​បង្ហាញ​ពី​​ការ​មូលសំឡេង​គ្នា​តែមួយ រវាង​កាតូលិក និង​អ៊ីស្លាម ក្នុង​ការ​ប្រឆាំង​នឹង​ទង្វើ​ជ្រុលនិយម។

ប្រមុខដឹកនាំ​វិហារ​កាតូលិក (ស្តាំ) និង​អ៊ីស្លាម (កណ្តាល) កាន់ដៃ​អធិស្ឋាន​រួមគ្នា នៅ​ក្នុង​វិហារ​កាតូលិក ទីក្រុង​បកដូ (Bordeaux)​ ប៉ែក​ខាង​ត្បូង​ប្រទេស​បារាំង
ប្រមុខដឹកនាំ​វិហារ​កាតូលិក (ស្តាំ) និង​អ៊ីស្លាម (កណ្តាល) កាន់ដៃ​អធិស្ឋាន​រួមគ្នា នៅ​ក្នុង​វិហារ​កាតូលិក ទីក្រុង​បកដូ (Bordeaux)​ ប៉ែក​ខាង​ត្បូង​ប្រទេស​បារាំង Julie Bruhier / AFP
ផ្សាយពាណិជ្ជកម្ម

ភេរវជន​អ៊ីស្លាម​ជ្រុលនិយម​ស្និទ្ធ​នឹង​ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម វាយប្រហារ​ទៅលើ​វិហារ​កាតូលិក អារ ក សម្លាប់​បុព្វជិត​កាតូលិក... នេះ​គឺ​ជា​អ្វី​ដែល​បាន​កើតឡើង កាល​ពីថ្ងៃ​អង្គារ នៅ​ប៉ែក​ខាង​ជើង​ប្រទេស​បារាំង។

ភេរវកម្ម​អ៊ីស្លាម​ជ្រុលនិយម​ទៅលើ​វិហារ​កាតូលិក​នេះ​បាន​បង្កើត​ឲ្យ​មាន​ក្តីបារម្ភ​ខ្លាច​នាំ​ទៅរក​ការ​បាក់បែកគ្នា ការ​មិនទុកចិត្តគ្នា ឬ​ស្អប់គ្នា​ទៅវិញ​ទៅមក រវាង​សហគមន៍​​អ្នកកាន់​សាសនា​កាតូលិក និង​អ៊ីស្លាម នៅ​ក្នុង​ប្រទេស​មួយ ដែល​មាន​ប្រពៃណី​ទំនៀមទម្លាប់ ប្រវត្តិ និង​​​ប្រជាជនភាគច្រើន​ជា​អ្នកកាន់សាសនា​កាតូលិក តែ​​ក្នុងពេល​ជាមួយគ្នា ក៏​ជា​ប្រទេស​ដែល​មាន​សហគមន៍​អ្នក​កាន់​សាសនា​អ៊ីស្លាម​ច្រើន​ជាងគេ​បង្អស់​នៅ​ក្នុង​តំបន់​អឺរ៉ុប​ផងដែរ។

ក៏ប៉ុន្តែ គេ​សង្កេតឃើញ​ថា ចាប់តាំង​ពី​ថ្ងៃ​អង្គារ​នោះមក ប្រមុខដឹកនាំ​សាសនា​អ៊ីស្លាម និង​កាតូលិក​បារាំង បាន​បង្ហាញ​នូវ​ជំហររួប​រួមគ្នា នៅ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ចលនា​ជ្រុលនិយម ហើយ​សហគមន៍​អ្នកកាន់​សាសនា​អ៊ីស្លាម​​ថែម​ទាំង​បាន​បដិសេធ​មិន​ធ្វើ​ពិធី​បញ្ចុះសព​ឲ្យ​ភេរវជន​ ដែល​វាយប្រហារ​លើ​វិហារ​កាតូលិក ដើម្បី​បង្ហាញ​ពី​ការ​ប្រឆាំង​នឹង​ភេរវកម្ម​អ៊ីស្លាម​ជ្រុលនិយម។

កាលពីថ្ងៃ​សៅរ៍​ម្សិលមិញ ពិធីដើរដង្ហែក្បួន​ត្រូវ​បាន​គេ​រៀបចំ​ធ្វើឡើង នៅ​ទូទាំង​ប្រទេស​បារាំង ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​អ្ន​កកាន់​សាសនា​កាតូលិក និង​អ្នក​កាន់​សាសនា​អ៊ីស្លាម ដើម្បី​ជា​ការ​កាន់ទុក្ខ​ដល់​បុព្វជិត​កាតូលិក ដែល​ត្រូវ​ភេរវជន​អារ ក សម្លាប់។ នៅថ្ងៃ​អាទិត្យ​នេះ ទៅតាម​ការ​អំពាវនាវ​របស់​ក្រុមប្រឹក្សា​អ៊ីស្លាម​បារាំង បណ្តា​អ្នក​កាន់​សាសនា​អ៊ីស្លាម​រាប់រយ​នាក់ បាន​នាំគ្នា​ទៅ​ចូលរួម​ក្នុង​ពិធី​សូត្រធម៌ នៅ​តាម​បណ្តា​វិហារ​កាតូលិក នៅ​ទូទាំង​ប្រទេស​បារាំង។

ប្រធានក្រុមប្រឹក្សា​អ៊ីស្លាម​បារាំង​បាន​លើកឡើង​ថា តាមរយៈ​ការ​ចូលរួម​ក្នុង​ពិធី​សូត្រធម៌​​នៅ​វិហារ​កាតូលិក អ្នក​កាន់​សាសនា​អ៊ីស្លាម​បារាំង​ចង់​បង្ហាញ​ពី​​ការ​ចូលរួម​រំលែកទុក្ខ​ដល់​អ្ន​ក​កាន់​សាសនាកាតូលិក​ជាទូទៅ​ផង និង​ជាពិសេស គឺ​ចង់​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា អ្វី​ដែល​បាន​កើតឡើង​​គ្រាន់តែ​ជា​ទង្វើ​របស់​ក្រុម​ជ្រុលនិយម​មួយ​ក្តាប់តូចតែ​ប៉ុណ្ណោះ មិនមែន​ជា​សង្រ្គាម រវាង​សាសនា​អ៊ីស្លាម និង​សាសនា​កាតូលិក​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ