អានតួអត្ថបទ
ប្រទេសក្រិក-វិបត្តិហិរញ្ញវត្ថុ

វិបត្តិ​ហិរញ្ញវត្ថុ​ក្រិក​អាច​រាល​ដាល​ដល់​ប្រទេស​អេស្ប៉ាញ និង​ព័រទុយហ្កាល​

នៅ​ថ្ងៃពុធ​នេះ​ ប្រទេស​ក្រិក​ត្រូវ​ធ្វើការ​ប្រឈម​ទល់នឹង​កូដកម្ម​ដ៏​ធំមួយ​ប្រឆាំងនឹង​ លក្ខខណ្ឌ​នៃ​ផែនការ​របស់​សហភាព​អឺរ៉ុប​និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ FMI​ដើម្បី​ជួយ​ដោះ​ស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​ក្រិក។​ ក៏​ប៉ុន្តែ​ការបារម្ភ​ខ្លាច​កើតមាន​វិបត្តិ​រីក​រាលដាល​ដល់​ប្រទេស​អេស្ប៉ាញ ​និង​ព័រទុយហ្កាល​បាន​បណ្តាល​ឲ្យ​ប្រាក់​€​ធ្លាក់​ស្រុតចុះ​យ៉ាងខ្លាំង។

បាតុកម្ម​នៅ​ទីក្រុង​ Athènes, នៅ​ជិត​រដ្ឋសភា​នៅ​ថ្ងៃទី៥-៥-២០១០.
បាតុកម្ម​នៅ​ទីក្រុង​ Athènes, នៅ​ជិត​រដ្ឋសភា​នៅ​ថ្ងៃទី៥-៥-២០១០. ©Reuters/Yiorgos Karahalis
ផ្សាយពាណិជ្ជកម្ម

05:14

បទអន្តរាគមន៍​របស់ សៀក សារិន

អឺរ៉ុប​អាច​នឹង​ត្រូវ​ឆ្លងកាត់​តំបន់​ព្យុះ​សង្ឃរា​មួយ​ដ៏​ខ្លាំងក្លា។​ គ្រាន់តែ​អឺរ៉ុប​ប្រកាស​ឲ្យ​ដឹង​ពី​ផែនការ​ដ៏​ធំធេង​ដែល​មាន​ចំនួន​ទឹកប្រាក់​ដល់​ទៅ​១១០​ពាន់លាន€​សម្រាប់​ជួយ​ស្ដារ​រុញ​ច្រាន​ប្រទេស​ក្រិក​ឲ្យ​ចេញ​ផុត​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​សែន​ធ្ងន់ធ្ងរ​ភ្លាម​ ស្រាប់តែ​កាលពី​ម្សិលមិញ​ទីផ្សារ​ភាគហ៊ុន​នៅ​ទូទាំង​អឺរ៉ុប​ អាមេរិក​និង​អាស៊ី​បាន​ធ្លាក់​ដួល​ដាំដូង​មួយ​រំពេច។​ ទាំងនេះ​ក៏​ពីព្រោះតែ​មាន​ពាក្យ​ចចាម​អារ៉ាម​ថា​ វិបត្តិ​ហិរញ្ញវត្ថុ​ក្រិក​បាន​​រាលដាល​ដល់​ប្រទេស​អេស្ប៉ាញ​និង​ព័រទុយហ្កាល។​ ហើយ​ប្រទេស​អេស្ប៉ាញ​កំពុងតែ​សុំ​ខ្ចី​ប្រាក់​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​ដើម្បី​យកមក​ដោះ​ស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​របស់​ខ្លួន។

 
គួរ​កត់​សម្គាល់ថា​ ពាក្យ​ចចាមអារ៉ាម​នេះ​បាន​បណ្តាល​ឲ្យ​កាលពី​ម្សិលមិញ​ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​ប៉ារីស​ធ្លាក់​ស្រុត​ចុះ​អស់​-៣,៦៤%។​ ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​Francfort ធ្លាក់​ស្រុត​ចុះ​អស់​-២,៦%។​​ ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​Athènes​ធ្លាក់​ស្រុត​ចុះ​អស់​-៦,៦៨%។​​ នៅ​ទីក្រុង​ញីវយ៉ក​ធ្លាក់​ចុះ​អស់​-២,០២%។​ ចំណែកឯ​ ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​ម៉ាឌ្រីដ​នៃ​ប្រទេស​អេស្ប៉ាញ​វិញ​ កាលពី​ម្សិល​មិញ​បាន​ដួល​ដាំដូង​បាត់​បង់​អស់​-៥,៤១%​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​បាន​ស្រុត​ចុះ​អស់​-៣,២១%​បន្ថែម​ទៀត។

ដូច្នេះ​ វិបត្តិ​ហិរញ្ញវត្ថុ​ក្រិក​ដែល​បាន​ធ្វើ​ឲ្យ​ទីក្រុង​Athènes​រញ្ជួយ​កក្រើកទឹក​កក្រើកដី​បាន​រីក​រាល​ដាល​ដល់​ប្រទេស​អេស្ប៉ាញ​ ប្រទេស​ព័រទុយហ្កាល​ ហើយ​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ​នឹង​អាច​រាលដាល​ដល់​ប្រទេស​អៀរឡង់​ ប្រទេស​អ៊ីតាលី​ផង​ទៀត។

រីឯ​ប្រាក់€​វិញ​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​បាន​ធ្លាក់​ស្រុត​មក​នៅ​ក្រោម​១$៣០​សម្រាប់​១€​ ពោល​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​ប្រាក់€​បាន​ស្រុត​ចុះ​ដល់​កម្រិត​សែនទាប​១$២៩​បែបនេះ​ ចាប់តាំងពី​ខែ​វិច្ឆិកា​ឆ្នាំ២០០៩​មក​ ដែលកាល​ណោះ​១€​ប្តូរបាន​ដល់ទៅ​១$៤៥។​ ដូច្នេះ​ឃើញថា​ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ ប្រាក់€​បាន​ស្រុត​បាត់​បង់​តម្លៃ​របស់​ខ្លួន​អស់​ជាង១០%​ទៅហើយ។

ផែនការ​ជួយ​ប្រទេស​ក្រិក​ដែល​មាន​លក្ខខណ្ឌ​យ៉ាង​តឹងរ៉ឹង​នេះ​ធ្វើ​ឡើង​ដើម្បី​ជួយ​ស្ដារ​ស្ថានភាព​ហិរញ្ញវត្ថុ​នៃ​ប្រទេស​នេះ។​ ក៏​ប៉ុន្តែ​ប្រទេស​ក្រិក​មាន​បញ្ហា​ធំៗពីរ​គឺ​ទី១-​ប្រទេស​ក្រិក​មាន​ជាប់​ជំពាក់​បំណុល​គេ​យ៉ាង​ច្រើន​មហិមា។​ ទី២-​សេដ្ឋកិច្ច​ក្រិក​ខ្វះ​សមត្ថភាព​នឹង​ធ្វើការ​ប្រកួត​ប្រជែង​ជាមួយ​សេដ្ឋកិច្ច​នៃ​ប្រទេស​ដទៃទៀត។​ ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​ក្រិក​ធ្លាក់​ខ្លួន​ហៀបនឹង​ធនក្ស័យ​ រក​ប្រាក់​បៀវត្សរ៍​បើក​ឲ្យ​អ្នក​រដ្ឋការ​របស់​ខ្លួន​សឹង​ពុំបាន។​ ដូច្នេះ​ គេ​ត្រូវ​តែ​ធ្វើការ​បន្តឹង​ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី​ ហើយ​និង​ជួយ​រៀបចំ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​លក្ខខណ្ឌ​ត្រឹមត្រូវ​ដើម្បី​ជួយ​ជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ដែល​ជា​ប្រភព​នៃ​ការ​បង្ក​បង្កើត​ការងារ​ជូន​ប្រជាជន។

នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​សេដ្ឋកិច្ច​ក្រៅ​ផ្លូវការ​ឬ​សេដ្ឋកិច្ច​ខ្មៅ​ងងឹត​ច្រើន​ ផែនការ​តឹងរ៉ឹង​របស់​អឺរ៉ុប​និង​FMI អាច​នឹង​ជួយ​ជំរុញ​ឲ្យ​រីក​រាល​ដាល​នូវ​សេដ្ឋកិច្ច​ដែល​គេ​ហៅថា​ក្រៅ​ផ្លូវការ។​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​បាន​សង្កត់​បញ្ជាក់​ពី​ការ​ចាត់​វិធានការ​ឲ្យ​បាន​    មុតមាំ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​លួច​គេច​ពន្ធដារ​ហើយ​និង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ។

ផែនការ​ដែល​មាន​លក្ខខណ្ឌ​យ៉ាង​តឹងរ៉ឹង​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ជួយ​ស្ដារ​ស្ថានភាព​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ក្រិក។​ បើ​ប្រសិនជា​ប្រទេសក្រិក​ពុំ​ព្រម​អនុវត្ត​តាម​វិធានាការ​របស់​អឺរ៉ុប​និង​FMI ​ទេ​ នោះ​ពួកគេ​ច្បាស់​ជា​នឹង​ដើរចេញ​ពី​ប្រទេស​ក្រិក​ ទុក​ឲ្យ​ទីក្រុង​Athènes ​រិះរក​ដំណោះ​ស្រាយ​ដោយ​ខ្លួន​ឯង​តាម​យថាកម្ម​របស់​ខ្លួន​ទៅចុះ។

វិបត្តិ​ហិរញ្ញវត្ថុ​ក្រិក​អាច​រីក​រាល​ដាល​ដល់​ប្រទេស​អឺរ៉ុប​ឯទៀតៗ​ ដូច​ជា​ប្រទេស​អេស្ប៉ាញ​ ប្រទេស​ព័រទុយហ្កាល​និង​ប្រទេស​អឺរ៉ុប​ឯ​ទៀតៗ​បើ​ប្រសិន​ជា​គេ​ពុំ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ទេនោះ។ ហើយ​វិបត្តិ​ហិរញ្ញវត្ថុ​ក្រិក​នេះ​ពុំ​អាច​រីក​រាល​ដាល​ដល់​ប្រទេស​អឹរ៉ុប​ធំៗ​ដូចជា​ប្រទេស​បារាំង​ឬ​ប្រទេស​អាល្លឺម៉ង់​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ