អានតួអត្ថបទ
សហភាពអឺរ៉ុប

ផែនការ​សង្រ្គោះ​ក្នុង​ទឹកប្រាក់ ៧៥​ម៉ឺន​លាន​អឺរ៉ូ ដើម្បី​ស្រោចស្រង់​រូបិយវត្ថុ​អឺរ៉ុប

ទី​បំផុត​ទៅ សហភាព​អឺរ៉ុប​បាន​អនុម័ត​ផែនការ​សង្គ្រោះ​មួយ​ដែល​ទឹកប្រាក់៧៥​ម៉ឺន​លាន​អឺរ៉ូ ដើម្បី​ស្រោចស្រង់រូបិយវត្ថុអឺរ៉ុប។គឺជា ​ប្រាក់​បម្រុង​ទុក​សម្រាប់​ជួយ​សង្គ្រោះ​ប្រទេស​សមាជិក នៅ​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ដែល​ជួប​វិបត្តិ​សេដ្ឋកិច្ច ដូច​ករណី​ប្រទេស​ក្រិក​នា​ពេល​នេះ។

ទីស្នាក់ការ​ធនាគារ​កណ្តាល​របស់​សហភាព​អឺរ៉ុបនៅ​ Francfort.
ទីស្នាក់ការ​ធនាគារ​កណ្តាល​របស់​សហភាព​អឺរ៉ុបនៅ​ Francfort. 法新社
ផ្សាយពាណិជ្ជកម្ម

05:50

បទអន្តរាគន៍​របស់​ គួច គន្ធារ៉ា

គួច គន្ធារ៉ា

កិច្ច​ព្រមព្រៀង​ទើប​តែ​បាន​អនុម័ត នៅ​ប្រមាណ​ជា​ម៉ោង ២​ភ្លឺ យប់​ថ្ងៃ​អាទិត្យ ទី​៩ ឧសភា ឆ្លង​ចូល​ថ្ងៃ​ច័ន្ទ ទី​១០ ឧសភា​នេះ។ ជា​កិច្ច​ព្រម​ព្រៀង​ដែល​បាន​អនុម័ត​ឡើង ក្រោយ​ពី​បាន​ជជែក ដេញដោល​គ្នា​អស់​រយៈពេល​ជាង ៨​ម៉ោង​រវាង​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​សមាជិក​អឺរ៉ុប​ទំាង ២៧​ប្រទេស។ នៅ​ក្នុង​ចំនួន​ទឹក​ប្រាក់​ទំាង ៧៥​ម៉ឺន​លាន​អឺរ៉ូ​ហ្នឹង មាន ៥០​ម៉ឺន​លាន​អឺរ៉ូ ជា​ការរួម​ចំណែក​របស់​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប និង​នៅ​សល់ ២៥​ម៉ឺន​លាន​អឺរ៉ូ​ទៀត ជា​ការរួម​ចំណែក​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ដែល​យើង​ហៅ​កាត់​ជា​ភាសា​បារំាង​ថា FMI។

 
នៅ​ក្នុង​មូលនិធិ​រួម​របស់​សហភាព​អឺរ៉ុប​ដែល​មាន​ទឹកប្រាក់​ចំនួន ៥០​ម៉ឺន​លាន​អឺរ៉ូ មាន​៦ម៉ឺន​លាន​អឺរ៉ូ​ជា​ប្រាក់​កម្ចី​របស់​គណៈកម្មការ​អឺរ៉ុប និង​នៅ​សល់​ចំនួន ៤៤​ម៉ឺន​លាន​អឺរ៉ូ​ទៀត គឺ​ជា​ការ​រួម​ចំណែក​របស់​ប្រទេស​សមាជិក​នៅ​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ។

នៅ​ក្នុង​ចំណោម​សមាជិក​សហភាព​អឺរ៉ុប​ទំាង ២៧​ប្រទេស មាន​តែ​១៦​ប្រទេស​ប៉ុណ្ណោះ​ដែល​ចាយ​ប្រាក់​អឺរ៉ូ។ ប្រាក់​បម្រុង​របស់​គណៈកម្មការ​អឺរ៉ុប​មាន​តំាង​ពី​យូរ​មក​ហើយ និង​មាន​ទឹក​ប្រាក់​ជា​ប្រចំា​ចំនួន ៥០​ម៉ឺន​លាន​អឺរ៉ូ។ ប្រាក់​នេះ​ទុក​សម្រាប់​ជួយ​ប្រទេស​សមាជិក​ណា​មួយ​ដែល​ជួប​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​មិន​កំណត់​ពេល​វេលា​ទេ តែ​មិន​មែន​សម្រាប់​ជួយ​ប្រទេស​ដែល​នៅ​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ឡើយ។ តែ​ចាប់​ពី​ពេល​នេះ​ត​ទៅ សហភាព​អឺរ៉ុប​បាន​សម្រេច​ដំឡើង​ទឹក​ប្រាក់​ជា​ប្រចំា​រហូត​ដល់​ចំនួន ១១​ម៉ឺន​លាន​អឺរ៉ូ និង​ទុក​សម្រាប់​ជួយ​គ្រប់​សមាជិក​ទំាង​អស់ ដោយ​រួម​ទំាង​ប្រទេស​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ដែរ។ នេះ​ជា​ចំនុច​ថ្មី​ដែល​បាន​បន្ថែម​លើ​លក្ខខណ្ឌ​នៃ​ប្រាក់​កម្ចី​របស់​គណៈកម្មការ​អឺរ៉ុប។

និយាយ​ពី​ប្រាក់​បម្រុង​ចំនួន ៤៤​ម៉ឺន​លាន​អឺរ៉ូ​វិញ គឺ​ជា​ហិប​ប្រាក់​រួម​មួយ​ដែល​ទើប​បង្កើត​ថ្មី និង​ចូល​រួម​ដោយ​ប្រទេស​សមាជិក​ណា​ដែល​ចាយ​ប្រាក់​អឺរ៉ូ ដោយ​កំណត់​រយៈពេល​៣ឆ្នំា​ម្តង។ គោលដៅ​នៃ​ការ​បង្កើត​ហិប​ប្រាក់​រួម​នេះ​ឡើង គឺ​ដើម្បី​ជួយ​ស្រោច​ស្រង់​ប្រទេស​សមាជិក​ណា​មួយ​នៅ​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ដែល​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ។ ជា​ការ​ជួយ​ស្រោច​ស្រង់ ក្រោម​ទ្រង់ទ្រាយ​ជា​ប្រាក់​កម្ចី មាន​ការប្រាក់ និង​មាន​លក្ខខណ្ឌ​ត្រឹមត្រូវ។

ធនាគារ​កណ្តាល​អឺរ៉ុប​ចេញ​មុខ​ការពារ​រូបិយវត្ថុ​អឺរ៉ុប

រហូត​មក​ទល់​ពេល​នេះ និង​តំាង​ពី​វិបត្តិ​ហិរញ្ញវត្ថុ​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​ក្រិក​មក ធនាគារ​បាន​បិទ​មាត់ មិន​និយាយ​អ្វី​ទំាង​អស់។ តែ​ប៉ុន្មាន​នាទី ក្រោយ​ពី​សហភាព​អឺរ៉ុប​បាន​អនុម័ត​ផែនការ​សង្គ្រោះ​ភ្លាម ធនាគារ​កណ្តាល​អឺរ៉ុប​បាន​ចេញ​មុខ​ប្រកាស​ថា ខ្លួន​នឹង​ចាត់​វិធានការ​មួយ​ចំនួន​ដើម្បី​ការពារ​រូបិយវត្ថុ​អឺរ៉ុប។

វិធានការ​ទំាង​នោះ​រួម​មាន ការទិញ​យក​បំណុល​សាធារណៈ និង​ឯកជន​របស់​ប្រទេស​ណា​មួយ នៅ​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ដែល​គ្មាន​លទ្ធភាព​សង​បំណុល​គេ។ ជាក់ស្តែង​ប្រទេស​ក្រិក តែ​គេ​នៅ​មិន​ទាន់​ដឹង​អំពី​ចំនួន​ទឹក​ប្រាក់​ដែល​ធនាគារ​កណ្តាល​អឺរ៉ុប​ត្រូវ​ទិញ​ពី​ប្រទេស​ក្រិក​នោះ​ទេ។ អ្វី​ដែល​គេ​ដឹង នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ធនាគារ​កណ្តាល​អឺរ៉ុប​បាន​ចេញ​មុខ​ជួយ​ប្រទេស​ក្រិក​ផង និង​ធានា​ឲ្យ​ទីផ្សារ​ភាគហ៊ុន​មាន​ស្ថិរភាព​ផង។

នៅ​ថ្ងៃ​នេះ និង​ក្រោយ​ពី​ស្គាល់​ភាពច្របូក​ច្របល់ នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​មក តម្លៃ​ភាគហ៊ុន​នៅ​អាស៊ី និង​នៅ​អឺរ៉ុប​បាន​ចាប់​ផ្តើម​ស្ទុះ​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ ជាក់ស្តែង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន តម្លៃ​ភាគហ៊ុន​បាន​កើន ១,៦ % នៅ​ពេល​បិទ​ទ្វារ។ ចំណែក​ឯ​ហាង​ឆេង​តម្លៃ​ប្រាក់​អឺរ៉ូ​វិញ ១​អឺរ៉ូ​ដូរ​បាន ១​ដុលា្លរ ៣០​សេន កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១០ ឧសភា​នៅ​ទីផ្សារ​ក្នុង​ទីក្រុង New York។

កាល​ពី​ថ្ងៃ​សុក្រ ទី៧ ឧសភា​កន្លង​មក ១​អឺរ៉ូ​ដូរ​បាន​តែ​១​ដុល្លារ ២៧​សេន​ប៉ុណ្ណោះ។ នៅ​ទ្វីប​អឺរ៉ុប គ្រាន់​តែ​ទីផ្សារ​ភាគហ៊ុន​បាន​បើក​ទ្វារ​ភ្លាម តម្លៃ​ភាគហ៊ុន​បាន​ស្ទុះ​ឡើង​យ៉ាង​គំហុក​តែ​ម្តង នៅ​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស​បាន​កើន​ឡើង ៥ % នៅ​ទីក្រុង​បារីស ប្រទេស​បារំាង និង​ទីក្រុង​ប្រ៊ុចសែល ប្រទេស Belgique តម្លៃ​ភាគ​ហ៊ុន​បាន​កើន​ជាង ៨ %។ ប្រសើរ​ជាង​គេ​គឺ​នៅ​ទីផ្សារ​ភាគហ៊ុន​ក្នុង​ទីក្រុង Lisbonne ប្រទេស Portugal ដែល​តម្លៃ​ភាគហ៊ុន​បាន​កើន​ឡើង​ជិត ១០%។ ឃើញ​ថា ទោះ​បី​ជា​គេ​នូវ​មិន​ទាន់​ដឹង​អំពី​ប្រសិទ្ធិភាព​នៃ​ផែនការ​សង្គ្រោះ​របស់​សហភាព​អឺរ៉ុប​ក៏​ដោយ ក៏​យ៉ាង​ហោច​ណាស់​បាន​រំងាប់​ភាពច្របូល​ច្របល់​នៅ​លើ​ទីផ្សារ​ភាគហ៊ុន​ក្នុង​ពិភពលោក​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ