អានតួអត្ថបទ
រុស្ស៊ី

កីឡា​អូឡាំពិក​ឆ្នាំ​២០១៤ នៅ​ប្រទេស​រុស្ស៊ី គំរាម​ដោយ​ពួកភេរវជន

ក្នុង​សម័យ​ប្រជុំ​នៃ​ថ្នាក់​ដឹកនាំ​ស្ថាប័ន​ចារកិច្ច សន្តិសុខ មហាផ្ទៃ មក​ពី​បណ្តា​រដ្ឋ​នានា​ដែល​ជា​ដៃគូ​របស់​រុស្ស៊ី ខាង​ប្រយុទ្ធ​ទល់​នឹង​ភេរវនិយម រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​រុស្ស៊ី ហៅកាត់​ថា FSB ដែល​ស្នង​តំណែង​ពី​អតីត KGB សូវៀត គឺ​លោក Alexandre Bortnikov បាន​ថ្លែង​ថា កីឡា​អូឡាំពិក នៅ​រុស្ស៊ី​អាច​ត្រូវ​គំរាម​ដោយ​ពួកភេរវជន។ សម័យ​ប្រជុំ​នេះ ចាប់ផ្តើម​ព្រឹកមិញ នៅឯ​ក្រុង Ekaterinbourg របស់​រុស្ស៊ី​ចម្ងាយ​ប្រមាណ ១.៤០០គ.ម.ខាង​កើត​រដ្ឋធានី​ម៉ូស្គូ និង​បន្ត រហូត​ដល់​ថ្ងៃ​ទី ៥​មិថុនា ខាន​ស្អែក។

រុស្ស៊ី​បារម្ភ​ពី​អំពើ​ភេរវកម្ម​ដែល​អាច​កើត​មាន​ក្នុង​ការប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ ២០១៤
រុស្ស៊ី​បារម្ភ​ពី​អំពើ​ភេរវកម្ម​ដែល​អាច​កើត​មាន​ក្នុង​ការប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ ២០១៤ ©រក្សាសិទ្ធិ
ផ្សាយពាណិជ្ជកម្ម

 

02:28

សេចក្តី​រាយការណ៍​របស់​កែវ ឆាយា​ពី ទីក្រុង​ម៉ូស្កូ

កែវ ឆាយា

ដើម្បី​ងាយយល់​អំពី​គ្រោះថ្នាក់​ដែល​បង្ហើប​ឲ្យ​ឃើញ តាមរយៈ​សេចក្តី​ថ្លែងការណ៍​ថ្ងៃនេះ​របស់​លោក​ប្រធាន​ស្ថាប័ន​សន្តិសុខ​រុស្ស៊ី គួរ​និយាយ​ជាបឋម អំពី​ស្ថានភាព​ភូមិសាស្ត្រ នៃ​ទី​កន្លែង​ដែល​កីឡា​អូឡាំពិក​រដូវត្រជាក់ ឆ្នាំ​២០១៤ ដែល​ត្រូវ​ប្រព្រឹត្តិ​ទៅ​នៅ បុរី​រមណីយដ្ឋាន Sochi របស់​រុស្ស៊ី។

 
Sochiស្ថិតនៅ​មាត់​សមុទ្ទខ្មៅ​ជាប់​នឹង​តំបន់​ភ្នំកូកាស​ខាងជើង ជាទី​ដែល​តាម​ការសារភាព​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​រុស្ស៊ី​ផ្ទាល់ នៅ​មាន​ពួក​ជន​ប្រដាប់​អាវុធ​ខុសច្បាប់ ខ្ទង់​៥០០​នាក់ នៅ​សកម្ម​នៅឡើយ ក្នុង​សាធារណរដ្ឋ​ចំណុះ​សហព័ន្ធ​រុស្ស៊ី​បែបយ៉ាង Daguestan Ingouchie និង​Tchetchenie។ ជន​ទាំងនោះ​តែង​ត្រូវ លោក​ប្រធានាធិបតី​រុស្ស៊ី Medvedev ហៅ​ដោយ​ចំៗ ថា ជា​ពួក​ភេរវជន ហើយ​គាត់​តែង​ច្រានចោល​ដាច់​អហង្កា កាលណា​ពួក​អ្នកកាសែត​បស្ចិមលោក​ហៅ ពួកនោះ​ថា ជា​ពួកបះបោរ ពួក​ឧទ្ទាម។

ក្នុង​អនុសាសន៍​ធ្វើ​ទៅ​មេសន្តិសុខ​ជាតិ​រុស្ស៊ី លោក Medvedev តែង​សង្កត់​ធ្ងន់​ថា ក្នុង​ប្រតិបត្តិការ​ស្វែងរក​ចាប់​ពួកនោះ បើសិន​ជា​វា​ហ៊ាន​តដៃ នោះ​គឺ ត្រូវ​កំទេច​ចោល​ដោយ​កុំ​ប្រណី​សោះ​ឡើយ។

ដោយ​រំលេច​អំពី​ជោគជ័យ​នៃ​ប្រតិបត្តិការ​នេះ លោក Bortnikov ប្រធាន​ស្ថាប័ន​សន្តិសុខ​រុស្ស៊ី បាន​ថ្លែង​ថ្ងៃនេះ​ថា គិត​ពី​ដើម​ឆ្នាំនេះ​មក ក្នុង​ប្រទេស​រុស្ស៊ី​មាន​បញ្ចៀស​កុំ​ឲ្យ​ប្រព្រឹត្ត​ទៅកើត គឺ ឧក្រិដ្ឋកម្ម​ភេរវនិយម​ចំនួន​ដល់​ទៅ ២៣​លើក ដោយ​ថែម​ទាំង ចាប់​បាន​ពួក​ចោរព្រៃ និង​គ្នីគ្នា សរុប​ទៅ​ជាង ២៥០​នាក់​ទៅ​ផង រួច​តួលេខ​នេះ ក៏​ជា​ផ្លែផ្កា​នៃ​ពត៌មាន​ទទួល​បាន​ទាន់​ពេល​វេលា​ពី​ដៃគូ​នានា​របស់​រុស្ស៊ី នៅ​បរទេស។ មិន​តែ​ប៉ុណ្ណោះ ស្ថាប័ន​សន្តិសុខ​រុស្ស៊ី ចេះ​ទប់ស្កាត់​មិន​ឲ្យ​ដឹក​មក​នូវ​ធាតុផ្ទុះTNT ដល់​ទៅ ១២​គីឡូក្រាម ដែល​ពួក​ភេរវជន​គ្រោង​បំផ្ទុះ​ក្នុង រដ្ឋធានី​ម៉ូស្គូ។

តាម​ប្រសាសន៍ លោកBortnikov ក្រោយ​ពី​មាន​ការគំរាម​ពី​ខាង​អង្គការ​ភេរវនិយម​អន្តរជាតិ Al -Qaeda ជា​លើកទី១ ក្នុង​ប្រវត្តិសាស្ត្រ គេ​បាន​បង្ខំ​ចិត្ត​លុប​ទៅវិញ ការប្រណាំង​រថយន្ត Rallye Dakar ឆ្នាំ ២០០៨។ ឥឡូវ ពួក​ភេរវជន​គ្រោង​លើក Scenario នេះ​មក​អនុវត្ត នៅ​នឹង កីឡា​អូឡាំពិក​រដូវត្រជាក់ ឆ្នាំ២០១៤ នៅ​ប្រទេស​រុស្ស៊ី​ផង​ដែរ។ ក្នុង​ផ្ទៃ​នេះ ដើម្បី​ប្រឈមមុខ​ទល់​នឹង​ភេរវនិយម​អន្តរជាតិ តាម​មតិ​រដ្ឋមន្ត្រី​សន្តិសុខ​រុស្ស៊ី គឺ ទាមទារ​ពី​សហគមន៍​ពិភពលោក​ឲ្យ​រួម​កម្លាំង​គ្នា​ជា​ធ្លុងមួយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ