អានតួអត្ថបទ
រុស្ស៊ី

ភេរវកម្ម​កើតមាន​ជាថ្មី​ទៀត​នៅ​រុស្ស៊ី

លើកនេះ គឺ​នៅឯ​ទីរួមខេត្ត Stavropol ស្ថិតនៅ​តំបន់ភ្នំ​កូកាស ចម្ងាយ​ប្រមាណ ១.២០០គ.ម. ខាងត្បូង​ពី​រដ្ឋធានី​ម៉ូស្គូ។ ការផ្ទុះនេះ​បាន​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់ តាមតួលេខ ចុងក្រោយ គឺដល់ ៧នាក់​ហើយ។ រីឯ​ចំនួន​អ្នក​របួស គឺ​ដល់​ជាង ៤០នាក់។ អាជ្ញាធរ​រុស្ស៊ី​ចោទ​ពួក​ដែល​ស្ថិតនៅ​ពីក្រោយ​ភេរវកម្ម​នេះ ថា​ប៉ុនប៉ង​បង្ក​អស្ថិរភាព​ នៅ​តំបន់​ខាងជើង​ភ្នំ​កូកាស។

ប៉ូលិស​កំពុង​ពិនិត្យ​កន្លែង​ផ្ទុះ​គ្រាប់បែក
ប៉ូលិស​កំពុង​ពិនិត្យ​កន្លែង​ផ្ទុះ​គ្រាប់បែក ©Reuters
ផ្សាយពាណិជ្ជកម្ម

02:34

សេចក្តីរាយការណ៍​របស់ កែវ ឆាយា ពីម៉ូស្គូ

នៅម៉ោង ៦និង៤៥នាទីល្ងាចមិញ ពេល​ដែល​មាន​ជនានុជន​ភាគច្រើន​ជា​ស្រីៗ នាំ​កូនចៅ​ទៅជាមួយផង កំពុង​ឈរ​តកន្ទុយ ដើម្បី​ចូល​ទៅក្នុង​វិមាន​វប្បធម៌​របស់​ក្រុង​នោះ ដើម្បី​មើល​ការ​សំដែង​សិល្បៈ​នៃ​ក្រុម​របាំ​ជាតិ Tchetchenie ដ៏ល្បី ឈ្មោះ “ Vainakh “ ដែល​ត្រូវ​ចាប់ផ្តើម​ នៅម៉ោង ៧ ល្ងាច​នោះឯង ស្រាប់តែ​មាន​លាន់​សូរ​ផ្ទុះ​គ្ឌាំង​នៅត្រង់​កន្លែង​មួយ លើ​ទីលាន​មុខ​វិមាន​តែម្តង។ ការផ្ទុះនោះ​បាន​ផ្តាច់​ជីវិត​ស្ត្រី​អស់ ៣នាក់ នៅនឹង​កន្លែង​ភ្លាម។ ដោយមាន​អន្តរាគមន៍ នៃ​រថយន្ត​គិលានសង្គ្រោះ ចំនួន​ដល់ ២២គ្រឿង រាល់តែអ្នក​ធ្លាក់ខ្លួន​របួស​ក្នុង​កំរិត​ប្លែកៗ បាន​ត្រូវ​ដឹក​ជា​បន្ទាន់​ទៅកាន់​មន្ទីរពេទ្យ។ មកទល់​ព្រឹកមិញ បាន​ធ្លាក់ខ្លួន​ដាច់ខ្យល់​ទៅ ក្នុង​មន្ទីរពេទ្យ គឺ​អស់៤នាក់​ទៀត ដែល​សុទ្ធតែ​ជា​ភេទស្រី បូកទាំង​កូន​ស្រី​របស់គេ​ទៅផង។ នៅស្នាក់​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នៅឡើយ គឺ​អ្នករបួស ៣៣នាក់ ពីក្នុង​នោះ ធ្ងន់​និង​ធ្ងន់​មែនទែន ដល់​១០នាក់។

លទ្ធផល​នៃ​ការស៊ើបអង្កេត​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​ធ្លាក់ខ្លួន​រងគ្រោះ មាន​ចំនួន​ច្រើន​យ៉ាងនេះ​គឺ​មកពី​គ្រាប់បែក​ដែល​ផ្ទុះ​នោះ​បាន​ត្រូវ​លាក់ក្នុង​ប្រអប់​សំរាប់​ដាក់​ទឹកផ្លែឈើ​សោះ ហើយ​ទុកចោល​នៅត្រង់​ក្បាំង​ដំបូល​ក្រណាត់ នៃ​តៀមកាហ្វេ​មួយ​ នៅលើ​ទីលាន​នៅ​ចម្ងាយ​តែ​១៥ម៉ែត្រ​ប៉ុណ្ណោះ ពី​អគារ​វិមាន​វប្បធម៌។ ពេលផ្ទុះ​នោះ ក្នុង​តៀមកាហ្វេ​ផ្ទាល់​មាន​អតិថិជន​អង្គុយ​ទទួលទាន​អាហារ​យ៉ាងច្រើន។ តាម​ការប្រមាណ​ឃើញ​នៃ​សមត្ថកិច្ច​រុស្ស៊ី គ្រាប់បែក​ផ្ទុះ​នោះ​មាន​កម្លាំងផ្ទុះ​ស្មើនឹង​ធាតុTNT ៤០០ក្រាម ហើយ​ដើម្បី​ផ្ចាញ់​ទៅលើ​មនុស្ស​ឲ្យ​រងគ្រោះ យ៉ាងច្រើន ពួក​ភេរវជន​បាន​លួច​បង្កប់​វា​ទៅដោយ​គ្រាប់ឃ្លី​ដែក​ច្រើន​ឥត​គណនា នីមួយៗ មាន​វិជ្ឈមាត្រ ៦-៧ មីលីម៉ែត្រ ដែល​ពេលផ្ទុះ គឺ​វា​ខ្ទាត​ទៅ​ស៊ីរះ ក្នុង​រង្វង់​ដល់ ៥០​ ម៉ែត្រ​ឯណោះ។

តាមការបកស្រាយ​នៃ​អភិបាល​ខេត្ត Stavropol ភេរវកម្ម​នោះ អាច​ប្រព្រឹត្ត៖

  • ឬមួយដោយ​ពួកជាតិនិយម​រុស្ស៊ី ដែល​សងសឹក​អ្នកស្រុក​ជាតិ​កូកាស ដែល​លើកនេះ តំណាង​ដោយ​ក្រុមរបាំ​ឆេឆេនី។ សងសឹកនេះ​គឺ​ដើម្បី​រំលឹក​ដល់​ខួប​៣ឆ្នាំ​នៃ​ការ​ប៉ះទង្គិចគ្នា​បង្ហូរឈាម ក្នុង​ក្រុង​នោះ កាលពីថ្ងៃ ២៤ ឧសភា ឆ្នាំ២០០៧ រវាង​ក្រុម​យុវជន​ពូជស្លាវ និង​ក្រុមយុវជន​ពូជ​កូកាស។
  • ឬមួយ​ដោយ​ក្រុម​ពួកឧទ្ទាម​តំបន់ភ្នំ​កូកាស ដែល​ចង​គំនុំ​នឹង​អាជ្ញាធរ​រុស្ស៊ី។

រដ្ឋអាជ្ញារុស្ស៊ី​បាន​ចងក្រង​ទៅហើយ សំណុំរឿង​ព្រហ្មទណ្ឌ​តាម​បទ​ភេរវកម្ម ដែល​អ្នក​ប្រព្រឹត្ត​នឹង​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ពី១៥ឆ្នាំ ដល់​មួយជីវិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ