អានតួអត្ថបទ
បារាំង

ប្រធានាធិបតី​បារាំង​ភ្ជាប់​រឿង​បទល្មើស​ទៅ​នឹង​បញ្ហា​អន្តោប្រវេសន៍

ប្រមុខ​រដ្ឋ​បារាំង​បានប្រកាស​ចំណាត់ការកណ្តាប់​ដៃ​ដែក​​ថ្នាក់ជាតិ​ប្រឆាំង ​នឹង​ក្រុម​ជនពាល ដោយ​សន្យា​ពង្រឹង​វិធានការក្តៅ​​បង្រ្កាប​អំពើ​បទល្មើស​ទាំង​ឡាយ​ក្នុង​ ប្រទេស​បារាំង។ ការថ្លែង​ដូច្នេះ​របស់​ប្រធានាធិបតី បារាំង​ធ្វើ​ឡើង​ឆ្លើយ​តប​ទៅ​នឹង​ការគម្រាម​សម្លាប់​ប៉ូលិស​ដែល​ធ្វើ​ឡើង​ ដោយ​ជនពាល​ក្នុង​ខេត្ត​Grenoble។ នៅ​ក្នុង​ឱកាស​តែងតាំង​ចៅហ្វាយ​ខេត្ត​Grenoble កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ ប្រធានាធិបតី​បារាំង​បាន​សំដែង​ការខកចិត្ត​ផង​ដែ​ចំពោះ​បរាជ័យ​នយោបាយ​ សមាហរណកម្ម​របស់​ជន​អន្តោប្រវេសន៍​ក្នុង​សង្គម​បារាំងក្នុង​រយៈពេល ៥០​ឆ្នាំ​ចុងក្រោយ​នេះ។

ប្រធានាធិបតី​បារាំង​ប្រកាស​សង្រ្គាម​ប្រឆាំង​នឹង​ក្រុម​ជនពាល​នៅ​Grenoble ​នៅ​ថ្ងៃ​សុក្រ ទី ៣០ កក្កដា
ប្រធានាធិបតី​បារាំង​ប្រកាស​សង្រ្គាម​ប្រឆាំង​នឹង​ក្រុម​ជនពាល​នៅ​Grenoble ​នៅ​ថ្ងៃ​សុក្រ ទី ៣០ កក្កដា ©Reuters
ផ្សាយពាណិជ្ជកម្ម

02:04

សេចក្តី​រាយការណ៍​របស់​ឈាង បុប្ផា

ឈាង បុប្ផា

ប្រធានាធិបតី​បារាំង លោក នីកូឡា សាកូហ្សី ​Nicolas Sarkozyមិន​ចង់​ទៅ​ខេត្ត Grenoble ដោយ​ឥត​ប្រយោជន៍​ទេ។ អម​ទៅដោយ​រដ្ឋមន្រ្តី​សំខាន់ៗ​ខាង​ផ្នែក​យុត្តិធម៌ និង​មហាផ្ទៃ ប្រមុខ​រដ្ឋ​បារាំង​បាន​ថ្លែង​ថា លោក​សុំ​ឲ្យ​គេ​ដក​សញ្ញាតិ​បារាំង​ពី​ជន​បរទេស​ណា​ដែល​ហ៊ាន​ប៉ះពាល់​ដល់ជីវិត​ប៉ូលិស កង​អាវុធ​ហត្ថ​ដែល​កំពុង​ធ្វើ​ការតាម​តួនាទី​របស់​ខ្លួន។ ជនពាល ពួកយូកូង​ជា​ពាក្យ​ដែល​ប្រធានាធិបតី​បារាំង​ប្រើ​នៅ​សំដៅ​ពួកក្រុម​ដែល​បាន​បង្ក​ហិង្សា​នៅ Grenoble។

 
សង្រ្គាម​ថ្នាក់ជាតិ​ប្រឆាំង​ពួកឧក្រិដ្ឋជន​បាន​ធ្វើឡើង បន្ទាប់​ពី​មាន​ក្រុមជនពាល​បាន​ប្រកាស​គំរាម​សម្លាប់​ប៉ូលិស នៅ​Grenoble។ Grenobleជា​ទី​ដែល​មាន​ព្រឹត្តិការណ៍​ហិង្សា​ដុត​ឡាន ក្នុង​ក្រុង​អស់​រយៈពេល​៣​ថ្ងៃ ក្រោយ​ពីមាន​ចោរប្លន់​កាស៊ីណូ​ម្នាក់​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់ កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា។

មួយ​វិញ​ទៀត ប្រធានាធិបតី បារាំង​បាន​បញ្ជាក់​ថា នៅ​បវេសនកាល​ខាង​មុខ​នេះ សភា​នឹង​ពិភាក្សា​លើ​អត្ថបទ​ស្តី​ពី​ទោស​ជាប់​ពន្ធនាគារ​ចំនួន ៣០​ឆ្នាំ ដោយ​មិនមាន​ការបន្ថយ​ទោស សម្រាប់​ជន​ណា​ដែ​ល​បាន​សម្លាប់​ប៉ូលិស។

ម្យ៉ាងទៀត ដោយ​ថ្លែង​ពី​ការដក​សញ្ជាតិ​នេះ ប្រធានាធិបតី​បារាំង​ហាក់​កំពុង​ចង់​ភ្ជាប់​សកម្មភាព​បទល្មើស​ទៅ​នឹង​បញ្ហា​ជន​អន្តោប្រវេសន៍​ក្នុង​ប្រទេស​បារាំង។ សម្រាប់​ប្រធានាធិបតី​បារាំង នយោបាយ​ធ្វើ​សមាហរណកម្ម​ជន​អន្តោប្រវេសន៍​ក្នុង​សង្គម​បារាំង​បាន​ទទួល​បរាជ័យ។ លោក​នីកូឡា សាកូហ្សី​បាន​ថ្លែង​ថា ក្មេងជំនាន់​ក្រោយ​ដែល​កើត ក្នុង​ប្រទេស​បារាំង ចេញ​ពី​ឪពុកម្តាយ​អន្តោប្រវេសន៍ មាន​អារម្មណ៍​តិច​ណាស់​ថា ពួកគេ​មិនមែន​ជា​ជនជាតិ​បារាំង។ហើយ​បើ​តាម​រូបលោក យុវជន​ដែល​ជា​កូន​របស់​ជនអន្តោប្រវេសន៍​ក្នុង​ប្រទេស​បារាំង មិន​ត្រូវ​ទទួល​បាន​កាត​សញ្ជាតិ​បារាំង នៅ​អាយុ​១៨​ឆ្នាំ​ទេ ប្រសិន​បើ​ពួកគេ​បាន​ប្រព្រឹត្តិ​បទល្មើស។

វា​ជា​លើក​ទី មួយ​ក្នុង​អាណត្តិ​របស់​ខ្លួន ដែល​លោក​នីកូឡា សាកូហ្សី Nicolas Sarkozyបាន​ថ្លែង​ចំៗ​ដោយ​ភ្ជាប់​បញ្ហា​អន្តោប្រវេសន៍ ទៅ​នឹង​អំពើ​បទ​ល្មើស ក្នុង​ប្រទេស​បារាំង។ ការថ្លែង​បែប​នេះ បាន​បង្ក​ឲ្យ​មាន​ការរិះគន់​ពី​គណបក្ស​ប្រឆាំង និង​ក្រុម​សិទ្ធិ​មនុស្ស​ដែល​យល់​ថា វិធានការនេះ​នឹង​បង្ក​ឲ្យ​មាន​ការរើសអើង​ទៅ​លើ​ជនអន្តោប្រវេសន៍​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​បារាំង។ សម្រាប់​គណបក្ស​ប្រឆាំង លោក​នីកូឡា សាកូហ្សី​កំពុង​កេង​ចំណេញ​ធ្វើ​យុទ្ធនាការ​ដើម្បី​គណបក្ស​ខ្លួន​សម្រាប់​ការបោះឆ្នោត​ឆ្នាំ ២០១២​ខាង​មុខ​នេះ។ គណបក្ស​ប្រឆាំង​និយាយ​បែប​ចំអក​ថា តើ​រដ្ឋាភិបាល​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុមជនពាល​យ៉ាងម៉េច បើ​រដ្ឋាភិបាល​នៅ​តែ​កាត់បន្ថយ​ចំនួន​ប៉ូលិស​ក្នុង​ទូទាំង​ប្រទេស​នោះ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ