អានតួអត្ថបទ
ស៊ុយអែដ

ក្នុង​១៥​ឆ្នាំ​ទៀត ប្រជាជន​២​ភាគ​បី​នៃ​ភព​ផែនដី​អាច​នឹង​ខ្វះ​ទឹកស្អាត​ប្រើប្រាស់

នៅ​ក្នុង​ពិភពលោក​បច្ចុប្បន្ន ការកើនឡើង​នៃ​ទឹកកខ្វក់​កំពុង​ដើរ​ទន្ទឹម​គ្នា​នឹង​ការខ្វះទឹកស្អាត។ បញ្ហា​នេះ​នឹង​ត្រូវ​គេ​លើក​យក​ទៅ​ពិភាក្សា​នៅ​ក្នុង​សន្និសីទ “សប្តាហ៍​ទឹក​ក្នុង​ភពផែនដី” ដែល​ត្រូវ​រៀបចំ​ចាប់ពី​ថ្ងៃ​អាទិត្យ​ទី ៥ ដល់​ថ្ងៃ​ទី ១១​កញ្ញា​នេះ នៅ​ទីក្រុង​ស្តុកខូម Stockholm​ប្រទេស​ស៊ុយអែដ។ អ្នកជំនាញ​ខាងទឹក​មក​ពី​ប្រទេស ១៣០ ចំនួន ២៥០០​នាក់ នឹង​ចូលរួម​នៅ​ក្នុង​សន្និសីទ​លើក​ទី ២០។

ប្រជាជន​រស់នៅ​តំបន់​ភាគខាងជើង​ចិន​បាន​ជួប​ប្រទះ​នឹង​ការខ្វះខាតទឹក​​ប្រើប្រាស់​
ប្រជាជន​រស់នៅ​តំបន់​ភាគខាងជើង​ចិន​បាន​ជួប​ប្រទះ​នឹង​ការខ្វះខាតទឹក​​ប្រើប្រាស់​ ©reuters
ផ្សាយពាណិជ្ជកម្ម

01:47

សេចក្តី​រាយការណ៍​របស់​ឈាង បុប្ផា

ឈាង បុប្ផា

ការឡើង​កំដៅ​នៃ​ភពផែនដី តម្រូវការទឹកខ្ពស់​សម្រាប់​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម កំពុង​តែ​ធ្វើ​ឲ្យ​ទឹកសម្រាប់​ប្រជាជន​ប្រើប្រាស់​កាន់តែ​ហោចទៅៗ ពីមួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ។ សម្រាប់​អ្នកជំនាញ និង​អ្នករៀបចំ​សន្និសីទ ស្ថានភាពនេះ ​កាន់តែ​គួរ​ឲ្យ​ព្រួយបារម្ភ ជា​ពិសេស នៅ​ពេល​ដែល​គេ​សង្កេត​ឃើញ​ថា ទឹកកខ្វក់​ដោយសារ​វិស័យ​ឧស្សាហកម្ម​កើនឡើង មិនឈប់ ក្នុង​ពិភពលោក​ទាំងមូល។

 
វិទ្យាស្ថាន​ទឹក​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន នៅ​ទីក្រុង​ស្តុកខូម បាន​វាយតម្លៃ​ថា ក្នុង​មួយ​ថ្ងៃ សំរាម​ជាង​២​លាន​តោន​ដែល​មនុស្ស​ប្រើប្រាស់ ត្រូវ​គេចាក់ចោល​ទៅ​ក្នុង​ទឹកស្ទឹង ទន្លេ បឹងបួរ និង​សមុទ្រ។ ស្ថានភាព​កាន់តែ​អាក្រក់​ទៅ​ទៀត នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។ ប្រទេស​ដែល​កំពុង​មាន​ឧស្សាហកម្ម​ឈាន​មុខ​ទាំងនេះ​បាន និង​កំពុង​បោះចោល​ ៧០​ភាគរយ​នៃ​សំរាម​ឧស្សាហកម្ម​របស់​ខ្លួន​ទៅ​ក្នុង​ទឹក ដោយ​មិន​បាន​ឆ្លង​ការច្រោះចម្រាញ់ ទៅ​តាម​ខ្នាត​អន្តរជាតិ។

ម្យ៉ាងទៀត អ្នកជំនាញ​រកឃើញ​ថា ការឡើង​កំដៅ​នៃ​ភពផែនដី​បច្ចុប្បន្ន​បាន​ធ្វើ​ឲ្យ​​អាកាសធាតុ​ប្រែប្រួល គឺ បណ្តាល​ឲ្យ​មាន​ទឹកជំនន់​នៅ​តំបន់​ខ្លះ ចំណែក​តំបន់​ខ្លះទៀត​ជួបប្រទះ​នឹង​គ្រោះរាំងស្ងួត​យ៉ាង​ខ្លាំង។

ទឹកកខ្វក់​កើនឡើង​បាន​ធ្វើ​ឲ្យ​ប្រជាជន​អាច​ទទួល​ទឹកស្អាត​ប្រើប្រាស់​តិចតួច និង​ជួប​ប្រទះ​បញ្ហា​សុខភាព។ អង្គការ​ចំណីអាហារ និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ បាន​ប្រមើល​មើល​ទុក​មុន​ថា ក្នុង​រយៈពេល​១៥​ឆ្នាំ​ទៀត ប្រជាជន​ជិត​២ពាន់ (១,៨) លាន​នាក់​នៅ​តំបន់​ខ្លះ នឹង​អាច​ខ្វះខាត​ទឹកប្រើប្រាស់​យ៉ាងធ្ងន់ធ្ងរ។ ចំណែក ២ភាគ៣​នៃ​ប្រជាជន​ក្នុង​ភពផែនដី​នឹង​អាចខ្វះទឹក​ប្រើប្រាស់​ជាទូទៅ។

អ្នកជំនាញ​មិន​ទាន់​បាន​លើកឡើង​ពី​ដំណោះស្រាយ​ណាមួយ​នៅឡើយ​ទេ ដូច្នេះ គេ​នៅ​រង់ចាំ​មើល​លទ្ធផល​ក្រោយ​ការពិភាក្សា​គ្នា ថា តើ​អ្នកជំនាញ​នឹង​ផ្តល់​អនុសាសន៍​យ៉ាងណាខ្លះ​ដើម្បី​កុំ​ឲ្យ​ពិភពលោក​ជួប​គ្រោះខ្វះ​ទឹក​ប្រើប្រាស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ