អានតួអត្ថបទ
បេឡូរុស្ស៊ី

លោក​ប្រធានាធិបតី Loukachenko ឈ្នះ​ឆ្នោត​ទៀត​ហើយ ឈ្នះ​ជា​លើក​ទី៤

ប៉ុន្តែពួក​បេក្ខជន​ខាងបក្សប្រឆាំង នាំគ្នា​ចាត់ទុក​ជ័យជំនះ​នេះ ​ថាជាការក្លែងបន្លំសន្លឹកឆ្នោត ហើយទាមទារ​ឲ្យធ្វើការ​បោះឆ្នោត​ថ្មី ដោយគ្មានរូប​លោក Loukachenko ចូល​ប្រឡូក​ទៀត​ឡើយ។​ បាតុកម្មល្ងាចមិញ បានត្រូវ​កម្លាំង​របស់អាជ្ញាធរ​បង្ក្រាប​គ្មានប្រណី​ហើយចាប់ឃុំឃាំង​នរណា​​ដែលហ៊ានតដៃ។ ចំណែក​បេក្ខជន​ខាង​បក្សប្រឆាំងប៉ុន្មាននាក់​ក៏បានត្រូវចាប់​ឃុំ​ឃាំង​​តាម​បទព្រហ្មទណ្ឌទៅផង ចោទថាជាមេនាំអាទិ៍បង្ខូច​​រង្គាលសណ្តាប់ធ្នាប់សង្គម។

នគរបាលពិសេស ប្រើធម្មក្តៅបង្ក្រាបពួកបាតុករ
នគរបាលពិសេស ប្រើធម្មក្តៅបង្ក្រាបពួកបាតុករ REUTERS/Vasily Fedosenko
ផ្សាយពាណិជ្ជកម្ម
02:58

សេចក្តី​​រាយការណ៍​របស់ កែវ ឆាយា ពី​ម៉ូស្គូ

កែវ ឆាយា

ម្សិលមិញនៅសាធារណរដ្ឋបេឡូរុស្ស៊ី​ ការបោះឆ្នោត​ប្រធានាធិបតី​បាន​ប្រព្រឹត្ត​ទៅ។ ​បានចូលប្រឡូក​ជាថ្មីទៀត គឺ​លោកប្រធានាធិបតីសព្វថ្ងៃ ឈ្មោះ Loukachenko ព្រមទាំង​បេក្ខជន៩នាក់ទៀត។ ជាលទ្ធផល​នៃ​ការ​រាប់សន្លឹកឆ្នោត​បាន​​១០០% ព្រឹកមិញគ.ជ.ប.បាន​ប្រកាសថា លោក Loukachenko ទទួលការគាំទ្រ​ដោយសំឡេង​ច្រើនលើសលប់ដល់ទៅ៧៩,៧% ហើយ​ត្រូវចាត់ទុកថា ឈ្នះឆ្នោត​តាំងពីជុំទី១ម៉្លេះ។ គួររំលឹកថា លោក Loukachenko កាន់តំណែងកំពូលនេះ តាំងពីឆ្នាំ ១៩៩៤មក ហើយ ការឈ្នះឆ្នោត​លើកនេះគឺមានន័យថា គាត់នឹង​បន្តកាន់អំណាច ៥ឆ្នាំទៀត អំណាចដែលត្រូវ​បស្ចិមលោកដាក់ឈ្មោះថា​ជាអំណាច ផ្តាច់ការ។

ការ​ដែលគួរឲ្យកត់សំគាល់​គឺថា សហភាពអឺរ៉ុបដោយឃើញ​នាពេលចុងក្រោយ ទំនាក់ទំនង​​របស់​បេឡូរុស្ស៊ីដែលល្បី​ជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី​ក្នុងលំហអតីតសហភាពសូវៀត បែរទៅ​ស្រុត​ចុះ​​អាក្រក់ទៅ គឺ​ចង់អន្ទង​ប្រទេសនេះ ឲ្យខិត​ចូលជិតខ្លួន តាមផ្លូវ​សន្យាថា​បើការបោះឆ្នោត​លើកនេះ​ប្រព្រឹត្តទៅ ដោយយុត្តិធម៌ត្រឹមត្រូវ​ នោះបេឡូរុស្ស៊ីនឹងទទួល​ជំនួយ​សេដ្ឋកិច្ច ក្នុង​ទឹកប្រាក់ ដល់​៣.០០០លាន​ដុល្លារអាមេរិក។ ចំពោះរឿងនេះ បេក្ខជន​ម្នាក់ខាងបក្សប្រឆាំង លោក Neklyaiev ដែលត្រូវ​នគរបាល​វ៉ៃបែកមុខ​យប់មិញ​ហើយ​ព្រឹកមិញ​ថែមទាំង​ត្រូវបាន​អូស​ចេញ​ពីមន្ទីរពេទ្យយកទៅឃុំឃាំងជាមួយបេក្ខជន៤នាក់ទៀត​បាន​បញ្ចេញ​យោបល់​ទិតៀន​ថា​តើ​គេអាចប្រែ​អ្នកកាន់​អំណាចផ្តាច់ការ ទៅជាអ្នកប្រជាធិបតេយ្យដែរឬ។

ពួកប្រឆាំង ដែលសុទ្ធតែ​ដាក់ទិសឲ្យបេឡូរុស្ស៊ីភ្ជាប់ខ្លួន ទៅនឹង​សហភាពអឺរ៉ុប ទន្ទឹម​នឹង​បាតុកម្ម​ប្រឆាំង​ដែលតាមតួលេខគេ​គឺមានគ្នា​ដល់​២ម៉ឹនាក់ ប៉ុន្តែតាមតួលេខនគរបាល គឺតែ​ម្តុំ ៤ឫ៥ពាន់នាក់ នាំគ្នា​ចោទ​អាជ្ញាធរ​ថាក្លែងបន្លំ​សន្លឹកឆ្នោត ពីព្រោះ​តាមការ​បូកគុណឃើញ​របស់​គេលោក Loukachenko ក្នុងជុំទី១ម្សិលមិញ ទទួល​បានសំឡេង​គាំទ្រតែ ៣៨% ប៉ុណ្ណោះ ចំណែក ខាងបក្ស​ប្រឆាំងវិញសរុបទៅ​គឺប្រមូល​បានសំឡេង​​គាំទ្រ ដល់៤២%ឯណោះ។ ក្នុង​បាតុកម្ម​តវ៉ាឲ្យធ្វើការបោះឆ្នោតថ្មី ដែលបានពន្យារទៅ ៣ម៉ោង គេថែមទាំង​បាន​ប្រកាស បង្កើតឡើង ជា “រដ្ឋាភិបាល​សង្គ្រោះជាតិ “​រួចបន្ទាប់មកគេបានលើកគ្នា​ទៅវាយសម្រុក​យក​អគារ​​រដ្ឋាភិបាលទៅផងដោយមុន​ដំបូង​នាំគ្នា​វាយបំផ្លាញ​ទ្វារ​និង​កញ្ចក់​អគារនោះ ឃើញដូច្នេះ ទ័ពមហាផ្ទៃ​និង​ នគរបាល​ពិសេស​ខាង​បង្ក្រាប​ការបះបោរ ក៏បាន​អន្តរាគមន៍​ប្រើ​ធម៌​ក្តៅ​យ៉ាង​ចាស់ដៃ​បង្ក្រាប​តែ២០នាទីសោះ​ឲ្យលឹបទៅ រួចចាប់ពួកបាតុករ​បោះចូលឡានទ្រុងមិនតិចជាង​១០០នាក់ឡើយ និងចាប់ទាំង​​ បេក្ខជនខាងបក្សប្រឆាំង​អស់៥នាក់ដែរ ដោយ​ចោទ​គេ​ថា​ជាមេ​នាំ​អាទិ៍​បង្ខូចរង្គាល សណ្តាប់ធ្នាប់សង្គម ទាល់តែ​អាចត្រូវ​កាត់ទោស​ឲ្យជាប់ពន្ធនាគារដល់ ១៥​ឆ្នាំឯណោះ។

មកទល់ឥឡូវ នៅមិនទាន់មានប្រតិកម្មពីខាងពួកអ្នកសង្កេតការណ៍បស្ចិមលោក​នៅឡើយ។ ប៉ុន្តែ ​លោក Lebedev ប្រធានក្រុមអ្នក​សង្កេតការណ៍ តំណាងឲ្យសហគមន៍​រដ្ឋឯករាជ្យ ហៅ​កាត់​ថា CEI បានថ្លែង​ព្រឹកមិញថា ការបោះឆ្នោតកន្លងទៅ នៅ​បេឡូរុស្ស៊ី​បានប្រព្រឹត្តទៅក្នុង​បរិយាកាស​​សេរីភាព​ហើយ​​មាន​លក្ខណៈប្រជាធិបតេយ្យ​ពេញទី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ